មន្ត្រីបាននិយាយកាលពីម្សិលមិញថា កងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ កំពុងស៊ើបអង្កេតលើក្រុមគ្រឿងញៀនមួយនៅពន្ធនាគារដែលដឹកនាំដោយជនបរទេសបីនាក់ ពោលគឺរយៈពេលបីថ្ងៃបន្ទាប់ពីខ្លួនចាប់បានបុរសក្នុងស្រុកម្នាក់ដែលមានថ្នាំញៀនមេតំហ្វេតាមីនជាង៣គីឡូក្រាម ដែលខ្លួនទទួលបញ្ជាឲ្យចែកចាយទូទាំងរាជធានី។
យោងតាមលោក ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌបានឲ្យដឹងថា ឌី ធូរា៉ អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួននៅជិតគល់ស្ពានជ្រោយចង្វារ ខណ្ឌឫស្សីកែវ។ លោកមានប្រសាសន៍ថា “យើងចាប់បានជនសង្ស័យហើយ បន្ទាប់មកនឹងបន្តស៊ើបអង្កេតលើគ្រឿងញៀនដែលដកហូតបានពីផ្ទះរបស់ជននេះ” ដោយបន្ថែមថា គ្រឿងញៀនទាំងនេះមានម៉ាទឹកកកទម្ងន់៣,១គីឡូក្រាម និងថ្នាំញៀនមេតំហ្វេតាមីនចំនួន១០៣.៦០០គ្រាប់។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ចាប់តំាងពីពេលនោះមកសមត្ថកិច្ចបានភ្ជាប់ ឌី ធូរ៉ា ទៅនឹងបុរសមួយក្រុមមានគ្នាប្រាំនាក់ក្នុងនោះរួមមាន “បុរសស្បែកខ្មៅ” ពីរនាក់ ជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរពីរនាក់ដែលគ្រប់គ្រងក្រុមចែកចាយគ្រឿងញៀនដ៏ធំនេះពីពន្ធនាគារ។ លោកបានបដិសេធមិនលើកឡើងពីកន្លែងឃុំខ្លួនបុរសទាំងនេះទេដោយភាពរសើបនៃការបន្តស៊ើបអង្កេត ប៉ុន្តែបានបកស្រាយថា បុរសទាំងប្រាំនាក់នេះកំពុងអនុវត្តទោសជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀន។
ទោះជាយ៉ាងណា ឧត្ដមសេនីយ៍ត្រី ហ៊ី ឌី មានប្រសាសន៍ថា ឌី ធូរ៉ា ត្រូវបានណែនាំឲ្យលក់ថ្នាំញៀនទាំងនេះទៅឲ្យអ្នកទិញក្នុងរាជធានីភ្នំពេញ។លោកថ្លែងថា “យើងបានដឹងថា ការបញ្ជានោះចេញពីអ្នកទោសទាំងប្រាំនាក់។ ពួកគេទាក់ទងគ្នាតាមទូរស័ព្ទពីពន្ធនាគារ”។
អ្នកនាំពាក្យរូបនេះលើកឡើងថា ការចាប់ខ្លួន ឌី ធូរា៉ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេលរាប់ខែលើក្រុមគ្រឿងញៀននៅពន្ធនាគារនេះ ហើយថា របាយការណ៍ពេញលេញនឹងត្រូវបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។លោកបន្ថែមថា ”យើងនឹងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ នេះជាករណីជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ”។
ខណៈការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនទ្រង់ទ្រាយធំបែបនេះជារឿងកម្រនៅកម្ពុជា កាលពីថ្ងៃច័ន្ទវាមានចំនួនតិចណាស់បើប្រៀបធៀបទៅនឹងថ្នាំញៀនណាកូទិកទម្ងន់៥៤គីឡូក្រាមពីស្ត្រីកម្ពុជា និងបុរសជនជាតិចិនពីរនាក់កាលពីខែមិថុនា។ ដោយមានតម្លៃប្រមាណ៣លានដុល្លារ រួមទាំងហេរ៉ូអុីនទម្ងន់ ៣៤៥ ក្រាមផង វាគឺជាការឆ្មក់បង្ក្រាបធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា៕ សុខុម