សកម្មជនប្រឆាំងទំបន់វារីអគ្គិសនីដ៏លេចធ្លោម្នាក់នៅក្នុងខេត្តកោះកុងដែលត្រូវបានចាប់ដាក់ពន្ធនាគារចាប់តាំងពីខែតុលាមក ត្រូវបានផ្តន្ទាទោសកាលពីម្សិលមិញពីបទកាប់ឈើដោយខុសច្បាប់ ហើយត្រូវបានព្យួរទោស ដោយអនុញ្ញាតឲ្យគាត់មានសេរីភាពវិញ ប៉ុន្តែ ការកាត់ឲ្យជាប់ទោសពីបទព្រហ្មទណ្ឌនេះនៅតែតាមលងគាត់ដដែល។
សេចក្តីសម្រេចនេះបង្ហាញឲ្យឃើញពីការផ្តន្ទាទោសលើកដំបូងចំពោះសកម្មជនមានទំនាក់ទំនងជាមួយអង្គការមាតាធម្មជាតិ ដែលបានបង្កបញ្ហាដល់រដ្ឋាភិបាលអស់រយៈពេលពីរឆ្នាំកន្លងមកនេះដោយសារការតវ៉ាដ៏គួរឲ្យកត់សម្គាល់និងចាប់អារម្មណ៍ប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ជ្រលងអារ៉ែងក្នុងខេត្តកោះកុង។

សកម្មជនត្រូវបានចោទប្រកាន់រូបនេះ ដែលមានឈ្មោះ វ៉ែន វ៉ន គឺជាប្រធានសហគមន៍ជនជាតិដើមភាគតិចជងក្នុងមូលដ្ឋាន ដែលបានធ្វើការជាមួយអង្គការមាតាធម្មជាតិដើម្បីតវ៉ាប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីនេះ។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់ និងបំផ្លាញភ័ស្តុតាងបន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីខែមេសា ពីបទកាប់ឈើនៅក្នុងតំបន់ការពារដើម្បីសាងសង់មណ្ឌលសហគមន៍ក្នុងតំបន់ជ្រលងអារ៉ែងនេះ។
អំឡុងពេលបើកសវនាការរបស់ខ្លួន លោក វ៉ែន វ៉ន បានជំទាស់ថា គាត់មិនបានកាប់ឈើទេ ប៉ុន្តែ បានទិញវាពីអ្នកលក់ឈើក្នុងមូលលដ្ឋានម្នាក់។ ប៉ុន្តែ គាត់បានលើកឡើងថា បើទោះបីជាគាត់បានកាប់ក៏ដោយ វាគ្មានអ្វីខុសច្បាប់ទេ ព្រោះសមាជិកក្រុមជនជាតិដើមភាគតិចត្រូវបានអនុញ្ញាតឲ្យកាប់ឈើសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
អំឡុងពេលផ្តន្ទាទោសកាលពីម្សិលមិញនៅឯសាលាដំបូងខេត្តកោះកុងចៅក្រមអាំង ចន្តា បានលើកលែងការចោទប្រកាន់ពីបទបំផ្លាញភ័ស្តុតាង ប៉ុន្តែ បានចោទប្រកាន់លោក វ៉ែន វ៉ន ពីបទប្រមូលអនុផលព្រៃឈើ ខុសច្បាប់ នេះបើយោងតាមលោក អ៊ូ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ។
លោកបានមានប្រសាសន៍ថា “តុលាការបានផ្តន្ទាទោសលោក វ៉ែន វ៉ន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ប៉ុន្តែ ទោសនេះត្រូវបានព្បួរទាំងស្រុង។ លោក វ៉ែន វ៉ន និងត្រូវដោះលែងពីពន្ធនាគារនៅរសៀលនេះ”។
លោក វ៉ែន វ៉ន ត្រូវបានដោះលែងពីពន្ធនាគារខេត្តនៅម៉ោងប្រហែល៤រសៀល ហើយបានជួបប្រពន្ធ និងកូនស្រីបីនាក់របស់គាត់។ គាត់បានលើកឡើងថា គាត់សប្បាយរីករាយណាស់ដែលបានជួបជុំគ្រួសារឡើងវិញ ប៉ុន្តែ នៅតែមានអារម្មណ៍ថា ការផ្តន្ទាទោសរូបលោកគឺអយុត្តិធម៌។
លោកបាននិយាយថា “ពួកគេបានចោទប្រកាន់ខ្ញុំពីបទប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប៉ុន្តែយោងតាមច្បាប់ យើងដែលជាអ្នកភូមិជនជាតិដើមភាគតិចជង មានសិទ្ធិប្រមូលអនុផលព្រៃឈើដើម្បីសាងសង់ផ្ទះសម្រាប់គ្រួសាររបស់យើង”។ សកម្មជនរូបនេះបានលើកឡើងទៀតថា គាត់កំពុងពិភាក្សាជាមួយមេធាវីអំពីលទ្ធភាពប្តឹងឧទ្ធរណ៍។
ទោះបីជាលោក វ៉ែន វ៉ន គឺជាសកម្មជនដំបូងគេមកពីអង្គការមាតាធម្មជាតិ ដែលត្រូវបានផ្តន្ទាទោសពីបទល្មើសក៏ដោយ តែមានសមាជិកមួយចំនួនផ្សេងទៀតក្នុងចំណោម សមាជិកនៃអង្គការនេះជាប់សំណុំរឿងតុលាការដែលមិនទាន់ជំនុំជម្រះ ក្នុងនោះរួមមានសហស្ថាបនិកដ៏លេចធ្លោ គឺលោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ដែលត្រូវបាននិរទេសកាលពីខែកុម្ភៈឆ្នាំមុនជាដើម បន្ទាប់ពីគាត់បានជួយដាក់របាំងបិទផ្លូវ។ សកម្មជន៦នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទល្មើសផ្សេងៗ ហើយ៣នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ។
លោក ហ្គនហ្សាឡេស ដេវីដសុន ដែលជាជនជាតិអេស្ប៉ាញ ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសភូមាបានលើកឡើងកាលពីម្សិលមិញថា ការចោទប្រកាន់លោក វ៉ែន វ៉ន ធ្វើឡើងដើម្បីរកលេសដាក់ទោសទណ្ឌគាត់ដោយសារការតវ៉ាប្រឆាំងគម្រោង ទំនប់វារីអគ្គនិសនី។ សហស្ថាបនិករូបនេះបានចោទប្រកាន់រដ្ឋាភិបាលថា បានរៀបចំផែនការយារយីតាមរយៈតុលាការ ដើម្បីជាការសងសឹកចំពោះសកម្មភាពតវ៉ាដ៏ជោគជ័យរបស់អង្គការមាតាធម្មជាតិ។
លោកបានលើកឡើងថា “ការចោទប្រកាន់លើរូបគាត់គឺ់ផ្តើមចេញពីការប្រឌិតទាំងស្រុង ហើយការបញ្ជូនគាត់ទៅពន្ធនាគារគ្មានហេតុផលពិតទាល់តែសោះ។ អ្នកមានអំណាចប្រចាំខេត្តមានបំណងសងសឹក លោក វ៉ែន វ៉ន ជាយូរមកហើយ ដោយសារសកម្មភាពតវ៉ាដ៏ជោគជ័យរបស់គាត់ប្រឆាំងទំនប់វារីអគ្គិសនីអារ៉ែង និងដោយសារឃើញថា គាត់គឺជាមនុស្សម្នាក់ដែលអាចគំរាមកំហែងដល់អ្នកមានអំណាចនៅក្នុងខេត្ត”។
លោកបានបន្ថែមថា សកម្មជនរូបនេះត្រូវបានឃុំឃាំងនៅក្នុង “បន្ទប់ដែលមានអ្នកទោសយ៉ាងច្រើនណែនតាន់តាប់” ក្នុងពន្ធនាគារខេត្តកោះកុងជា “ការឃុំឃាំងខុសច្បាប់នៅក្នុងស្ថានភាពអមនុស្សធម៌”។
ទោះបីជា លោក បានលើកឡើងថា លោក វ៉ែន វ៉ន នឹងប្តឹងទាស់ការផ្តន្ទាទោសមកលើរូបលោកក៏ដោយ ក៏លោកបានគូសបញ្ជាក់ផងដែរថា សំណុំរឿងផ្លូវច្បាប់ជាច្រើនទៀតប្រឆាំងសកម្មជនមាតាធម្មជាតិទំនងជាការខិតខំធ្វើឡើងដើម្បីឲ្យពួកគេជាប់រវល់នៅក្នុងតុលាការអត់មានពេលធ្វើការតវ៉ា។
លោកបានលើកឡើងថា “ចំពោះខ្ញុំវាបង្ហាញច្បាស់ក្រឡែតថា ការបង្ក្រាបលើក្រុមរបស់យើងនេះគឺជាការប៉ុនប៉ងធ្វើឡើងសម្រាប់ប្រយោជន៍ (ទាំងរដ្ឋនិងមិនមែនរដ្ឋ) តាមរយៈការបំបាក់ស្មារតីរបស់យើង ហើយព្យាយាមលុបបំបាត់សកម្មភាពតវ៉ាថ្នាក់មូលដ្ឋានដ៏មានប្រសិទ្ធភាពដែលយើងបាននិងកំពុងធ្វើអស់រយៈពេល២ឆ្នាំមកហើយ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធយ៉ាងដាច់អហង្ការថា គ្មានការរៀបផែនការបំភិតបំភ័យបែបនេះទេ ដោយចោទប្រកាន់អង្គការមាតាធម្មជាតិថា បាន ”បង្កការរំខាន”។ លោកបានលើកឡើងថា ប្រសិនបើអង្គការនេះមានបណ្តឹងត្រឹមត្រូវតាមផ្លូវច្បាប់គឺអាចប្តឹងរដ្ឋាភិបាលបានគ្រប់ពេលក្រោមបទប្បញ្ញត្តិនៅក្នុងច្បាប់ដែលត្រូវបានអនុម័តនាពេលថ្មីៗស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលចែងថា រដ្ឋាភិបាលត្រូវតែជួយសម្រួល ឬជួយអង្គការមិនមែនរដ្ឋាភិបាលធ្វើការងាររបស់ខ្លួន តែអង្គការ មិនមែនរដ្ឋាភិបាលក៏ត្រូវគោរពតាមច្បាប់នេះដែរ។ ប្រសិនបើនរណាម្នាក់មកពីភាគីខាងរដ្ឋាភិបាលធ្វើអ្វីមិនគប្បីចំពោះអង្គការមិនមែនរដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាលអាចដាក់ពាក្យបណ្តឹងតុលាការ ហើយប្តឹងនរណាម្នាក់បាន។ សូមអានច្បាប់នោះ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Julia Wallace)