33 C
Phnom Penh

​ឈើ​រាប់គំនរឆេះត្រឹម​តែ​​​ប៉ុន្មានម៉ោង​បន្ទាប់ពី​ការ​ចុះ​ធ្វើអធិការកិច្ច​របស់​អាជ្ញាធរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈើ​មាន​តម្លៃ​​មួយ​គំនរបាន​ឆេះ​ក្លាយ​ជា​ផេះ​នៅ​លើ​ចម្ការ​កៅស៊ូ​ដែល​កាន់​កាប់​ដោយ​​​​​ជន​ជាតិ​សិង្ហបុរី​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​កាលពី​ថ្ងៃ​ពុធ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ ពី​សមា​ជិក​ក្រុម​ការ​ងារ​ពិសេស​របស់​រដ្ឋាភិ​​​បាល​​​​ប្រឆាំង​ការ​កាប់​ឈើ​បាន​បញ្ចប់​​ការ​ធ្វើ​​បញ្ជី​សារពើ​ភណ្ឌ​ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រក​​មូលហេតុ​នៃ​ការ​េឆះ​នេះ​។

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការ​េឆះ​​នេះបាន​​កើតឡើង​នៅ​តំបន់​ព្រៃ​មួយ​​កន្លែង​នៅ​លើ​ដី​សម្បទាន​ទំហំ​៨.០០០​ហិកតា​របស់​ក្រុម​ហ៊ុន Unigreen Resources ​នៅ​ម៉ោង​ប្រហែល​៧យប់ ហើយ​បាន​ឆេះ​​​អស់​ឈើ​មួយ​ចំនួន​​​ជា​ប្រភេទ​ឈើ​លេខ​១​ប៉ុន្តែ​​​មិន​បានរាល​ដាល​ដល់​​ដើម​​ឈើ​នៅ​ជុំវិញ​នោះ​ទេ។

យ៉ាងហោចណាស់​ វាជា​​ការ​ឆេះ​លើក​​​ទី៤​ហើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​​​​នេះ​ដើម្បី​បំបាត់​ភ័ស្តុតាង​​ប្រឆាំង​ក្រុមហ៊ុន​​​កាន់​​​កាប់ដី​​ដែល​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​​​អង្កេត​​​​​​ របស់​ក្រុម​ការ​ងារ​ពិសេស​ ដែល​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពាក់​កណ្ដាល​ខែ​មករា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ភាគ​បូពា៌​ប្រទេស​។

តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​ Unigreen ស្ថិត​ក្នុង​ស្រុក​កោះញែក​កាលពី​​ព្រឹក​ម្សិលមិញ លោក តូច យ៉ុន ​ស្នងការ​​​​ នគរ​បាល​ខេត្ត​បាន​អះអាង​ថា លោក​និង​​សមាជិក​ក្រុម​ការ​ងារ​ដទៃ​ទៀត​កំពុង​ស៊ើប​​​អង្កេត​រក​មូលហេតុ​នៃ​ការឆេះ​នេះ ប៉ុន្តែ​លោក​មិន​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ។

ថ្លែង​នៅ​ពេល​រសៀល​ លោក កាន​ ពេញ ​​​អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​​ឈើ​ដែល​នៅ​សេស​​​សល់​ ប៉ុន្តែ​ថា អាជ្ញាធរ​មិន​អាច​ចូល​ទៅ​ជិត​​បាន​ទេ ពីព្រោះ​ដី​ក្ដៅ​ពេក​មិន​អាច​ដើរ​កាត់​បាន​ឡើយ​។ លោក​បាន​ថ្លែង​ថា ភ្លើង​បាន​ឆេះបំផ្លាញ​ឈើ​​នេះ ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​ឈើ​ដែល​នៅជុំវិញ​នោះ​ឡើយ​។

លោក កាន ពេញ បាន​បដិសេធ​មិន​​​​ធ្វើ​ការ​ប៉ាន់​ប្រមាណ​អំពី​ចំនួន​ឈើ​ដែល​ត្រូវ​បាន​បំផ្លាញ​ឡើយ ប៉ុន្តែ​បាន​លើក​ឡើង​ថា ឈើ​មួយដុំៗ​មាន​ប្រវែង​​ពី​៣ទៅ៥ម៉ែត្រ និង​មាន​មុខ​កាត់​​ពី​៣០​ទៅ​៦០​​សង់ទីម៉ែត្រ ហើយ​ថា ឈើ​ទាំង​នេះ​ត្រូវ​បាន​កាប់​ពី​​ឈើ​ប្រណីត​បី​ប្រភេទ​ គឺ​សុក្រំ ស្រឡៅ និង​គគីរ។

​លោក​បាន​ថ្លែង​ថា ក្រុម​ការ​ងារ​ពិសេស​កំពុង​ធ្វើ​ការ​វាស់វែង​​ និង​រាប់​ឈើ​ទាំង​នេះ​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​កន្លង​មក ជា​ផ្នែក​មួយ​នៃ​ការ​អង្កេត​ជា​ប្រចាំទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន Unigreen ហើយ​បាន​បញ្ចប់​ការ​ងារ​របស់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​​​ប៉ុណ្ណោះ​ មុន​ពេល​ឈើ​បាន​ឆេះ​។

លោក កាន ពេញ បាន​មាន​ប្រសាសន៍​ថា អ្នកជំនាញ​កំពុង​ធ្វើ​​ការ​វាស់​វែង​ឈើ​​ទាំង​នេះ​ជា​ច្រើន​សប្ដាហ៍ ហើយ​បាន​រក​​ឃើញ​ថា ឈើ​ភាគច្រើន​​មិន​ស្ថិត​ក្នុង​បញ្ជីសារពើភណ្ឌ​​របស់​ក្រុម​ហ៊ុន​នេះ​ទេ” ដោយ​លើក​ឡើង​ថា វា​​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​។

​ប៉ុន្តែ​បើ​ទោះ​ជាមាន​ការ​សង្ស័យ​​​ថា ហេតុ​​​ការណ៍​​​កើត​​​ឡើង​​​គាប់​​​ជួនគ្នា​​​​​​ ហើយ​​​ការឆេះ​​នេះ​មិន​រាល​ដាលខ្លាំងក៏ដោយ ក៏​លោក​ កាន ពេញ បាន​ថ្លែង​ថា លោក​​​ជឿ​ថា គ្មាន​​​នរណា​​​មាន​​​​ចេតនា​​​ធ្វើ​​​ដូច្នេះ​​​ឡើយ​​​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​អាច​ជា​ការ​ឆេះ​ព្រៃ​​ដោយ​ចៃដន្យ​​​ ពីព្រោះ​​តែង​តែ​​​មាន​ភ្លើង​​ឆេះ​អំឡុង​រដូវ​ប្រាំង​”។

លោក អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជអាវុធ​​​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​លោក សៅ សុខា ជា​ប្រធាន​ក្រុម​ការ​ងារនេះ​​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​ឡើយ។

លោក​បាន​ថ្លែងថា “​យើង​មិន​ទាន់​ប្រាកដ​​ពី​មូលហេតុ​នៃ​​ការ​ឆេះ​នេះ​ទេ ពីព្រោះ​យើង​​​​កំពុង​ធ្វើ​ការ​ស៊ើបអង្កេតនៅឡើយ​​ ពីព្រោះ​​ខ្ញុំ​ទទួល​បាន​​របាយការណ៍​ថា ភ្លើង​បាន​​ឆេះ​រាល​ដាល​​​ពី​ព្រៃក្បែរ​នោះ” ហើយ​​លោក​បាន​បដិសេធ​មិន​និយាយ​ថា​តើ​​ឈើ​ប៉ុន្មាន​ត្រូវ​បាន​បំផ្លាញ​នោះ​ឡើយ។

​គេ​​​បាន​​​​ចាប់​អារម្មណ៍ខ្លាំង​លើ​​​ក្រុម​ហ៊ុន Unigreen ដែល​ទទួល​បាន​ដី​​​សម្បទាន​ដើម្បី​ដាំកៅស៊ូ​ក្នុង​ឆ្នាំ​២០០៩ កាលពី​​ដើម​ខែ​មករា​​​ពេល​នគរ​បាល​ជាតិ​បាន​ចេញ​សេចក្ដី​​ថ្លែង​​​ការ​ណ៍​មួយ ​​ចោទ​ក្រុម​ហ៊ុន​នេះ​ក្នុង​ចំណោម​​​ក្រុម​ហ៊ុន​​ផ្សេងៗ​ទៀត​ថា​ បាន​លាង​ឈើ​ដោយ​ខុស​ច្បាប់​។

មួយ​ខែ​ក្រោយ​មក ក្រុម​ហ៊ុន ទ្រី ភាព គ្រុប​ របស់​លោក​ ទ្រី ភាព​​ ដែល​​​ជា​​​ឈ្មួញ​​​ឈើ​​​​​មាន​​​អំណាច​ និង​មាន​រឿង​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​​​បដិសេធ​​ការ​ចោទ​ប្រកាន់​​​គ្មាន​ការ​បញ្ជាក់​ដែល​ថា ខ្លួន​មាន​ទំនាក់​ទំនង​ជាមួយ​​ក្រុមហ៊ុន​ Unigreen។ ពីរ សប្ដាហ៍​ក្រោយ​មក ក្រុម​ហ៊ុន Unigreen បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​នាយ​ឧត្ដម​​​សេនីយ៍ សៅ សុខា បដិសេធ​ថា ​ក្រុម​ហ៊ុន​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ឡើយ។

​ការ​ឆេះ​​កាលពី​ថ្ងៃ​អង្គារ យ៉ាង​ហោច​​​ណាស់​គឺ​ជា​លើក​ទី៤​ហើយ​​​​ក្នុង​ការ​បំផ្លាញ​ស្តុក​ឈើ​នៅ​លើ​ដី​សម្បទាន​ឯកជន​ចាប់​តាំង​ពី​ក្រុម​ការ​ងារ​ពិសេស​ត្រូវ​បាន​បង្កើត​ឡើង​​​មក​ ប៉ុន្តែ​ក្រុម​ហ៊ុន​មួយ​ចំនួន​បានរួច​​​ផុត​​​ពីការ​ស្តីបន្ទោស​ ដោយ​អាជ្ញាធរ​​សម្រេច​ថា ការ​​​​​​ឆេះ​នេះ​​​ជា​រឿង​កើត​ឡើង​ដោយ​ចៃ​​​ដន្យ ឬ​ដោយ ​អ្នក​​បង្ក​អគ្គិភ័យ​​។

លោក អំ សំអាត​ អ្នកគ្រប់គ្រង​បច្ចេក​​​ទេស​ នៅ​អង្គការ​​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​បាន​តាម​ឃ្លាំមើល​សកម្មភាព​របស់​ក្រុម​ការ​ងារ​​​ពិសេស ​នេះ​​យ៉ាង​​ដិតដល់នោះ​ ​បាន​មាន​ប្រសាសន៍​ថា ការ​​ឆេះ​ជាច្រើន​កាលពីពេលថ្មីៗ​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

លោក​បាន​ថ្លែង​ថា “​វា​ជារឿង​ចម្លែក ពី​​​ព្រោះ ​មុន​ពេល​​ក្រុម​ការ​ងារ​ពិសេស​​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​ត្រូវ​បាន​បង្កើត​ឡើង យើងមិន​ដែល​​ឃើញ​​​ឈើ​រាប់គំនរ​ឆេះ​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ឃើញ​ការ​ឆេះ​​ឈើ​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​មួយ​ចំនួន។យើង​សង្ស័យ ​ថា ក្រុម​ហ៊ុន​មួយ​ចំនួន​ដុតវា​​​ដើម្បី​បំផ្លាញ​ភ័ស្តុតាង​តែ​ម្ដង​។

គេមិន​អាច​ទាក់​ទង​​ក្រុមហ៊ុន​ Unigreen ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស