រយៈពេល៥ឆ្នាំបន្ទាប់ពីបើកទ្វារ សួនកម្សាន្តបានបិទទ្វារ
វាជារាត្រីខែកុម្ភៈនៅក្នុងក្រុងភ្នំពេញ ហើយឌ្រីមឡែន គឺស្ទើរតែបិទទ្វារទាំងស្រុង ហើយសឹងតែនៅទទេស្អាត។
ត្លុកធ្វើអំពីដែកកម្ពស់១៥ម៉ែត្រ ឈរយាមខ្លោងទ្វារចូល។ កុមារពីរនាក់រំខានភាពស្ងប់ស្ងាត់នៅឯសួនលេងបាញ់ទឹក។ នៅតាមផ្លូវមានធុងបាសចាក់ភ្លេងបទ “តោះ ចាប់ផ្តើមជប់លៀង” ឲ្យទស្សនិកជនដែលមកលេងនាងព្រិលស មនុស្សប្រចៀវ និងរូបចម្លាក់ដាយណូស័រ។
យោងតាមអគ្គនាយកលោក ហីង សុផាន់ ដែលបដិសេធមិននិយាយអ្វីច្រើនទាក់ទងនឹងសួនកម្សាន្តនេះឲ្យដឹងថា ការជួលដីរយៈពេលប្រាំឆ្នាំរបស់ឌ្រីមឡែននៃអចលនទ្រព្យនៅទល់មុខកាស៊ីណូណាហ្គាវើល បានផុតកំណត់នៅចុងខែកុម្ភៈ។ អ្នកអភិវឌ្ឍបានស្នើសាងសង់អគារភ្លោះមានកម្ពស់១៣៣ជាន់ដែលគិតជាទឹកប្រាក់១ពាន់លានដុល្លារនៅលើទីតាំងនោះ។
ប៉ុន្តែ ទោះបីជាកំណត់ត្រាសុវត្ថិភាពល្អដោយអន្លើ និងចំណុចក្រោមស្តង់ដាពីទស្សនាវដ្ដីទេសចរណ៍ក៏ដោយ ក៏ទស្សនាវដ្តី ទ្រីបអេតវាយសឺ សរសេរដាក់ចំណងជើងថា “ហ្សំប៊ីឡែន” និង “កុំទៅលេង” ចំណែកឯពលរដ្ឋក្នុងស្រុកខ្លះនឹងលែងឃើញទីនេះទៀតហើយ។
លោក ឡាយ ផាណាក់ ជានិស្សិតវិស្វកម្មស៊ីវិល អាយុ១៩ឆ្នាំ បណ្តែតអារម្មណ៍ដោយបរិភោគការ៉េម។
អង្គុយនៅលើបង់ទល់មុខទោងកង់ធំនៅឯសួនកម្សាន្ត លោក ផាណាក់ បាននិយាយថា “ខ្ញុំសោកស្តាយណាស់ នៅពេលខ្ញុំឮព័ត៌មាននេះ។កន្លែងនេះជាកន្លែងកាលខ្ញុំនៅតូច”។
លោក ផាណាក់ ចាំបានថា មានការប្រគំតន្ត្រីនៅលើឆាក ឡានបុកគ្នា និងការពេញចិត្តរបស់គាត់គឺចោរសមុទ្រ ជាការជិះដែលគាត់ពេញចិត្ត គឺដោយសារតែមានឈ្មោះមិនល្អទាក់ទងនឹងសុវត្ថិភាព។
និស្សិតរូបនេះបាននិយាយថា “ខ្ញុំមិនខ្លាចទេ ពីព្រោះខ្ញុំជាអ្នកផ្សងព្រេង”។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ នៅក្នុងឆ្នាំ២០១៣ មានស្ត្រីអាយុ៣៣ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចេញពីកន្ត្រក។ គណៈគ្រប់គ្រងសួនកម្សាន្តបាននិយាយថា ស្ត្រីនោះភ័យស្លន់ស្លោនៅពេលកន្ត្រកឈប់វិល ដោយដោះខ្សែសុវត្ថិភាពចេញ ហើយក៏ធ្លាក់ពីកម្ពស់៥ម៉ែត្រស្លាប់ទៅ។
លោក ម៉ានី ម៉េន ជាខ្មែរបារាំងបានឈរតម្រង់ជួរនៅខាងក្រៅឡានបុកគ្នា ដោយដាក់កូនតូចរបស់គាត់នៅពីមុខ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងពេលមកលេងទីនេះ។
លោក ម៉ានី ម៉េន បាននិយាយថា “ទីនេះអស្ចារ្យម៉ែន”។ទោះបីជាក្រុមគ្រួសាររបស់គាត់បានទៅលេងឌីស្នីវើលនៅប្រទេសបារាំងក៏ដោយ ក៏គាត់និយាយថា ឌ្រីមឡែន ជាប្រភេទនៃការកម្សាន្តខុសគ្នា។ បុរសខ្មែរបារាំងបាននិយាយថា “វាហាក់ដូចជាការជប់លៀងនៅក្នុងភូមិមួយអ៊ីចឹង”។
ទោះជាយ៉ាងនេះក្តី នៅត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងសួនកម្សាន្តបិទទ្វារ ពិធីជប់លៀងក៏បានចប់ដែរ។ កម្មករកំពុងដករុក្ខជាតិចេញពីផើង ហើយកាត់ផ្តាច់ដែករន្ទា។ ឧបករណ៍ភាគច្រើនរួមមាន ផ្ទះខ្មោច ដែលមានមនុស្សតឿត្រូវគេជួលឲ្យដេញបន្លាចក្មេងៗក៏បានបិទទ្វារដែរ។
ប្រសិនបើក្រុមហ៊ុន ថៃប៊ុនរ៉ុង គ្រុប បានគម្រោងសង់អគារខ្ពស់លលៃនេះ ឧបករណ៍ជិះរបស់ឌ្រីមឡែន នៅថ្ងៃណាមួយនឹងជំនួសដោយអគារខ្ពស់ត្រដែតដែលនឹងស្ថិតក្នុងបណ្តាអគារខ្ពស់ៗបំផុតក្នុងពិភពលោក។ គម្រោងដែលឥឡូវនេះត្រូវពិនិត្យជាចុងក្រោយដោយរដ្ឋាភិបាលរួមមាន ការិយាល័យ ខុនដូ និងសណ្ឋាគារមួយ។
អាឡិច ឃាង ជាអ្នកបម្រើអាយុ២០ឆ្នាំនៅកាស៊ីណូនៅម្ខាងផ្លូវ បានគិតថា អគារនោះគួរឲ្យភ័យ។
កញ្ញា ឃាង បាននិយាយដោយពន្យល់ថានាងព្រួយបារម្ភខ្លាចអគារខ្ពស់បាក់សង្កត់លើកន្លែងធ្វើការរបស់នាងថា “គ្រោះថ្នាក់ណាស់”។ អ្នកបម្រើរូបនេះចូលចិត្តលេងហ្គេមត្រីជាមួយមិត្តភ័ក្តិនាង។
នាងបាននិយាយថា “ខ្ញុំចង់លេងបន្តទៀត”។
វលក្ខ តាំង ដែលធ្លាប់មានផ្ទះនៅក្បែរទីនោះ បានស្វាគមន៍គម្រោងសាងសង់អគារខ្ពស់នេះ។
អ្នកស្រី វលក្ខ តាំង បាននិយាយអំពីសួនកម្សាន្តនេះ ក្នុងខណៈដែល អ្នកស្រីអង្គុយលេងលើបង់ជាមួយកូនប្រុសអាយុ១០ឆ្នាំរបស់អ្នកស្រីថា “ពួកគេមិនប្រើប្រាស់ដីឲ្យបានល្អទេ”។
អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រីឃើញតំបន់សង្កាត់របស់អ្នកស្រីប្រែប្រួលយ៉ាងច្រើន។ អ្នកស្រីបាននិយាយថា “អ្នកក្រីក្រលក់ផ្ទះរបស់គេ ហើយចាកចេញទៅឆ្ងាយ”។
កូនប្រុសរបស់អ្នកស្រីនឹងរកកន្លែងថ្មីទៀតដើម្បីលេង។ ហើយឌ្រីមឡែនគឺគ្រាន់តែជាកន្លែងមួយប៉ុណ្ណោះ ដែលកូនស្រីអាយុ១៤ឆ្នាំរបស់អ្នកស្រីមិនចូលចិត្តសួនកម្សាន្តនេះទេ”។
អ្នកស្រី តាំង បាននិយាយថា “វាមិនចូលចិត្តមកទីនេះទេ”។ ផ្ទុយទៅវិញកូនស្រីរបស់អ្នកស្រីចំណាយពេលទំនេររបស់នាងនៅឯកន្លែងថ្មីបំផុតនៃសង្កាត់នេះគឺផ្សារអីុអន៕រើន