32 C
Phnom Penh

យុវជន​​​តវ៉ា​​​​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​អាស្រូវ​​​ស្រី​​​ស្នេហ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​​​ និង​​​យុវជន​​​រាប់​​​សិប​​​នាក់​​​បាន​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​គណបក្សប្រឆាំង​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ស្នើ​​​សុំ​​​ឲ្យ​​​លោក កឹម  សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​មុខ​​​បក​​​ស្រាយ​​​​​​ឲ្យ​​​ច្បាស់​​​ទាក់​​​ទិន​​​នឹង​​​សារ​​​សំឡេង​​​ដែល​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​នៅ​​​សប្តាហ៍​​​នេះ​​​ ដែល​​​គេ​​​អះ​​​អាង​​​ថា ជា​​​សំឡេង​​​របស់​​​លោក​​​និយាយ​​​ជាមួយ​​​ស្រី​​​ស្នេហ៍​​​អំពី​​​រឿង​​​ស្នេហា​​​ និង​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ​​​ដែរ​​​។

យុវជន​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៦០​​​នាក់​​​​​​​​​ ដែល​​​បាន​​​អះ​​​អាង​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​នយោបាយ​​​ណា​​​មួយ​​​នោះ​​​ បាន​​​ដាក់​​​ញត្តិ​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក កឹម សុខា ដោះ​​​ស្រាយ​​​កង្វល់​​​របស់​​​ពួក​​​គេ​​​ បើ​​​ពុំ​​​នោះ​​​ទេ​​​នឹង​​​មាន​​​ការ​​​តវ៉ា​​​ទៀត​​​។

និស្សិត​​​ ប៉េង ភីរេន អាយុ​​​២៤​​​ឆ្នាំ​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ច្បាប់​​​ និង​​​សេដ្ឋកិច្ច​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​មេដឹក​​​នាំ​​​តវ៉ា​​​ដែរ​​​ បាន​​​និយាយ​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ពិត​​​ជា​​​សំឡេង​​​របស់​​​ឯកឧត្តម​​​ កឹម សុខា ឬ​​​មិន​​​មែន​​​នោះ​​​ទេ​​​។  ដូច្នេះ​​​ហើយ​​​យើង​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត​​​”។

និស្សិត​​​រូបនេះ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា “យើង​​​ ជា​​​និស្សិត​​​ មាន​​​ចម្ងល់​​​អំពី​​​រឿង​​​នេះ​​​ ដូច្នេះ​​​យើង​​​ត្រូវ​​​ការ​​​ចម្លើយ​​​”។

លោក​​​ ភីរេន បាន​​​បដិសេធ​​​ថា យុវជន​​​​​​មិន​​​ធ្វើ​​​ជា​​​ប្រយោជន៍​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាន់​​​អំណាច​​​ ឬ​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​នយោបាយ​​​ណា​​​មួយ​​​ទេ​​​ ដោយ​​​លោក​​​ពន្យល់​​​ថា ពួក​​​គេ​​​​​​​​​គ្រាន់​​​តែ​​​ចង់​​​ដឹង​​​ការ​​​ពិត​​​។

និស្សិតសាកលវិទ្យាល័យដែលតវ៉ាប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិយកក្រដាសបាំងមុខ ក្នុងពេលដែលពួកគេ ចាកចេញពីស្នាក់ការបក្សក្នុងក្រុងភ្នំពេញកាលពីម្សិលមិញ។ រូបថតដោយ ស៊ីវ ចាន់ណា/The Cambodia Daily
និស្សិតសាកលវិទ្យាល័យដែលតវ៉ាប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិយកក្រដាសបាំងមុខ ក្នុងពេលដែលពួកគេ ចាកចេញពីស្នាក់ការបក្សក្នុងក្រុងភ្នំពេញកាលពីម្សិលមិញ។ រូបថតដោយ ស៊ីវ ចាន់ណា/The Cambodia Daily

លោក​​​បាន​​​និយាយ​​​ថា “បំណង​​​ដាក់​​​ញត្តិ​​​គឺ​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ឯក​​​ឧត្តម  កឹម សុខា ពន្យល់​​​អំពី​​​ទំនាក់​​​ទំនង​​​របស់​​​គាត់​​​ទៅ​​​នឹង​​​សារ​​​សំឡេង​​​​​លេច​​​ធ្លាយ​​​នា​​​ពេល​​​ថ្មី​​​ៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​អាស្រូវ​​​ស្នេហា​​​របស់​​​គាត់​​​ជា​​​មួយ​​​នឹង​​​​​​​​​​ស្រី​​​ស្នេហ៍”។

បន្ទាប់​​​ពី​​​មក​​​ដល់​​ខាង​​​ក្រៅ​​​ស្នាក់​​​ការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ភ្លាម​​​ តំណាង​​​បី​​​នាក់​​​របស់​​​សកម្ម​​​ជន​​​និស្សិត​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​ក្នុង​​​ដើម្បី​​​ជួប​​​លោក ហួរ វ៉ាន់ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ដាក់​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​។

និស្សិត​​​ ស៊ុន សំបួ​​​៊ អាយុ​​​២១​​​ឆ្នាំ​​​ មក​​​ពីវិទ្យាស្ថាន​​​ពាណិជ្ជកម្ម​​​អន្តរជាតិ​​​ បាន​​​ស្នើ​​​ឲ្យ​​​លោក កឹម សុខា​​​ ជួប​​​ជាមួយ​​​អ្នក​​​តវ៉ា​​​ និង​​​និយាយ​​​ដោយ​​​ផ្ទាល់​​​​​​អំពី​​​សារ​​​សំឡេង​​​នេះ​​​។

លោក​​​បាន​​​បន្ថែម​​​ថា ” ពីព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​កេរ្តិ៍​​​ឈ្មោះ និង​​​សីលធម៌​​​របស់​​​គាត់​​​ក្នុ​​​ងនាម​​​​​​ជា​​​មេដឹក​​​នាំ​​​ម្នាក់​​​របស់​​​គណបក្ស​​​នយោបាយ​​​មួយ​​​ ហើយ​​​គាត់​​​ជា​​​មនុស្ស​​​គំរូ​​​​​​សម្រាប់​​​យុវជន​​​។ បើ​​​គាត់​​​ធ្វើ​​​រឿង​​​នេះ​​​ វា​​​នឹង​​​ប៉ះពាល់​​​ដល់​​​យើង​​​ និង​​​ធ្វើ​​​ឲ្យ​​​យើង​​​បាត់​​​បង់​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​​​​គាត់​​​”។

លោក​​​ សំប៊ួ បាន​​​និយាយ​​​អំពី​​​គម្រោង​​​ប្រជុំ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​ថ្ងៃ​​​េនះ​​​​​​ថា ​​​​​​”គាត់​​​ត្រូវ​​​និយាយ​​​​​​ពន្យល់​​​រឿង​​​នេះ​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​យើង​​​នឹង​​​តាម​​​គាត់​​​ដល​​​់​​​វេទិកា​​​សាធារណៈ​​​របស់​​​គាត់​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​”។

លោក កឹម សុខា មិន​​​បាន​​​​​​បង្ហាញ​​​មុខ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​នោះ​​​ទេ​​​ ហើយ​​​លោក ហូរ វ៉ាន់ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជាមួយ​​​អ្នក​​​កាសែត​​​ទេ​​​។

ថ្លែង​​​តាម​​​ទូរស័ព្ទ​​​ក្រោយ​​​ពី​​​ការ​​​តវ៉ា​​​ ដែល​​​មាន​​​រយៈ​​​ពេល​​​ជាង​​​១​​​ម៉ោង​​​ លោក​​​ ភីរេន បាន​​​និយាយ​​​ថា យុវជន​​​ប្រហែល​​​១០០នាក់​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ស្រុក​​​ព្រៃ​​​នប់​​​​​​ខេត្ត​​​ព្រះសីហនុ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី បន្ត​​​ទាម​​​ទារ​​​រក​​​ចម្លើយ​​​ពីលោក កឹម សុខា​​​។

លោក​​​បាន​​​និយាយ​​​ថា “គាត់​​​មិន​​​អាច​​​គេច​​​មិន​​​ប្រាប់​​​យើង​​​នូវ​​​ការ​​​ពិត​​​បាន​​​ទេ ​​​ពីព្រោះ​​​យើង​​​នឹង​​​សួរ​​​គាត់​​​នៅ​​​វេទិកា​​​សាធារណៈ​​​របស់​​​គាត់​​​ដើម្បី​​​បញ្ជាក់​​​​​​ថា តើ​​​សារ​​​សំឡេង​​​អំពី​​​រឿង​​​អាស្រូវ​​​ស្នេហា​​​នេះ​​​ជា​​​របស់​​​គាត់​​​ ឬមិន​​​មែន​​​ ពីព្រោះ​​​យើង​​​ក៏​​​ជា​​​ពល​​​រដ្ឋ​​​ដែរ​​​​​​គឺ​​​មាន​​​សិទ្ធិ​​​លើក​​​សំណួរ​​​នៅ​​​ឯ​​​វេទិកា​​​របស់​​​គាត់​​​”។

លោក​​​ យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ញត្តិ​​​របស់​​​យុវជន​​​​​​នោះ​​​នឹង​​​​​​ត្រូវ​​​ប្រគល់​​​ទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​បក្ស​​​ដើម្បី​​​ពិនិត្យ​​​។

លោក​​​បាន​​​និយាយ​​​ថា ” មន្ត្រី​​​របស់​​​យើង​​​បាន​​​ទទួល​​​ញត្តិ​​​នោះ​​​រួច​​​ហើយ​​​ ហើយ​​​នឹង​​​បញ្ជូន​​​វាទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​​​​ដើម្បី​​​ពិនិត្យ​​​ពិចារណា” ។លោក​​​បាន​​​បន្ថែម​​​ថា​​​​​​ លោក​​​មិន​​​ចង់​​​គិត​​​ស្មាន​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធ​​​នយោបាយ​​​​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​​​​ទទួល​​​បាន​​​ការ​​​ស្វាគមន៍​​​នៅ​​​វេទិកា​​​ថ្ងៃ​​​នេះ​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “វា​​​ជា​​​ការ​​​ប្រជុំ​​​ផ្ទៃ​​​ក្នុង​​​របស់​​​គណបក្ស​​​ដើម្បី​​​បញ្ជូន​​​សារ​​​នយោបាយ​​​ទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស​​​ និង​​​ពិនិត្យ​​​រចនា​​​សម្ព័ន្ធ​​​ ដូច្នេះ​​​អ្នក​​​ខាង​​​ក្រៅ​​​មិន​​​អាច​​​ចូល​រួម​​​​បាន​​​ឡើយ​​​”។

លោក​​​ កឹម សុខា មិន​​​បាន​​​ឆ្លើយ​​​តប​​​ជា​​​សាធារណៈ​​​ទៅ​​​នឹង​​​សារ​​​សំឡេង​​​ ដែល​​​វគ្គ​​​ដំបូង​​​បាន​​​​​​បង្ហោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​ទើបបង្កើតថ្មី របស់​​​ស្រី​​​ស្នេហ៍របស់​​​គាត់​​​ឈ្មោះ “ស្រី ម៉ុន ” ។ តាំង​​​ពី​​​​​ថ្ងៃ​​​នោះ​​​មក​​​​​​វគ្គ​​​ជា​​​ច្រើន​​​ទៀត​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​រយៈ​​​គណនី​​​ហ្វេសប៊ុក​​​ឈ្មោះ “រឿង​​​ពិត CNRP” ។ បន្ទាប់​​​ពី​​​ការ​​​ជួប​​​ជាមួយ​​​សកម្ម​​​ជន​​​គណបក្ស​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ កឹម សុខា បាន​​​និយាយ​​​ថា អ្នក​​​គាំទ្រ​​​គួរ​​​ផ្តោត​​​លើ​​​គោល​​​ដៅ​​​នយោបាយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​កុំ​​​ខ្វល់​​​នឹង​​​ការ​​​បង្ក​​​ហេតុ​​​។

នៅ​​​ពេល​​​ដែល​​​ក្រុម​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​និយាយ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ថា ពួក​​​គេ​​​មិន​​​ខ្វល់​​​នឹង​​​សារ​​​សំឡេង​​​នោះ​​​ ក្រុម​​​អ្នក​​​តាម​​​ដាន​​​បាន​​​​​​លើក​​​ឡើង​​​នូវ​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​របៀប​​​ និង​​​មូល​​​ហេតុ​​​ដែល​​​ការ​​​សន្ទនា​​​ជា​​​លក្ខណៈ​​​ឯកជន​​​ត្រូវ​​​បាន​​​គេ​​​ថត និង​​​ផ្សព្វ​​​ផ្សាយ​​​បែប​​​នេះ​​​។

លោក​​​ អំ សំអាត អ្នក​​​គ្រប់គ្រង​​​បច្ចេកទេស​​​នៅ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ឃ្លាំ​​​មើល​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​និយាយ​​​ថា  ក្រៅ​​​តែ​​​ពី​​​បន្លប់​​​មនុស្ស​​​ឲ្យ​​​ងាក​​​ចេញ​​​ពី​​​បញ្ហា​​​នយោបាយ​​​សំខាន់​​ៗ​នោះ​​​ ការ​​​បញ្ចេញ​​​សំឡេង​​​បែប​​​នេះ​​​គឺ​​​ខុស​​​ច្បាប់។

លោក​​​ អំ សំអាត បាន​​​និយាយ​​​ថា “ទី​​​១​​​ចំពោះ​​​ការ​​​លេច​​​ធ្លាយ​​​សារ​​​សំឡេង​​​ វា​​​ក៏​​​មាន​​​សរសេរ​​​ក្នុង​​​ច្បាប់​​​ព្រហ្មទណ្ឌ​​​ត្រង់​​​មាត្រា​​​៣០១​​​ ដែល​​​ចែង​​​ថា អំពើ​​​លួច​​​ស្តាប់ និង​​​ថត​​​ការ​​​និយាយ​​​ជា​​​ឯកជន​​​​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ គឺ​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពី​​​១ខែ​​​ដល់​​​១ឆ្នាំ​​​”។

លោក​​​បាន​​​និយាយ​​​ថា “ម្យ៉ាង​​​វិញ​​​ទៀត​​​ បើ​​​សារ​​​សំឡេង​​​នេះ​​​បញ្ចេញ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​រឿង​​​នេះ​​​ ពីព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​អតិថិជន​​​​​​បាត់​​​សេចក្តី​​​ទុក​​​ចិត្ត​​​​​​​​​ ព្រោះ​​​​​​បញ្ហា​​​សម្ងាត់​​​របស់​​​ពួក​​​គេ​​​លេច​​​ធ្លាយ​​​ដោយ​​​ងាយៗ​​​”។

ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី​​​ អ្នក​​​ប្រើ​​​នៅ​​​ពី​​​ក្រោយ​​​គណនី​​​ហ្វេសប៊ុក​​​ រឿង​​​ពិត CNRP ទំនង​​​ជា​​​​​​​​​មិន​​​ញញើត​​​ទេ​​​​​​ ដោយ​​​បង្ហោះ​​​សារ​​​មួយ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​នៅ​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ សន្យា​​​ថា នឹង​​​បញ្ចេញ​​​​​​ឃ្លីប​​​អាត់​​​សំឡេង​​ច្រើន​​​ទៀត​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ផ្សេង​​​ទៀត​​​ដែល​​​និយាយ​​​ទៅ​​​កាន់​​​ស្រី​​​កំណាន់​​​របស់​​​ពួក​​​គេ​​​។

ដោយ​​​ជួន​​​កាល​​​ប្រើ​​​ពាក្យ​​​​​​ប្រមាថ​​​លើ​​​វៀតណាម​​​ សារ​​​នោះ​​​សរសេរ​​​ថា “ខ្ញុំ​​​សូម​​​ជម្រាប​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា ទាក់​​​ទង​​​នឹង​​​រឿង​​​អាស្រូវ​​​ស្នេហា​​​របស់​​​លោក កឹម សុខា ដែល​​​មាន​​​សហាយ​​​ជាមួយ​​​​​​ទាំង​​​ប្រពន្ធ​​​ចុង​​​ខ្មែរ​​​ ទាំង​​​​​​យួន​​​​​​ក៏​​​ដូច​​​ជា​​​ស្រី​​​កំណាន់​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​ ខ្ញុំ​​​មាន​​​ខ្សែអាត់​​​សំឡេង​​​ និង​​​ឯកសារ​​​ជា​​​ច្រើន​​​”។

“ហេតុ​​​ដូច្នេះ​​​​​​គួរ​​​នៅ​​​ឲ្យ​​​ស្ងៀម​​​ ហើយ​​​ទុក​​​ឲ្យ​​​លោក កឹម សុខា ​​​​ទទួល​​​ខុស​​​ត្រូវ​​​តែ​​​ម្នាក់​​​ឯង​​​​​​ ពីព្រោះ​​​មេដឹកនាំ​​​ជាន់​​​ខ្ពស់​​​ផ្សេង​​​ទៀត​​​​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក៏​​​មាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​អាស្រូវ​​​ជា​​​ច្រើន​​​​​​ ដែល​​​ខ្ញុំ​​​ (រឿង​​​ពិត​​​ CNRP) មិន​​​ទាន់​​​បាន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​!”៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស