មេធាវីមួយរូបបាននិយាយថា អ្នកទោសប្រាំនាក់ដែលគេជឿថាកំពុងចែកចាយគ្រឿងញៀនដ៏ធំពីក្នុងពន្ធនាគារព្រៃសត្រូវតុលាការក្រុងភ្នំពេញចោទពីបទថ្មី គឺជួញដូរគ្រឿងញៀនកាលពីថ្ងៃសុក្រ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីអ្នកជួញដូរគ្រឿងញៀនម្នាក់ត្រូវចាប់ខ្លួនបានដោយមានមេតំហ្វេតាមីន១៣គីឡូក្រាម។
ក្រុមមន្ត្រីនិយាយថា ជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ ឌី ធូរ៉ា អាយុ៣២ឆ្នាំដែលត្រូវកងរាជអាវុធហត្ថចាប់ខ្លួនបាននៅក្បែរស្ពានជ្រោយចង្វាកាលពីថ្ងៃចន្ទក៏ត្រូវចោទដែរ។
លោក ប៉ាន សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថក្រុងបានមានប្រសាសន៍ថា “នេះជាករណីធំបំផុត។ គ្រឿងញៀនសរុបគឺមេតំហ្វេតាមីនប្រហែល១៣គីឡូក្រាម”។
នាយរងការិយាល័យរបស់លោក សុភាព គឺលោក ទៀង ករុណា បង្ហាញឈ្មោះអ្នកទោសថា ស៊ិន រដ្ឋា និងសួន សៅ ជាជនជាតិខ្មែរ យាំង លាង ជនជាតិវៀតណាម និង សាមូអែល អេមិឆិ អូកេកេ និងបុរសចុងក្រោយគឺមានឈ្មោះហៅក្រៅថា បាហ្សា ជាជនជាតិនីហ្សេរីយ៉ា។
លោក ទេព បញ្ញា មេធាវីការពារក្តីលោក លាង បានមានប្រសាសន៍ថា ចៅក្រមស៊ើបអង្កេត លោក ឃី ឆៃ បានចោទជនសង្ស័យទាំង៦នាក់កាលពីរសៀលម្សិលមិញ។
មេធាវីរូបនេះបាននិយាយថា “ពួកគេត្រូវចោទពីបទជួញដូរគ្រឿងញៀន។ កូនក្តីខ្ញុំត្រូវបញ្ជូនទៅព្រៃសវិញ ប៉ុន្តែខ្ញុំមិនដឹងអំពីជនសង្ស័យផ្សេងទៀតទេ”។
កាលពីថ្ងៃព្រហស្បតិ៍ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា អ្នកទោសប្រាំនាក់បានស្ថិតក្រោមការស៊ើបអង្កេតអស់រយៈពេលមួយខែ ហើយពួកគេបានណែនាំលោក ធូរ៉ា តាមទូរស័ព្ទឲ្យចែកចាយថ្នាំញៀនឲ្យអ្នកទិញនៅក្នុងក្រុង។
លោក អូកេកេ អាយុ៣៤ឆ្នាំបានឡើងសវនាការកាលពីដើមខែមុនជាមួយប្រពន្ធជនជាតិវៀតណាមរបស់គាត់ពីបទប៉ុនប៉ងរត់ពន្ធហេរ៉ូអ៊ីនទម្ងន់១,៥គីឡូក្រាមទៅកាន់ប្រទេសអូស្ត្រាលី។
ប្រពន្ធរបស់គាត់ឈ្មោះ ហូ ធីញូធុយ អាយុ២៦បានសារភាពថា បានផ្ញើកញ្ចប់តាមប្រៃសណីយ៍ទៅក្រៅប្រទេសតាមសំណើមិត្តភក្តិម្នាក់ឈ្មោះ ស៊ុននី ប៉ុន្តែបាននិយាយថា អ្នកស្រីមិនបានដឹងថា កញ្ចប់នោះមានគ្រឿងញៀនទេ ចំណែកឯលោក អូកេកេ បាននិយាយថា លោកមិនបានដឹងអំពីកញ្ចប់នោះ ឬទំនាក់ទំនងប្រពន្ធគាត់ជាមួយស៊ុននីទេ។
យោងតាមព្រះរាជអាជ្ញារង លោកស្រី ស៊ឺ វណ្ណនី ឲ្យដឹងថា សាលក្រមទាក់ទងនឹងរឿងក្តីនេះត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែចៅក្រមជំនុំជម្រះបានពន្យារពេលការប្រកាសនោះ ដោយសារតែលោករវល់កែវិញ្ញាសាប្រឡងចៅក្រម។
លោក យឿន ថនរ័ត្ន ប្រធានរដ្ឋបាលពន្ធនាគារប៉េហ្ស៊ី បានមានប្រសាសន៍ថា លោកបានទទួលជនសង្ស័យជាជនជាតិខ្មែរកាលពីល្ងាចម្សិលមិញ។
លោក ថនរ័ត្ន បានមានប្រសាសន៍ថា ” យើងបានទទួលបុរសជនជាតិខ្មែរបីនាក់នៅម៉ោង៥កន្លះ”។ ប្រធានរដ្ឋបាលពន្ធនាគារប៉េហ្ស៊ីរូបនេះបានបដិសេធមិនពន្យល់ថា ហេតុអ្វីក៏លោក រដ្ឋា និងលោក សៅ មិនបានបញ្ជូនទៅពន្ធនាគារព្រៃសវិញទេ៕រើន