អ្នកតវ៉ាជានិស្សិតមួយក្រុមដែលប្រឹងប្រែងតតាំងនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពាក់ព័ន្ធខ្សែអាត់សំឡេងមួយចំនួនដែលអះអាងថា ជាការសន្ទនាគ្នារវាងរូបលោក និងស្រីកំណាន់ម្នាក់ ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងវេទិកាសាធារណៈចំនួនពីរកន្លែងធ្វើឡើងដោយគណបក្សប្រឆាំងកាលពីចុងសប្តាហ៍។
លោក កឹម សុខា ដែលមិនបានឆ្លើយតបជាសាធារណៈចំពោះខ្សែអាត់សំឡេងទាំងនេះដែលត្រូវបានបង្ហោះតាមហ្វេសប៊ុកកាលពីសប្ដាហ៍មុនបានធ្វើជាអធិបតីនៅក្នុងវេទិកាសាធារណៈនៅខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ និងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។
ប៉េង ភីរេន អាយុ២៤ឆ្នាំ ជានិស្សិតម្នាក់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលក៏បានដឹកនាំការតវ៉ានៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះកាលពីថ្ងៃសុក្រដែរនោះបានលើកឡើងថា និស្សិតប្រហែល៣០នាក់មានគម្រោងចូលរួមវេទិកាកាលពីម្សិលមិញ នៅក្នុងខណ្ឌសែនសុខ ប៉ុន្តែ ត្រូវបានរារាំងដោយសន្តិសុខគណបក្សសង្គ្រោះជាតិ។

និស្សិត ប៉េង ភីរេន បាននិយាយថា “យើង ចង់ស្នើឲ្យលោក កឹម សុខា និយាយថា តើសំឡេងនោះគឺជារបស់គាត់ ឬមិនមែនប៉ុន្តែ អង្គរក្សរបស់គាត់បានរារាំងមិនឲ្យយើងដើរចូលទៅក្នុងកន្លែងវេទិកាសាធារណៈទេ ហើយពួកគេបានវាយនិស្សិត៣នាក់”។ និស្សិតរូបនេះបានបន្ថែមថា ក្រុមរបស់ខ្លួនក៏ត្រូវបានបដិសេធមិនឲ្យចូលទៅកាន់កន្លែងជួបប្រជុំគ្នានៅក្នុងខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ដែរ។ “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាលោក កឹម សុខា ព្យាយាមគេចពីយើង ហើយមិនឆ្លើយសំណួរយើងឡើយ”។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមវេទិកាកាលពីម្សិលមិញ បានបញ្ជាក់ថា និស្សិតត្រូវបានរារាំងមិនឲ្យចូលទៅកន្លែងជួបជុំគ្នាមែន ប៉ុន្តែ បានបដិសេធថា គ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។
លោកបានលើកឡើងថា “ខ្ញុំសូមបដិសេធ ទាំងស្រុងថា យើងមិនបានវាយក្រុមនិស្សិតនោះឡើយ។ យើងគ្រាន់តែប្រាប់ឲ្យពួកគាត់ចេញទៅឆ្ងាយព្រោះពួកគាត់ចង់បង្កបញ្ហានៅកន្លែងវេទិកាសាធារណៈ។ លោកបានបន្ថែមថា “យើងមិនអនុញ្ញាតឲ្យអ្នកទាំងនោះចូលរួមវេទិកា ព្រោះពួកគាត់មិនមែនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទេ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេស ស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូដែលក៏បានចូលរួមវេទិកានេះដែរនោះបានលើកឡើងថា លោកបានឃើញក្រុមនិស្សិតត្រូវបានបណ្តេញចេញទៅឆ្ងាយដោយអ្នកគាំទ្រនិងអង្គរក្សគណបក្សសង្គ្រោះជាតិ។
លោកបានថ្លែងថា “ខ្ញុំមិនបានឃើញមានការវាយដំនោះទេ ប៉ុន្តែ ខ្ញុំបានឃើញគណបក្សសង្គ្រោះជាតិរុញក្រុមនិស្សិតឲ្យចេញឆ្ងាយប្រហែល១០០មែ៉ត្រពីវេទិការសាធារណៈមុនពេលអាជ្ញាធរមូលដ្ឋានមកដល់ព្រោះពួកគេខ្លាចអំពើហិង្សាកើតឡើង”។
ទោះជាយ៉ាងណា និស្សិត ប៉េង ភីរេន និយាយថា ខ្លួនមានគម្រោងជួបជាមួយមេធាវីដើម្បីរៀបចំដាក់ពាក្យ ប្តឹងគណបក្សសង្គ្រោះជាតិចំពោះសកម្មភាពនៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
និស្សិតរូបនេះបានលើកឡើងថា “ឥឡូវនេះយើងកំពុងប្រមូលភ័ស្តុតាង ហើយយើងនឹងពិភាក្សាជាមួយមេធាវីដើម្បីដាក់ពាក្យប្តឹងអង្គរក្សទាក់ទិននឹងការចោទប្រកាន់ពីបទប្រើអំពើហិង្សាលើក្រុមនិស្សិត”។
និស្សិតច្បាប់រូបនេះបានបន្ថែមទៀតថា ក្រុមរបស់ខ្លួនដែលអះអាងថា ឯករាជ្យមិនជាប់ពាក់ព័ន្ធគណបក្សនយោបាយណាមួយបានខឹង ដោយសារខ្លឹមសារនៅក្នុងខ្សែអាត់សំឡេងដែលបុរសម្នាក់មានសំឡេងដូច លោក កឹម សុខា និយាយបញ្ឆិតបញ្ឆៀងទៅរករឿងផ្លូវភេទ និងការមានផ្ទៃពោះរបស់ស្រីកំណាន់ម្នាក់ ដែលលោកលើកឡើងថា”បានយកចេញ”។ អ្នកតវ៉ាជានិស្សិតមិនមែនជាក្រុមតែមួយគត់ដែលត្រូវបានរារាំងមិនឲ្យជួបនិយាយជាមួយលោក កឹម សុខា កាលពីម្សិលមិញនោះឡើយ។
អង្គរក្ស និងអ្នកគំាទ្រគណបក្សប្រឆាំងយ៉ាងតិចចំនួន២០នាក់ត្រូវបានគេឃើញថា បានឈរព័ទ្ធអ្នកយកព័ត៌មានម្នាក់មកពីស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ដែលព្យាយាមសម្ភាស លោក កឹម សុខា ក្រោយវេទិកាសាធារណៈរួចភ្លាម។
ពេលសួរទាក់ទិននឹងហេតុការណ៍នេះលោក ហូរ វ៉ាន់ បានលើកឡើងថា គ្មានរឿងបែបនេះកើតឡើងទេ។
លោកបានលើកឡើងថា “យើងមិនបានឃាត់អ្នកកាសែតណាម្នាក់មិនឲ្យព្យាយាមសម្ភាសឯកឧត្តម កឹម សុខា ទេ។ខ្ញុំគិតថា ព័ត៌មាននេះមិនពិតឡើយ ព្រោះយើងប្រកាន់ ជំហរប្រជាធិបតេយ្យបើកទូលាយ ហេតុដូច្នេះអ្នកកាសែតទាំងអស់អាចធ្វើសេចក្តីរាយការណ៍អំពីយើងដោយសេរី”។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួល នៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុបានលើកឡើងថា អ្នកតវ៉ាជានិស្សិត ប្រហែល៥០នាក់បានចេញមកហើយសំដៅទៅកន្លែងវេទិកាសាធារណៈនៅក្នុងខណ្ឌព្រៃនប់កាលពីថ្ងៃសៅរ៍។
លោកស្រីបានមានប្រសាសន៍ថា ”គណបក្សសង្គ្រោះជាតិបានរារាំងពួកគាត់មិនឲ្យចូលរួមវេទិកានេះ ដោយសារពួកគេខ្លាចក្រុមនិស្សិតទាំងនេះមកបង្កបញ្ហានៅកន្លែងវេទិកាសាធារណៈ”។
លោកស្រីបានបន្ថែមថា “គណបក្សសង្គ្រោះជាតិមិនបានវាយដំក្រុមនិស្សិតទេ ប៉ុន្តែ ពួកគេគ្រាន់តែដណ្តើមយកឧគ្ឃោសនស័ព្ទពីក្រុមនិស្សិតប៉ុណ្ណោះ ព្រោះពួកគាត់បានរិះគន់ឯកឧត្តម កឹម សុខា ទាក់ទិនរឿងអាស្រូវសហាយស្មន់ជាមួយស្ត្រីម្នាក់ដែលលេចឡើងនៅក្នុងវីដេអូឃ្លីប”។
ខណៈខ្សែអាត់សំឡេងទី១ បានលេចឡើងនៅលើគណនីទំព័រហ្វេសប៊ុកទើបតែបង្កើតថ្មីមួយដែលគេអះអាងថាជារបស់ស្រីកំណាន់លោក កឹម សុខានោះ មានខ្សែអាត់សំឡេងច្រើនទៀតត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុក ”រឿងពិត CNRP” ចាប់តាំងពីពេលនោះមក។
កាលពីចុងសប្តាហ៍ខ្សែអាត់សំឡេងថ្មីមួយចំនួនដែលគេសង្ស័យថា ជាសំឡេងរបស់លោក កឹម សុខា និយាយជាមួយស្រីកំណាន់របស់លោកនោះត្រូវបានបង្ហោះដោយគណនីរឿងពិត CNRPក្នុងនោះរួមមានទាំងខ្សែអាត់សំឡេងមួយដែលលោកពិភាក្សា អំពីការទិញ អាផាតមិនតម្លៃ៧០.០០០ដុល្លារឲ្យស្រីស្នេហ៍របស់លោកផងដែរ។
ក្នុងសារបង្ហោះអមដោយខ្សែអាត់សំឡេង ម្ចាស់គណនីនេះបានចាត់ទុកស្ត្រីរូបនេះថា ជា “ប្រពន្ធចុងយួន”របស់លោក កឹម សុខា។
នៅក្នុងអីុម៉េលមួយកាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចូលរួមជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀតក្នុងការលើកឡើងថា ខ្សែអាត់សំឡេងទាំងនេះគ្រាន់តែជាឧបាយកលនយោបាយដែលមានបំណងធ្វើបាបគណបក្សរបស់លោកប៉ុណ្ណោះ ហើយថា លោកមិនខ្វល់ទេ មិនថា លោក កឹម សុខា គឺជាមនុស្សពិតប្រាកដនៅក្នុងខ្សែអាត់សំឡេងនោះ ឬយ៉ាងណាឡើយ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំមិនដឹងទេ ហើយខ្ញុំមិនខ្វល់អំពីអត្តសញ្ញាណរបស់បុគ្គលរូបនោះឡើយ។វាជារឿងធម្មតា”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Anthony Jensen)