ក្រុមតំណាងរាស្ត្រនៃគណៈកម្មការការងាររបស់រដ្ឋសភានឹងរៀបចំសិក្ខាសាលាជាសាធារណៈមួយនៅថ្ងៃពុធ ដើម្បីប្រមូលមតិយោបល់បន្ថែមពីសហជីព និងនិយោជកស្តីអំពីសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាសមុនពេលច្បាប់នេះដំណើរការមួយលើកទៀត ហើយដាក់ឱ្យរដ្ឋសភាធ្វើការបោះឆ្នោត។
ច្បាប់នេះនឹងកំណត់ជាវិធានថ្មីសម្រាប់ការបង្កើត ការរម្លាយ និងការគ្រប់គ្រងសហជីពហើយបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមនិយោជិត និងនិយោជក។ អង្គការពលកម្មអន្តរជាតិលើកឡើងថា សេចក្តីព្រាងច្បាប់ជាច្រើនក៏មិនទាន់ស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសកម្ពុជាដែរ។
កាលពីម្សិលមិញ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា លោករំពឹងថា តំណាងសហជីព និងនិយោជករហូតដល់៤០០នាក់ នឹងចូលរួមសិក្ខាសាលានៅថ្ងៃពុធ ហើយយកឱកាសនោះដើម្បីចែករំលែកមតិយោបល់របស់ខ្លួន និងចោទសួរតំណាងរាស្ត្រ។
លោកមានប្រសាសន៍ថា ”គណៈកម្មការនេះនឹងអាចប្រមូលមតិយោបល់សម្រាប់យកទៅពិភាក្សាជាមួយរដ្ឋាភិបាល។ បន្ទាប់មក គណៈកម្មការនឹងសរសេរលិខិតដើម្បីដាក់បញ្ចូលសេចក្តីព្រាងច្បាប់េនះនៅសម័យប្រជុំសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត”។
ទោះជាយ៉ាងណា សហជីព និងអង្គការពលកម្មចំនួន២១ បានផ្ញើលិខិតចំហមួយច្បាប់ទៅរដ្ឋសភាកាលពីថ្ងៃអាទិត្យ ដោយត្អួញត្អែរថា ពួកគេត្រូវបានផ្តល់ពេលតែកន្លះម៉ោងប៉ុណ្ណោះដើម្បីនិយាយ។
លិខិតដដែលនេះមានខ្លឹមសារថា “ដូច្នេះក្រុមសហជីព និងអង្គការសង្គមស៊ីវិលគិតថា សិក្ខាសាលាពិគ្រោះយោបល់នេះគ្មានន័យឡើយ។ យើងស្នើឲ្យរដ្ឋសភា…ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់សហជីពក្នុងការផ្តល់យោបល់អំពីសេចក្តីព្រាងច្បាប់សហជីពនេះឲ្យបានទូលំទូលាយ និងទទួលយកសំណើនានា ហើយដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់នេះ”។
និយោជកនៅក្នុងឧស្សាហកម្មកាត់ដេរ ដែលក្នុងនោះបានរៀបចំសហជីពជាច្រើននៅក្នុងប្រទេសកម្ពុជាបាននិយាយថា សេចក្តីព្រាងច្បាប់នេះនឹងផ្តល់លក្ខណៈងាយស្រួលបំផុតក្នុងការបង្កើតសហជីព ហើយលំបាកបំផុតសម្រាប់ពួកគេក្នុងការចរចាស្វែងរកកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពជាមួយនិយោជិតរបស់ខ្លួន។ សហជីពលើកឡើងថា សេចក្តីព្រាងច្បាប់នេះពិបាកណាស់ក្នុងការបង្កើតសហជីព ហើយងាយស្រួលណាស់សម្រាប់រដ្ឋាភិបាលក្នុងការបំបែកសហជីព។
កាលពីខែធ្នូ និងខែមករា គណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិដែលគាំទ្រសហជីពស្តីពីច្បាប់ដែលស្នើឡើងនេះ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីពិភាក្សាអំពីភាពខ្វែងគំនិតគ្នាជុំវិញសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែ បានព្រមព្រៀងលើចំណុចមួយចំនួនតែប៉ុណ្ណោះ៕ សារុន