នគរបាលនៅខេត្តកណ្តាលនិងខេត្តកំពង់ចាមបានចាប់ខ្លួនមនុស្សប្រាំបីនាក់ចាប់តាំងពីថ្ងៃពុធមក ដែលជាជនសង្ស័យក្នុងការប្លន់កន្លែងផ្ទេរប្រាក់វីងកាលពីថ្ងៃទី១២ខែធ្នូ ជាការប្លន់មួយក្នុងចំណោមការប្លន់ស្រដៀងគ្នាជាច្រើនលើកនាពេលថ្មីៗនេះនៅទូទាំងប្រទេសកម្ពុជា។
នៅពេលប្លន់នោះ សមត្ថកិច្ចក្នុងខេត្តកណ្តាលបាននិយាយថា បុរសបួននាក់ប្រដាប់ដោយកាំភ្លើងអាកា-៤៧បីដើមនិងពូថៅមួយ បានទម្លាយចូលផ្ទះម្ចាស់ហាងវីង នៅស្រុកខ្សាច់កណ្តាល វាយធ្វើបាបកូនស្រីនិងកូនប្រសាប្រុសរបស់គាត់ បង្ខំពួកគេឲ្យប្រាប់កន្លែងទុកទ្រព្យមានតម្លៃរបស់គ្រួសារ។ ពួកគេបាននិយាយថា ពួកចោរប្លន់យកបានប្រាក់៣០.០០០ដុល្លារ និងមាសមានតម្លៃ៦.៥០០ដុល្លារ។
កាលពីថ្ងៃអាទិត្យ លោក អីុវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ថា មេជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ និងបញ្ជូនទៅតុលាការ។ លោក លឹម សុគន្ធថា ព្រះរាជអាជ្ញានៅសាលាដំបូងខេត្តកណ្តាល បានមានប្រសាសន៍ថា អ្នកទាំងពីរកំពុងត្រូវសាកសួរនៅឡើយ។ សមត្ថកិច្ចបដិសេធមិនប្រាប់ឈ្មោះរបស់បុរសទាំងពីរនេះទេ ដោយនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់ការស៊ើបអង្កេត។
លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា អ្នករួមគំនិតប្រាំមួយនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ក្នុងប្រតិបត្តិការពីរដោយឡែកពីគ្នាក្នុងខេត្តនេះ និងបានប្រគល់ទៅឲ្យនគរបាលខេត្តកណ្តាល ជាកន្លែងដែលមានឧក្រិដ្ឋកម្មបានកើតឡើង។
លោកស្នងការ ប៉ែន រ័ត្ន បានមានប្រសាសន៍ថា ជនសង្ស័យប្រាំមួយនាក់នេះត្រូវបានចាប់ខ្លួននៅពេលកំពុងរៀបចំផែនការមួយលើកទៀតប្លន់អាជីវករផ្សារក្នុងខេត្តកំពង់ចាម។
លោកស្នងការបានមានប្រសាសន៍ថា “យើងទប់ស្កាត់បាន និងចាប់ខ្លួនពួកគេបានដោយជោគជ័យ”។
យោងតាមលោក ម៉ែន វណ្ណា អភិបាលស្រុកស្នួល ដែលមានការប្លន់បានកើតឡើងឲ្យដឹងថា ក្នុងករណីមួយដោយឡែក ជនប្រដាប់អាវុធបីនាក់បានប្លន់អ្នកទិញដំឡូងមីម្នាក់នៅនឹងផ្ទះរបស់គាត់ក្នុងខេត្តក្រចេះកាលពីយប់ថ្ងៃសៅរ៍ និងយកបានប្រាក់៩០លានរៀល ឬប្រហែល២២.៥០០ដុល្លារ។
លោកបានមានប្រសាសន៍ថា ពាណិជ្ជកររូបនេះមិនបានត្រូវរបួសទេ ហើយនគរបាលមិនទាន់បានកំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់នៅឡើយ៕ និត