ក្រុមមន្ត្រីបាននិយាយថា អ្នកបើករថយន្តធុនធំជាង៨០នាក់បានប្រើរថយន្តរបស់ខ្លួនបិទកំណាត់ផ្លូវជាបណ្តោះអាសន្នក្នុងខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃអាទិត្យ ជាការតវ៉ាបន្ទាប់ពីសមត្ថកិច្ចបានឃាត់ពួកគេព្រោះដឹកលើសទម្ងន់។
លោក ប្រាក់ សម្ផស្ស មន្ត្រីក្រសួងដឹកជញ្ជូនទទួលបន្ទុកអនុវត្តច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ៧អាបាននិយាយថា រថយន្តធុនធំ ដែលដឹកដំឡូងមីទៅប្រទេសវៀតណាម បានឈប់នៅកន្លែងថ្លឹងក្នុងក្រុងស្ទឹងត្រែងនៅម៉ោងប្រហែល៤និង៣០នាទី ហើយត្រូវគេរកឃើញថាផ្ទុកលើសទម្ងន់។
លោក សម្ផស្ស បាននិយាយថា “អ្នកបើករថយន្តមិនព្រមរើទំនិញលើសទម្ងន់ចេញ ឬបង់ប្រាក់២៥ដុល្លារក្នុងទំនិញលើសទម្ងន់មួយតោន។ បន្ទាប់មកពួកគេបានបង្កើតឲ្យមានការកកស្ទះចរាចរណ៍ដ៏ធំ នៅពេលដែលពួកគេបិទផ្លូវជាតិលេខ៧អានៅម៉ោងប្រហែល៦ព្រឹក”។
លោកបាននិយាយថា អ្នកបើកបរ៧០នាក់បានដឹកទំនិញដែលលើសសមត្ថភាពរថយន្តផ្ទុកពី១០ទៅ២០តោន។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមមន្ត្រី ក្នុងនោះមានលោក លោក មុំ សារឿន ជាអភិបាលខេត្តស្ទឹងត្រែងផង បានមកដល់នៅម៉ោងប្រហែល៨ព្រឹក ដើម្បីចរចាជាមួយអ្នកបើកបរ។
“យើងបានសម្របសម្រួលជាមួយពួកគាត់ និងបានណែនាំពួកគាត់ឲ្យឈប់ដាក់ទំនិញលើសទម្ងន់។ ការចរចាមានរយៈពេលប្រហែលពីរម៉ោង”។
ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បាននិយាយថា អភិបាលក្រុងអនុញ្ញាតឲ្យអ្នកបើករថយន្តបន្តដំណើរ ប៉ុន្តែមានផែនការជួបជាមួយពួកគេក្នុងពេលឆាប់ៗ ដើម្បីឲ្យពួកគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនផ្ទុកលើសទម្ងន់ទៀត។
លោក ឈូក កុម៉ល់ បាននិយាយថា “នេះជាលើកទី៣ហើយដែលក្រុមអ្នកបើកបររថយន្តដឹកដំឡូងមីបានបើករថយន្តដែលដឹកលើសទម្ងន់កាត់តាមតំបន់នេះ”។ លោកបានបន្ថែមថា រថយន្តដឹកធ្ងន់ទាំងនេះ បានធ្វើឲ្យខូចផ្លូវនិងស្ពាន។
តំណាងអ្នកបើករថយន្តធុនធ្ងន់ទាំងនេះមិនអាចទាក់ទងបានទេ។
ការតវ៉ានៅខេត្តស្ទឹងត្រែងជាការតវ៉ាថ្មីបំផុតរបស់អ្នកបើករថយន្តធុនធំដោយជោគជ័យ ដោយប្រើរថយន្តរបស់ពួកគេដើម្បីបញ្ចៀសការខិតខំបង្ខំឲ្យពួកគេអនុវត្តតាម។
កាលពីខែធ្នូ ម្ចាស់រថយន្តធុនធំចង្កូតស្តាំ៤០០នាក់បានបិទផ្លូវជាតិជំុវិញក្រុងភ្នំពេញក្នុងពេលមានចរាចរណ៍មមាញឹក ដើម្បីតវ៉ាច្បាប់ដែលតម្រូវឲ្យពួកគេកែចង្កូតរថយន្តរបស់ខ្លួន ហើយនៅទីបញ្ចប់សមត្ថកិច្ចក៏យល់ព្រមឲ្យអ្នកបើករថយន្តបង់ពន្ធ ប៉ុន្តែមិនកែចង្កូតរថយន្តរបស់គេទេ៕និត