មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ ដែលមានកេរ្តិ៍ឈ្មោះអសោចនៅក្នុងរាជធានីភ្នំពេញ ជាកន្លែងឃុំឃាំងជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកញៀនថ្នាំដែលគ្រប់គ្រងដោយរដ្ឋាភិបាលនោះ បានរងការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្សជាយូរមកហើយថា មិនបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្វីឡើយ។
យោងតាមលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានី បានឲ្យដឹងថា ប៉ុន្តែ ឥឡូវនេះមណ្ឌលនេះមានឈ្មោះថ្មីហើយ។ លោកបានថ្លែងថា ពីពេលនេះតទៅ វានឹងត្រូវគេស្គាល់ថា ជាមណ្ឌលសង្គមកិច្ចភ្នំពេញ។
ដោយបដិសេធមិនផ្តល់ហេតុផលផ្លូវការសម្រាប់ការប្តូរឈ្មោះ ប៉ុន្តែ បានកត់សម្គាល់ថា នឹងមានការផ្លាស់ប្តូរតិចតួចនៅមណ្ឌលនេះនោះលោក សុផល បានថ្លែងថា “ក្រសួងសង្គមកិច្ចបានចេញសារាចរឲ្យប្តូរឈ្មោះកាលពីសប្តាហ៍មុន។

ដោយបង្វែរសំណួរបន្ថែមទៅក្រុមមន្ត្រីនៅមណ្ឌលនេះ លោកបានមានប្រសាសន៍ថា “ ការគ្រប់គ្រងមណ្ឌល នឹងធ្វើដូចពីមុនអ៊ីចឹង”។
លោក វ៉ាន ង៉ាត អនុប្រធានមណ្ឌលនេះដែលគេស្គាល់ច្បាស់ថា ព្រៃស្ពឺ បានមានប្រសាសន៍ថា ការប្តូរឈ្មោះនេះក្នុងបំណងបញ្ចៀសការវាយប្រហារពីសំណាក់អ្នករិះគន់ដែលតែងតែអំពាវនាវសុំឲ្យបិទមណ្ឌលនេះជាច្រើនឆ្នាំមកហើយ ជុំវិញរបាយការណ៍ ដែលថា មានការរំលោភបំពានផ្លូវកាយ និងផ្លូវភេទនៅក្នុងមណ្ឌលនេះ។
លោក វ៉ាន ង៉ាត បានថ្លែងថា “យើងបានប្តូរឈ្មោះនេះ ពីព្រោះយើងមិនចង់ឲ្យអង្គការ មិនមែនរដ្ឋាភិបាលនានា រិះគន់មណ្ឌលនេះ”។
លោកបានបន្ថែមថា ស្ថានភាពនៅមណ្ឌលនេះដែលលោកលើកឡើងថា បច្ចុប្បន្ននេះបានផ្តល់កន្លែងស្នាក់នៅដល់ “ជនអនាថា ជនពិការ និងមនុស្សចា់” ជាង១៦០នាក់ ដែលត្រូវបានចាប់ប្រមូលចាប់តាំងពីដើមឆ្នាំនេះ ពីកន្លែងអចិន្ត្រៃយ៍ជាង១០០កន្លែងនោះ បានប្រសើរឡើងចាប់តាំងពីអ្នកជាប់ឃុំពីរនាក់បានស្លាប់កាលពីចុងឆ្នាំមុន។
លោកបានថ្លែងថា “ឥឡូវនេះស្ថានភាពប្រសើរជាងមុន ពីព្រោះយើងមានទឹកស្អាតប្រើប្រាស់ និងភ្លើងអគ្គិសនីគ្រប់គ្រាន់។ ហើយមានគម្រោងសាងសង់បន្ទប់ទឹកបន្ថែមទៀតនៅពេលអនាគត”។
លោកបានបន្ថែមថា លើសពីនេះទៅទៀត បុគ្គលិកវេជ្ជសាស្ត្រមកពីមន្ទីរពេទ្យក្បែរនោះបានមកពិនិត្យសុខភាពរបស់ពួកគេរៀងរាល់សប្តាហ៍។
លោកបានថ្លែងថា “ប្រសិនបើពួកគេមានបញ្ហាសុខភាព ពួកគេនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង”។
លោក តូច ចន្នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា លោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទេ ហើយបានបង្វែរសំណួរទៅចៅហ្វាយនាយរបស់លោក គឺលោក សួង ម៉េងឡុង ដែលគេមិនអាចទាក់ទងបាន។
លោកបានថ្លែងថា “ខ្ញុំមិនអាចនិយាយជាមួយអ្នកយកព័ត៌មានបានទេ លុះណាតែប្រធានអ្នកនាំពាក្យអនុញ្ញាតឲ្យខ្ញុំនិយាយ”។
នៅក្នុងអីុម៉េល លោក ហ្វីល រ៉ូបឺត សុន អនុប្រធានប្រចាំតំបន់អាស៊ីនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចាត់ទុកការប្តូរឈ្មោះនេះថា ជារឿងមិនសំខាន់។
ដោយចាត់ទុកមណ្ឌលព្រៃស្ពឺជា “តំបន់គ្រោះមហន្តរាយសិទ្ធិមនុស្ស ”លោក រ៉ូបឺតសុន បានថ្លែងថា “ការប្តូររូបរាងដូចជាប្តូរឈ្មោះ ឬការលាបថ្នាំថ្មីនោះ គ្មានអ្វីផ្លាស់ប្តូរធាតុពិតនៃមណ្ឌលដែលរឿងរ៉ាវទាំងស្រុងរបស់វាគឺដដែលជាមួយនឹងការរំលោភបំពានសិទ្ធិមនុស្សឡើយ។
លោកបានថ្លែងថា “ការវាយដំ និងការរំលោភបំពានពីសំណាក់សន្តិសុខ និងបុគ្គលិកគឺការធ្វើទារុណកម្មជាប្រព័ន្ធ និងរាលដាល”។
លោកបានបន្ថែមថា “មណ្ឌលនេះគួរត្រូវបិទចោល ហើយអគារនៅទីនោះត្រូវឈូសកម្ទេចឲ្យរាបដល់ដី ដើម្បីកំុឲ្យបើកឡើងវិញក្រោមឈ្មោះថ្មី ឬរូបរាងខាងក្រៅថ្មីទៀត”៕ សារុន (រាយការណ៍បន្ថែមដោយ Anthony Jensen)