សកម្មជនខ្មែរ-អាមេរិកាំងមួយក្រុមដែលកាលពីខែមុនបានធ្វើការតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលបំពេញ ទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់សហរដ្ឋអាមេរិក បានព្រមានអំពីលទ្ធភាពនៃការធ្វើបាតុកម្ម ប្រសិនបើកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការគ្រោងទុក។
នៅក្នុងលិខិតមួយបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ លោក ទូច វិបុលប្រធានសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកាំង បានលើក ឡើងថា ការបំពេញទស្សកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់សហរដ្ឋអាមេរិកតាមការអញ្ជើញរបស់អង្គការពលរដ្ឋខ្មែរ-អាមេរិកាំង នឹងត្រូវឆ្លើយតបដោយការធ្វើពហិការមិនចូលរួមនិងការតវ៉ានៅទីក្រុង ឡងប៊ិច រដ្ឋ កាលីហ្វ័រញ៉ា និងទីក្រុងឡូវ៉ែល រដ្ឋម៉ាសាជូសេត ។
លោក ទូច វិបុល បានសរសេរនៅក្នុងលិខិតនេះ ដែលត្រូវបានផ្ញើទៅកាន់អភិបាល និងក្រុមប្រឹក្សាក្រុងឡងប៊ិច និងក្រុងឡូវ៉ែលក៏ដូចជា ក្រុងខ្មែរ ជាអង្គការមួយដែលតស៊ូមតិសម្រាប់ពាណិជ្ជករ និងវប្បធម៌ខ្មែរដែល មានមូលដ្ឋាននៅក្នុងទីក្រុងឡងប៊ិចថា “យើងមានការស្រងាកចិត្តដែលលសមាជិកគណៈកម្មការក្រុងខ្មែរបានអញ្ជើញឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាភ្ញៀវដ៏ពិសេសសម្រាប់ក្បួនដង្ហែរបស់ខ្មែរដែលធ្វើឡើងរៀងរាល់ឆ្នាំនៅខែមេសា”។
លោក ទូច វិបុល បានបន្ថែមថា “យើងរួមជាមួយខ្មែរ-អាមេរិកាំងនៅក្នុងក្រុងទាំងពីរនេះសូមទទួចដោយក្តីគោរពឲ្យអ្នកពិចារណាឡើងវិញចំពោះសេចក្តីសម្រេចខុស និងមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវនៅក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់មនុស្សម្នាក់ដែលពលរដ្ឋខ្មែរស្អប់យ៉ាងខ្លាំង”។
“សមាជិករបស់អ្នករងការរិះគន់ដោយសារសេចក្តីសម្រេចរបស់អ្នក ហើយយើងមានគម្រោងធ្វើពហិការ និងតវ៉ាប្រឆាំងព្រឹត្តិការណ៍ណាមួយ រួមទាំងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផងដែរ”។
លោក រឿន វាសនា អនុប្រធានសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានលើកឡើងថា វាមិនទាន់ច្បាស់នៅឡើយទេថា តើនឹងមានបាតុកម្មក្នុងទម្រង់បែបណាប្រឆាំងនឹងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះ។
លោកបានលើកឡើងក្នុងសារបង្ហោះតាមហ្វេសប៊ុកថា “ក្នុងពេលឥឡូវនេះ ខ្មែរមកពីសហគមន៍ទាំងពីរនេះកំពុងតែធ្វើការសម្រេចនៅឡើយលើការឆ្លើយតបដ៏ត្រឹមត្រូវ និងល្អបំផុតដើម្បីធានាឲ្យបានថាសាររបស់ខ្លួនច្បាស់លាស់ងាយយល់”។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ខណៈវាជាសិទ្ធិរបស់អ្នកតវ៉ានៅក្នុងការធ្វើបាតុកម្ម លោកយល់ឃើញថា ការយល់ឃើញរបស់ពួកគេចំពោះការបំពេញទស្សនកិច្ចនេះ គឺជាការយល់ខុស។
លោកបានមានប្រសាសន៍ថា “ឯកឧត្តម ហ៊ុន ម៉ាណែត នឹងមិននាំទ័ពទៅតតាំងនៅទីនោះឡើយ”។
លោកបានមានប្រសាសន៍បន្ថែមថា “គាត់នឹងជួបប្រជុំ ហើយនិយាយទៅកាន់បងប្អូនដើម្បីជម្រាបពួកគាត់អំពីស្ថានភាពពិតប្រាកដនៅកម្ពុជាក្នុងគោលបំណងរារាំងកុំឱ្យបុគ្គលមិនល្អមួយចំនួននិយាយបំផ្លើស និងនិយាយរឿងអាក្រក់អំពីរដ្ឋាភិបាលកម្ពុជា”៕ ស៊ុយឈាង