យោងតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យមួយក្នុងខេត្តបាត់ដំបង បន្ទាប់ពីត្រូវបានវាយឲ្យសន្លប់រួចរំលោភ ហើយបន្ទាប់មកវាយដំយ៉ាងព្រៃផ្សៃដោយយុវជនម្នាក់ដែលក្មេងស្រីរងគ្រោះយកធ្វើជាមិត្តភក្តិ។
ជនសង្ស័យឈ្មោះ ម៉េត ភឿន អាយុ១៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញ បន្ទាប់ពីសារភាពថា បានរំលោភក្មេងស្រីរូបនេះនៅខាងក្រៅផ្ទះរបស់នាងក្នុងស្រុកថ្មគោលនៅយប់មុនថ្ងៃសារភាព ខណៈឪពុកម្តាយរបស់នាងចេញពីផ្ទះទៅដើររកសត្វល្អិតដែលអាចទទួលទានបាន នេះបើយោង តាមលោក ផង់ សុភាព អធិការនគរបាលស្រុកនេះ។
អធិការនគរបាលស្រុករូបនេះ បានលើកឡើងទៀតថា ម៉េត ភឿន ដែលគ្មានការងារធ្វើសោះចាប់តាំងពីវិលត្រឡប់ពីធ្វើជាពលករ ចំណាកស្រុកនៅប្រទេសថៃពីរខែកន្លងមកនេះ ក៏បានសារភាពផងដែរថា បានវាយមុខរបស់ជនរងគ្រោះនឹងដងចប “ដើម្បីបំបិទមាត់” ដោយធ្វើឲ្យនាងមានឱកាសរស់តិចតួចណាស់។
លោកបានមានប្រសាសន៍ថា “ក្មេងស្រីរូបនេះត្រូវបានវាយដំយ៉ាងសាហាវនៅត្រង់ មុខ និងក្បាល ហើយយើងមិនសង្ឃឹមថា នាងអាចរស់ឡើយ”។
ដោយដកស្រង់សម្តីសារភាពរបស់ ម៉េត ភឿន លោក ផង់ សុភាព បាននិយាយថា យុវជនរូបនេះបានបង្ហាញខ្លួននៅផ្ទះរបស់ក្មេងស្រីរងគ្រោះនៅយប់ថ្ងៃអាទិត្យ ខណៈនាងនៅផ្ទះតែម្នាក់ឯងជាមួយប្អូនស្រីអាយុ១០ឆ្នាំ បន្ទាប់ពីឪពុកម្តាយដែលសុទ្ធតែជាកសិករបានចេញពីផ្ទះដើម្បីដើររកចង្រិត និងកន្តេះ ឡង់នៅវាលស្រែដែលគេទុកទំនេរចោលក្នុងគោលបំណងយកមកលក់ដើម្បីប្រាក់បន្ថែម។
លោកបានមានប្រសាសន៍ថា “ជនសង្ស័យបានទៅផ្ទះរបស់នាង ហើយបន្ទាប់បានសុំនាងរួមភេទ តែនាងបដិសេធ។វាបានវាយនាង ហើយនាងក៏សន្លប់ ហើយបន្ទាប់មកវាបានរំលោភនាង ក្រោយមកទៀតវាបានវាយ ដំនាងម្តងទៀត”។ ឪពុកម្តាយរបស់ក្មេងស្រីរូបនេះបានវិលត្រឡប់មកផ្ទះវិញនៅប្រហែល ពាក់កណ្តាលអធ្រាត្រ ហើយក៏ស្រាប់តែឃើញរាងកាយរបស់កូនស្រីខ្លួនមានសុទ្ធតែស្នាមរបួសដេកសន្លប់ក្រោមផ្ទះខ្ទមសសរផុតពីដីរបស់ខ្លួន ហើយបន្ទាប់មកពួកគាត់បានហៅទូស័ព្ទទៅមេភូមិដែលបានទាក់ទងបន្តទៅនគរបាលឃុំ និងនគរបាលស្រុក។
អធិការនគរបាលរូបនេះ បានពន្យល់ថា នគរបាលបានកំណត់អត្តសញ្ញាណ ម៉េត ភឿន បន្ទាប់ពីឆែកមើលទូរស័ព្ទរបស់ក្មេងស្រីរងគ្រោះ ហើយបានកត់សម្គាល់ឃើញលេខមួយដែលជនសង្ស័យបានតេមកក្មេងស្រីរងគ្រោះក្នុងពេលថ្មីៗ។
លោកបានថ្លែងថា “ដំបូងយើងសើុបអង្កេត តាមរយៈការហៅទូរស័ព្ទរបស់ពួកគេ ហើយទី២ប្អូនស្រីអាយុ១០ឆ្នាំរបស់ជនរងគ្រោះស្គាល់ជនសង្ស័យ ហើយថា ជនសង្ស័យធ្លាប់មកលេងផ្ទះរបស់នាង”។ លោកបានបន្ថែមថា នគរបាលមិនបានដឹងរឿងរ៉ាវច្រើនអំពីទំនាក់ ទំនងរវាងជនសង្ស័យ និងជនរងគ្រោះទេ។
លោក ហេង ប៊ុន្ថា អធិការរងស្រុកថ្មគោល បានលើកឡើងថា ម៉េត ភឿន កំពុងឃុំខ្លួននៅឯអធិការដ្ឋាននគរបាលស្រុក ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃនេះ។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត និសិ្សតសាកលវិទ្យាល័យអាយុ២៥ឆ្នាំម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពីបទរំលោភហើយសម្លាប់ក្មេងស្រីជិតខាងអាយុ១១ឆ្នាំម្នាក់ក្នុងខេត្តសៀមរាបត្រូវបានចោទប្រកាន់កាលពី ម្សិលមិញ ហើយត្រូវបានបញ្ជូន ទៅពន្ធនាគារដើម្បីរង់ចាំការបើកសវនាការនេះបើយោងតាមលោក ឌួង សុខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនេះ។
យោងតាមនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះត្រូវបានគេប្រទះឃើញចងកនឹងចម្រឹងដែកបង្អួចនៅផ្ទះរបស់ខ្លួន ហើយជនសង្ស័យឈ្មោះ សរ កុសល ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមអ្នកសើុបអង្កេតបានសង្ស័យពេលជននេះបានទៅស្រាយខ្សែចងករបស់ក្មេងស្រីរងគ្រោះមុនគេ។ ក្រោយមកនគរបាលបានរកឃើញឈាម និងទឹកកាមនៅលើ ប្រដាប់ភេទរបស់ សរ កុសល ដែលមិនព្រមសារភាពថា បានប្រព្រឹត្តបទឧក្រិដ្ឋនេះ។
នៅក្នុងករណីមួយទៀត អ្នករត់ម៉ូតូឌុបម្នាក់ដែលសារភាពថា បានរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំរបស់ខ្លួននៅផ្ទះក្នុងខេត្តព្រៃវែងកាលពីថ្ងៃសៅរ៍ ក៏ត្រូវបានចោទប្រកាន់ កាលពីម្សិលមិញដែរ នេះបើយោងតាមលោក ស្រេង ជា ស្នងការនគរបាលខេត្តនេះ ដែលកាលពីថ្ងៃអាទិត្យបានចាត់ទុកជនសង្ស័យរូបនេះថា “អាក្រក់ជាងសត្វធាតុ” ទៅទៀត។
លោកបានបន្ថែមកាលពីម្សិលមិញថា ”យើងបានធ្វើតេស្តទឹកនោមរបស់គាត់នៅព្រឹកមិញនេះ ហើយបានរកឃើញថា គាត់បានប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីន”៕ ស៊ុយឈាង