33 C
Phnom Penh

កម្មករ​ម្នាក់​ស្លាប់​ក្នុង​ពេល​ជិះ​កន្ត្រក​យោង​នៅ​ការដ្ឋាន​សំណង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កម្មករ​អាយុ​២១​ឆ្នាំ​បាន​ស្លាប់​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​គាប​ក្បាល​ខ្ទេច​ក្នុង​ខណៈ​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​កន្ត្រក​យោង​ដឹក​សម្ភារ​សំណង់។

យោង​តាម​លោក ជួប សុឃុន មេប៉ុស្តិ៍​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូនពេញ ឲ្យ​ដឹង​ថា អៀង ឡំ កំពុង​បញ្ជូន​ស៊ីម៉ង់តិ៍​និង​កម្រាល​ឥដ្ឋ​ទៅ​ជាន់​ទី​៩​នៃ​ការដ្ឋាន​សំណង់ Aquarius Hotel and Urban Resort នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​ដែល​គ្រោះថ្នាក់​នេះ​កើត​ឡើង។

លោក​បាន​និយាយ​ថា “ជន​រងគ្រោះ​កំពុង​អង្គុយ​ក្នុង​កន្ត្រក​យោង ហើយ​គាត់​បាន​ឮ​សំឡេង​មួយ គាត់​ក៏​អើត​ក្បាល​ចេញ​ពី​កន្ត្រក​យោង ក៏​ប៉ះ​នឹង​របា​ដែក”។ លោក​បាន​បន្ថែម​ថា លោក ឡំ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

កម្មករ​សំណង់​ម្នាក់​ទៀត ឈ្មោះ ធុន វិបុល បាន​និយាយ​ថា គាត់​និង​កូន​ស្រី​អាយុ​បួន​ឆ្នាំ​របស់​គាត់​កំពុង​ជិះ​កន្ត្រក​យោង​អែប អៀង ឡំ។គាត់​បាន​ពន្យល់​ថា កូន​ស្រី​របស់​គាត់​បាន​មក​លេង​ការដ្ឋាន​សំណង់ និង​អផ្សុក ហើយ​ក៏​សុំ​ជិះ​កន្ត្រក​យោង​នោះ ដូច្នេះ​អ្នក​ទាំង​ពីរ​សម្រេច​ឡើង​លើ​ជាមួយ អៀង ឡំ បើ​ទោះ​ជា​វា​ខុស​ពី​គោលការណ៍​ក្រុមហ៊ុន ចំពោះ​អ្នក​ជិះ​កន្ត្រក​យោង​ក៏ដោយ។

លោក វិបុល បាន​និយាយ​ថា គាត់​ក្រឡេក​មើល​ទៅ អៀង ឡំ បន្ទាប់ពី​គាត់​បាន​ឮ​សំឡេង​ចម្លែក។ លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ឃើញ​គាត់​អង្គុយ​ឥត​កម្រើក ដោយ​គ្មាន​លលាដ៍​ក្បាល” ដោយ​លោក​បន្ទោស​លើ​ការ​ធ្វេសប្រហែស​របស់​លោក ឡំ ប៉ុន្តែ​បាន​លើក​ឡើង​ថា វា​ជា​ការ​ធម្មតា​ទៅ​ហើយ​ចំពោះ​កម្មករ​ដែល​ជិះ​ក្នុង​កន្ត្រក​យោង។

បុរស​ម្នាក់​នៅ​កន្លែង​កើត​ហេតុ ដែល​ប្រាប់​ថា​ឈ្មោះ ទី ឲ្យ​ដឹង​ថា​គាត់​ជា​តំណាង​ក្រុមហ៊ុន​សំណង់ ទទួល​ខុសត្រូវ​ចំពោះ​ការដ្ឋាន​នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ទេ។ គាត់​ក៏​បាន​បន្ទោស​ការ​ធ្វេស​ប្រហែស​របស់​ជន​រងគ្រោះ ប៉ុន្តែ​បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​សង​សំណង​ដល់​គ្រួសារ​របស់​គាត់។

លោក អៀង ភឿន អាយុ​៦០​ឆ្នាំ ជា​ឪពុក​របស់ អៀង ឡំ បាន​និយាយ​ថា កូន​ប្រុស​របស់​លោក​ធ្វើការ​នៅ​ការដ្ឋាន​នេះ​រយៈ​ពេល​ពីរ​សប្តាហ៍​មក​ហើយ ដើម្បី​រក​ប្រាក់​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

លោក​បាន​និយាយ​ទាំង​ស្រក់​ទឹក​ភ្នែក​ថា “ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ប្រុស​ខ្ញុំ​ធ្វើការ​បែប​នេះ​ទេ ពីព្រោះ​វា​មិន​ចេះ​ខាង​សំណង់​ទេ ហើយ​ខ្ញុំ​គិត​ថា វា​គ្រាន់តែ​ធ្វើការ​លើ​ដី​ប៉ុណ្ណោះ។ ប្រសិនបើ​ខ្ញុំ​ដឹង​ថា វា​ត្រូវ​ឡើង​ចុះៗ​បែប​នេះ ខ្ញុំ​នឹង​មិន​ឲ្យ​វា​[ធ្វើការ​នៅ​ទីនោះ​ទេ]”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស