សកម្មជនជាង២០០នាក់ ដែលព្យាយាមជិះកង់ចេញពីក្រសួងកិច្ចការនារីឆ្ពោះទៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវានារីអន្តរជាតិ ត្រូវបានអាជ្ញាធរធ្វើការឡោមព័ទ្ធកាលពីព្រឹកម្សិលមិញ បន្ទាប់ពីជិះមិនបាន១០០ម៉ែត្រផង។
ក្រោយម៉ោង៨ព្រឹកបន្តិច សកម្មជនដែលភាគច្រើនជាស្ត្រី មន្ត្រីសហជីព កម្មកររោងចក្រកាត់ដេរ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលបានចេញដំណើរពីមុខអគារក្រសួងស្ថិតក្នុងខណ្ឌមានជ័យ ដោយមានគម្រោងជិះចម្ងាយ៩គីឡូម៉ែត្រទៅកាន់អគាររដ្ឋសភាដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី។

ប៉ុន្តែ ពួកគទើបតែចាប់ផ្តើមប៉ុណ្ណោះ ក៏ស្រាប់តែត្រូវបានឡោមព័ទ្ធដោយសន្តិសុខ នគរបាលខណ្ឌ និងមន្ត្រីកងរាជអាវុធហត្ថជាង៦០នាក់ដោយមានជំនួយពីរថយន្តដឹកដីធំៗ១០គ្រឿង ដែលបានបិទគន្លងផ្លូវទាំងពីរនៃផ្លូវទ្រុងមាន់តែម្តង។
អ្នកជិះកង់ទាំងអស់ត្រូវបានឡោមព័ទ្ធនៅកំណាត់ផ្លូវប្រវែង២៥០ម៉ែត្ររយៈពេលជិត៣ម៉ោង ដោយមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅពេលក្រុមសកម្មជនបានព្យាយាមចាកចេញ ហើយទីបំផុតត្រូវបានអនុញ្ញាតឲ្យចេញដំណើរនៅម៉ោងប្រហែល១១ថ្ងៃត្រង់។
អ្នកស្រី ជឹម ចាន់នាង អ្នកសម្របសម្រួលអង្គការ CEDAW ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិស្ត្រីដែលបានជួយរៀបចំព្រឹត្តិការណ៍ជិះកង់នេះបានមានប្រសាសន៍ថា ក្រុមសកម្មជនទទួលបានការព្រមានពីសាលារាជធានីកាលពីថ្ងៃច័ន្ទ ដែលលើកឡើងថា គេនឹងអនុញ្ញាតចំពោះតែព្រឹត្តិការណ៍នៅមួយកន្លែងនៅមុខក្រសួងប៉ុណ្ណោះ ប៉ុន្តែ ពួកគាត់បានសម្រេចបន្តដំណើរទៅមុខតាមផែនការរបស់ខ្លួន។
អ្នកស្រីបានលើកឡើងថា “ប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីខេត្តនានាមកចូលរួមរួចហើយ ដូច្នេះហើយយើងបានសម្រេចបន្តតាមផែនការ” ដោយអ្នកស្រីពន្យល់ថា អ្នករៀបចំបានសម្រេចមិនដាក់ញត្តិទៅរដ្ឋសភាទេ ប៉ុន្តែ សម្រេចធ្វើការជួបជុំគ្នានៅខាងក្រៅជំនួសវិញ។
អ្នកស្រីលើកឡើងថា “យើងគ្មានគម្រោងរារាំង និងធ្វើឲ្យស្ទះចរាចរណ៍ដោយការចែកផ្កាឡើយ… ដូច្នេះហើយយើងមិនគិតថា វាជាបញ្ហានោះទេ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការហាមមិនឲ្យមានការជិះកង់គឺជាការចាំបាច់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងទុកផ្លូវឱ្យនៅទូលាយ ហើយបានសួរពីមូលហេតុដែលក្រុមសកម្មជនចាំបាច់ត្រូវជិះកង់កាត់រាជធានី។
លោកបានថ្លែងថា “ពួកគេអាចប្រារព្ធទិវានេះនៅការិយាល័យរបស់ខ្លួនបាន ហេតុអ្វីបានជាចាំបាច់ជិះកង់សម្រាប់ការប្រារព្ធនេះ?។ មនុស្សគ្រប់រូបមិនអាចជិះកង់បានទេ ព្រោះវានឹងបង្កអសណ្តាប់ធ្នាប់សាធារណៈ។
លោក ម៉ា សុភាព អភិបាលរងខណ្ឌមានជ័យបានមានប្រសាសន៍ថា ការអនុញ្ញាតឲ្យអ្នកជិះកង់បន្តដំណើរទៅមុខ នឹងបានបញ្ជូនសារថា ប្រជាពលរដ្ឋអាចរៀបចំការជួបជុំបែបនេះតាមពួកគាត់ចង់។
លោកបានថ្លែងថា ”សាលារាជធានីបានអនុញ្ញាតឲ្យពួកគាត់ប្រារព្ធទិវានេះនៅមុខក្រសួងតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគាត់ទទូចទាមទារជិះកង់ រឿងអ្វីដែលយើងមិនឃាត់ពួកគាត់មុនពេលពួកគាត់បង្កការកកស្ទះចរាចរណ៍?”។
អ្នកស្រី ជួប ស្រីណុច សកម្មជនមកពីបណ្តាញយុវជនកម្ពុជាបាននិយាយថា អ្នកស្រីបានចូលរួមការជិះកង់នេះ ព្រោះវាហាក់ដូចជាវិធីមួយដ៏សប្បាយរីករាយក្នុងការទាក់ទាញចំណាប់អារម្មណ៍ចំពោះបុព្វហេតុសំខាន់។
អ្នកស្រីបានលើកឡើងថា ”ខ្ញុំចង់ជិះកង់របស់ខ្ញុំដើម្បីប្រារព្ធទិវាពិសេសនេះ ព្រោះដើម្បីភាពរីករាយ ហើយខ្ញុំចង់ឲ្យសាធារណជនយល់ដឹងបន្ថែមទៀតអំពីស្ថានភាពដែលស្ត្រីប្រឈមនៅក្នុងប្រទេសរបស់យើង។ ខ្ញុំមើលឃើញថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានការខិតខំប្រឹងប្រែងអនុវត្តសិទ្ធិស្ត្រីនៅឡើយទេ”៕សារុន