យោងតាមមន្ត្រីក្រសួងមហាផ្ទៃមួយរូបបានឲ្យដឹងថា អភិបាលខេត្តប្រាំពីររូបនឹងត្រូវចូលនិវត្ត ហើយជំនួសដោយមន្ត្រីវ័យក្មេងនៅដើមឆ្នាំក្រោយនេះ គឺឱ្យទាន់ពេលសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដែលគេរំពឹងទុកខ្ពស់។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការផ្លាស់ប្ដូរថ្នាក់ដឹកនាំនេះត្រូវបានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសកាលពីថ្ងៃច័ន្ទ។
លោក សក់ សេដ្ឋា បានថ្លែងថា “គាត់បានត្រៀមមន្ត្រីថ្មីរួចហើយ ដើម្បីដាក់ជំនួសអភិបាលខេត្តមួយចំនួនដែលនឹងចូលនិវត្ត។ ពួកគាត់នឹងចាប់ផ្តើមចូលនិវត្តនៅខែមេសា ឬខែឧសភាឆ្នាំនេះ ហើយថានឹងបន្តរហូតដល់ដើមឆ្នាំ២០១៧”។
លោកបានថ្លែងថា អភិបាលខេត្តដែលគ្រោងដាក់ជំនួសមកពីខេត្តកំពង់ធំ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រះវិហារ និងខេត្តបន្ទាយមានជ័យ។
លោក សក់ សេដ្ឋា អះអាងថា អភិបាលខេត្តទាំងនេះនឹងត្រូវដាក់ជំនួស ព្រោះពួកគាត់ឈានដល់អាយុ៦០ឆ្នាំជាអាយុដែលមន្ត្រីរាជការតម្រូវឲ្យចូលនិវត្ត។ លោកបានថ្លែងថា គ្មានហេតុផលផ្សេងដែលយើងផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួនឡើយ”។
លោក អ៊ូ សំអឿន អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការពីកាលបរិច្ឆេទចូលនិវត្តពិតប្រាកដរបស់លោកឡើយ ប៉ុន្តែលោកដឹងថា លោកជិតបញ្ចប់អាណត្តិរបស់លោកក្នុងការដឹកនាំខេត្តនេះហើយ។ លោកបានមានប្រសាសន៍ថា ”ខ្ញុំគ្រោងចូលនិវត្តក្នុងឆ្នាំ២០១៦ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានលិខិតផ្លូវការពីក្រសួងមហាផ្ទៃនៅឡើយទេ”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា បើទោះជាមេភូមិ និងមន្ត្រីមូលដ្ឋានមួយចំនួនបានប្រើប្រាស់ឥទ្ធិពលច្រើនក្នុងការបោះឆ្នោតឃុំ-សង្កាត់ក៏ដោយ ក៏ចំណាត់ការនេះមួយផ្នែកផ្តោតលើបំណងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបាញ់ឆ្ពោះទៅរកការពង្រីកប្លុកអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងប្រទេសដែរ។
លោក អ៊ូ វីរៈ បានថ្លែងថា “ឥឡូវនេះវាហាក់ដូចជាផ្នែកនៃយុទ្ធសាស្ត្រក្នុងការដោះដូរអ៊ីចឹង…ហើយធ្វើឡើងជាមួយយុវជនកាន់តែច្រើន”។ លោកបានបន្ថែមថា “គេនៅតែមើលឃើញអ្នកដែលនឹងដាក់ជំនួសពួកគាត់ ប៉ុន្តែប្រសិនបើដោយសារតែហេតុផល ពួកគាត់នឹងត្រូវចូលនិវត្តមែននោះ អ៊ីចឹងអ្នកដែលនឹងមកជំនួសពួកគាត់គឺអ្នកដែលមានអាយុតិចជាងពួកគាត់”។
លោកលើកឡើងថា “វាអាចថា អភិបាលខេត្តវ័យក្មេងទាំងនេះនឹងអាចមានឥទ្ធិពលច្រើនជាមួយយុវជន ជាមួយអ្នកបោះឆ្នោតវ័យក្មេង”៕ សារុន