មួយសប្តាហ៍បន្ទាប់ពីក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញបានរិះគន់សហព័ន្ធស្រូវអង្ករកម្ពុជា (CFR) ថាមិនសកម្ម អំឡុងពេលវិស័យនេះប្រឈមនឹងបរាជ័យ សហព័ន្ធនេះកាលពីម្សិលមិញបានប្រកាសនូវការបង្កើតក្រុមការងារពិសេសថ្មីមួយដើម្បីដោះស្រាយ បញ្ហាដែលសមាជិករបស់ខ្លួនកំពុងប្រឈម។
សហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដើម្បីតំណាងឲ្យកសិករ រោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញនៅកម្ពុជានោះ បានជួបពិភាក្សាគ្នានៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញដើម្បីពិភាក្សារកយុទ្ធសាស្ត្រដោះស្រាយបញ្ហាគំរាមកំហែងដែលកំពុងតែកើតឡើងចំពោះវិស័យស្រូវអង្ករ ក្នុងនោះរួមមានដូចជា កង្វះការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជាដើម ចំពេលមានការប្រកួតប្រជែងពីប្រទេសជិតខាង។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ក្រុមការងារពិសេសថ្មីនេះដែលមានសមាសភាពដូចជាមន្ត្រីសហព័ន្ធជាន់ខ្ពស់ជាដើមនោះ នឹងដោះស្រាយបញ្ហាត្អូញត្អែរបស់សមាជិកខ្លួនប្រកបដោយប្រសិទ្ធភាពជាងមុន ស្នើមូលនិធិថ្មីពីរដ្ឋាភិបាល ហើយនឹងទំនាក់ទំនងជាមួយម្ចាស់ ជំនួយទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកបានមានប្រសាសន៍ថា “ក្រុមការងារពិសេសនេះនឹងសិក្សាឱ្យបានស៊ីជម្រៅថា តើនរណាកំពុងជួបការលំបាក និងថាតើប្រាក់ប៉ុន្មានដែលយើងត្រូវការ។ យើងនឹងរៀបចំធ្វើរបាយការណ៍ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហើយស្នើថវិការយៈពេលខ្លីដ៏ពិសេស មួយ [សម្រាប់រោងម៉ាស៊ីកិនស្រូវ”]”។
លោកបានបន្ថែមថា ”យើងក៏នឹងធ្វើការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងដៃគូផ្សេងៗផងដែរ ដើម្បីជួយឱ្យសមាជិករបស់យើងទទួលបានឥណទាន”។
លោក សុខ ពុទ្ធីវុធ បានលើកឡើងទៀតថា ក្រុមការងារពិសេសនេះក៏នឹងពិចារណារកវិធីបញ្ចុះបញ្ចូលឱ្យមានការបង្កើតធនាគារឯកទេសមួយសម្រាប់វិស័យកសិកម្មនៅកម្ពុជាផងដែរ ជាធនាគារដែលនឹងជួយគាំទ្រឱ្យកាន់តែប្រសើរសម្រាប់តម្រូវការនៅក្នុងវិស័យស្រូវអង្ករ ដែលគេប៉ាន់ប្រមាណថា ផ្តល់ការងារដល់ប្រជាពលរដ្ឋមួយភាគប្រាំនៃប្រជាពលរដ្ឋសរុបទូទាំងប្រទេស។
កាលពីដើមសប្តាហ៍មុន ក្រុមរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញបានដាក់លិខិតរិះគន់ផ្លូវការជូនលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា មិនបានខិតខំតស៊ូមតិឱ្យបានគ្រប់គ្រាន់ជួសមុខឱ្យពួកគាត់ទេ។
លោក ភូ ពុយ តំណាងរោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តបាត់ដំបងដែលចុះហត្ថលេខាលើលិខិតរិះគន់នេះបានលើកឡើងថា ការត្អូញត្អែរដ៏សំខាន់មួយ គឺកង្វះមូលនិធិភ្លាមៗសម្រាប់រោងម៉ាស៊ីនកិនស្រូវដើម្បីទិញស្រូវពីកសិករ ដោយគូសបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាផ្តោតតែទៅលើមូលនិធិរយៈពេលវែង។
លោកបានមានប្រសាសន៍អំឡុងកិច្ចប្រជុំរបស់សហព័ន្ធស្រូវ អង្ករកម្ពុជាថា “យើងមិនចង់បានថវិការយៈពេលវែងទេ។ ប្រសិនបើយើងរង់ចាំប្រាក់៤០០លានដុល្លារ វិស័យនេះនឹងកាន់តែយ៉ាប់យ៉ឺន។ យើងត្រូវការប្រាក់២០លានដុល្លារជាបន្ទាន់ដើម្បីទិញស្រូវពីកសិករក្នុងពេលឥឡូវនេះ”។
លោកបានមានប្រសាសន៍ទៀតថា ”យើងក៏ត្រូវការកូតាដើម្បីកំណត់ការនាំចូលអង្ករចូលក្នុងទីផ្សារក្នុងស្រុកផងដែរ”។
លោក ចាន់ សុខហៀង នាយកប្រតិបត្តិក្រុមហ៊ុន Signature of Asia ជាក្រុមហ៊ុននាំ ចេញអង្ករក្នុងស្រុកបានលើកឡើងថា វា មានការលំបាកសម្រាប់រោងម៉ាស៊ីនកិនស្រូវលក្ខណៈគ្រួសារក្នុងការប្រកួតប្រជែងជាមួយអង្ករដែលតែងតែនាំចូលដោយខុសច្បាប់ និងមានតម្លៃថោក ជាពិសេសពីប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ថា ”គួរតែមាននីតិវិធីសម្រាប់ការនាំចូលអង្ករ ហេតុដូច្នេះ យើងអាចប្រកួតប្រជែងជាមួយពួកគេ ដោយត្រឹមត្រូវនិងមានតម្លាភាព។ ការនាំចូលដាច់ខាតត្រូវតែស្របច្បាប់មានគុណភាពស្តង់ដារ និងត្រូវតែឱ្យបង់ពន្ធឱ្យបានត្រឹមត្រូវ”។
កាលពីខែមករា អគ្គនាយកនៃអគ្គនាយក ដ្ឋានកសិកម្មនៅក្រសួងកសិកម្មបានរាយការណ៍ថា ទោះបីជាការនាំចេញអង្ករមានការកើនឡើង៣៩ភាគរយកាលពីឆ្នាំមុនក៏ដោយ ក៏កម្ពុជា នាំចេញអង្ករបានត្រឹមតែ៥៣៨.៣៩៦ តោនប៉ុណ្ណោះ ពោលគឺទាបជាងគោលដៅរបស់រដ្ឋាភិបាលដែលកំណត់ថា ត្រូវនាំចេញឱ្យបាន១លានតោន។ យោងតាមសហព័ន្ធ ស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រុមអ្នកសិក្សាស្រាវជ្រាវបានប៉ាន់ប្រមាណថា អង្ករវៀតណាមប្រហែល១លានតោនបាននាំចូលមកកម្ពុជាដោយខុសច្បាប់ជារៀងរាល់ឆ្នាំ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងកាលពីម្សិលមិញថា ក្រុមការងារពិសេសនេះនឹងស្នើប្រាក់ចន្លោះ ពី២០ទៅ៤០លានដុល្លារពីរដ្ឋាភិបាលដើម្បីជួយដោះស្រាយនៅក្នុងការចំណាយលើប្រតិបត្តិការនៅរដូវប្រាំងរបស់រោងម៉ាស៊ីនកិនស្រូវឱ្យបានប្រសើរឡើង។
លោកបានមានប្រសាសន៍ថា ”រោងម៉ាស៊ីនកិនស្រូវប្រហែល១០កន្លែងបានផ្អាកប្រតិបត្តិការរបស់ខ្លួនដោយសារខ្សត់ខ្សោយមូលនិធិ និងគ្មានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ យើងត្រូវការទទួលបានមូលនិធិសម្រាប់សមាជិករបស់យើងដើម្បីជួយពួកគាត់ទិញស្រូវ និងទប់ស្កាត់កុំឱ្យស្រូវហូរចេញទៅប្រទេសក្រៅ”។
លោក ហៀន វណ្ណហ៊ន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកកម្មនៅក្រសួងកសិកម្មបានលើកឡើងថា លោកស្វាគមន៍គម្រោងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដោយគូសបញ្ជាក់ថា ស្រូវដែលនៅសល់៤លានតោនជារៀងរាល់ឆ្នាំ ភាគច្រើនបានហូរចេញទៅប្រទេសវៀតណាម ជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញមិនទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំគិតថា សំណើសុំមូលនិធិគឺសមហេតុសមផល ព្រោះរោងម៉ាស៊ីនកិនស្រូវគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញស្រូវនោះឡើយ ដែលជាហេតុធ្វើឱ្យស្រូវហូរចេញទៅប្រទេសជិតខាង ព្រោះកសិករត្រូវការលក់ស្រូវរបស់ខ្លួនជាបន្ទាន់”។
លោកបានបន្ថែមថា “យើងត្រូវតែពង្រឹង ការចុះពិនិត្យមើល ហើយរឹតបន្តឹងការគ្រប់គ្រង [តាមបណ្តោយព្រំដែន] ជាមួយកងកម្លាំងប្រដាប់អាវុធ”។
លោក សុខ ពុទ្ធីវុធ បានលើកឡើងទៀតថា លោកសង្ឃឹមថា ក្រុមការងារពិសេសថ្មីនេះនឹងជួយកាត់បន្ថយបញ្ហាដែលសមាជិករបស់លោកកំពុងប្រឈម ប៉ុន្តែលោកបានក្រើនរំឭកថា ការកែប្រែត្រូវការពេលវេលាយូរដើម្បីអនុវត្ត។
លោកបានមានប្រសាសន៍ថា “ពីមុន គេគិតថា សហព័ន្ធស្រូវអង្ករបានតែនិយាយទេ។ ចំណាត់ការនេះនឹងបង្ហាញឱ្យឃើញថា ឥឡូវនេះយើងដោះស្រាយបញ្ហាហើយមិនមែនគ្រាន់តែបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នោះទេ”៕ស៊ុយឈាង