យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលដែលធ្វើដំណើរទៅក្រៅប្រទេសដើម្បីបំពេញការងារ ត្រូវប្រគល់លិខិតឆ្លងដែនផ្លូវការរបស់ខ្លួន នៅពេលពួកគេត្រឡប់មកដល់ប្រទេសកម្ពុជាវិញចាប់ពីខែនេះទៅ ដោយសារការប្រើប្រាស់ឯកសារមិនត្រឹមត្រូវក្នុងការស្នាក់នៅហួសរយៈពេលធ្វើដំណើរផ្លូវការ និងការចូលរួមនៅក្នុងការងារដែលមិនពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍ដែលបានចេញកាលពីម្សិលមិញមានខ្លឹមសារថា “ករណីទាំងនេះបានធ្វើឱ្យអាជ្ញាធរនៅក្នុងប្រទេសទាំងនោះមានការភ្ញាក់ផ្អើល ហើយពួកគេបានចាប់ផ្តើមយកចិត្តទុកដាក់កាន់តែខ្លាំង ពីព្រោះពួកគេមិនយល់ពីមូលហេតុដែលពលករចំណាកស្រុកខុសច្បាប់បានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ”។
យោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា “លិខិតឆ្លងដែនទាំងនេះ ដែលត្រូវបានចេញឱ្យមន្ត្រីដែលកំពុងបំពេញការងាររដ្ឋនៅក្រៅប្រទេសនោះ នឹងត្រូវដកយកវិញនៅចំណុចច្រកចូលព្រំដែនចាប់ពីថ្ងៃទី២១ ខែមីនាទៅ។
លោកបានមានប្រសាសន៍ថា “ថ្មីៗនេះ មន្ត្រីមកពីអង្គភាព និងស្ថាប័នមួយចំនួន នៅពេលចប់បេសកកម្មរបស់ខ្លួន… ពួកគេបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការសម្រាប់ធ្វើដំណើរទៅធ្វើការងារក្នុងនាមជាពលករចំណាកស្រុកខុសច្បាប់”។
លោក ជុំ សុន្ទរី បានថ្លែងថា នគរបាលអន្តោប្រវេសន៍ដែលឈរជើងនៅតាមច្រកព្រំដែនមានភារកិច្ចប្រមូលលិខិតឆ្លងដែនទាំងនេះ ហើយប្រគល់ទៅឱ្យក្រសួងការបរទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រព័ន្ធមុន ដែលក្នុងនោះ ក្រុមមន្ត្រីបានប្រគល់លិខិតឆ្លងដែនផ្លូវការរបស់ខ្លួនទៅក្រសួងរបស់ខ្លួនដោយផ្ទាល់ គឺគ្មានប្រសិទ្ធភាព។ លោកបានថ្លែងថា “[ឥឡូវនេះ] ក្រសួងត្រូវ ស្នើទៅក្រសួងការបរទេសដោយផ្ទាល់ឱ្យចេញលិខិតឆ្លងដែនផ្លូវការដល់រដ្ឋមន្ត្រី”៕សារុន