30 C
Phnom Penh

ច្បាប់សហជីព​​​ដ៏ចម្រូងចម្រាស​​​កំណត់​​​សម្រាប់​​​ពិនិត្យ​​​​​​ឡើងវិញ​​​ជាចុងក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​គណៈកម្មការ​​​នីតិកម្ម​​​នៃ​​​រដ្ឋសភា​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នឹង​​​ត្រូវ​​​អនុម័ត​​​ “ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ខាង​​​មុខ​​​” បន្ទាប់​​​ពី​​​ទទួល​​​ បាន​​​ព័ត៌មាន​​​ត្រឡប់​​​ជុំ​​​ចុង​​​ក្រោយ​​​ពី​​​បណ្តា​​​​​​សហជីព​​​ និង​​​និយោជក​​​អំឡុង​​​សិក្ខាសាលា​​​សាធារណៈ​​​មួយ​​​ធ្វើ​​​ឡើង​​​​​​នៅ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក បែ៉ន បញ្ញា តំណាង​​​រាស្ត្រ​​​គណបក្ស​​​​​​ ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​តំណាង​​​​​​ រាស្ត្រ​​​នឹង​​​ជួប​​​ជា​​​មួយ​​​ក្រសួង​​​ការងារ​​​នៅ​​​ថ្ងៃ​​​េនះ​​​ ដើម្បី​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ព័ត៌មាន​​​ត្រឡប់​​​​​​ហើយ​​​ពិចារណា​​​ការ​​​កែប្រែ​​ចុង​​​ក្រោយ​​​បង្អស់​​​។

ដោយ​​​​​​​ធ្វើការ​​​រៀបរៀង​​​អស់​​​រយៈ​​​ពេល​​​៨​​​ឆ្នាំ​​​មក​​​នេះ​​​ ច្បាប់​​​នេះ​​​​​​​​​នឹង​​​កំណត់​​​វិធាន​​​ថ្មីៗ​​​សម្រាប់​​​ការ​​​បង្កើត​​​ គ្រប់​​​គ្រង​​​និង​​​រម្លាយ​​​សហ​​​ជីព​​​ ​​​ហើយ​​​​​​បាន​​​រង​​​ការ​​​បន្ទោស​​​​​​ យ៉ាង​​​ខ្លាំង​​​ពី​​​ក្រុម​​​និយោជិត​​​ និង​​​​​និយោជក​​​​​​ដែល​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​តឹង​​​រឹុង​ពេក​​​មក​​​លើ​​​សហជីព​​​ ឬក៏​​​មិន​​​សូវ​​​តឹង​​​រឹុង។ ​​​ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​អនុម័ត​​​វា​​​អាច​​​មាន​​​ផល​​វិបាក​​​ខ្លាំង​​​សម្រាប់​​​វិស័យ​​​កាត់ដេរ​​​​​​​​​ដែល​​​មាន​​​សហជីព​​​ច្រើន​​​ស្អេក​​​ស្កះ​​​ និង​​​ញាំញី​​​ដោយ​​​កូដ​​​កម្ម​​​ ដែល​​​ជា​​​កម្លាំង​​​ចលករ​​​សេដ្ឋកិច្ច​​​ដ៏​​​សំខាន់​​​មួយរបស់​​​កម្ពុជា​​​។

នៅ​​​ឯសិក្ខាសាលា​​​កាល​​​ពី​​​ម្សិលមិញ ក្រុម​​​តំណាង​​​សហជីព​​​បាន​​​ត្រៀម​​​ខ្លួន​​​តតាំង​​នឹង​​​ក្រុម​​​​​​និយោជក ហើយ​​​ពេល​​​ខ្លះ​​​​​​បាន​​​តតាំង​​​គ្នា​​​ពាក់​​​​​ព័ន្ធ​​​បទប្បញ្ញត្តិ​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​ដែល​​​រួម​​​​​​មាន​​​ទាំង​​​វិធាន​​​សម្រាប់​​​ការ​​​បង្កើត និង​​​រម្លាយ​​​សហជីព​​​ ការ​​​រាយការណ៍អំ​​​ពី​​​ហិរញ្ញវត្ថុ​​​របស់​​​សហជីព​​​ និង​​​​​​​​ការ​​​កំណត់​​​ចំនួន​​​​សមាជិក​​​ដែល​​​ចូល​​​​​​រួម​​​​​​​​​​​​សម្រាប់​​​កូដកម្ម​​​ស្រប​​​ច្បាប់​​​ផង​​​ដែរ​​​។ ខណៈ​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​ព្រាង​​​ឡើង​​​កូដ​​​កម្ម​​​ស្រប​​​ច្បាប់​​​នឹង​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​សមាជិក​​​ជាង​​​ពាក់​​​កណ្តាល​​​នៅ​​​កិច្ច​​​ប្រជុំ​​​​​​​​​​​​ដែល​​​សមាជិក​​​ជាង​​​ពាក់​​​កណ្តាល​​​នៃ​​​សហជីព​​​មួយ​​​មាន​​​វត្ត​​​មាន​​​។

សហជីព​​​ខ្លះ​​​និយាយ​​​ថា វា​​​ជា​​​ចំនួន​​​ច្រើន​​​ពេក​​​ ជា​​​ពិសេស​​​សហជីព​​​ដែល​​​មាន​​​សមាជិក​​​តែ​​​ប៉ុន្មាន​​​ពាន់​​​នាក់​​​។

លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​​​​ (រូបកណ្តាល) មាន​​​ប្រសាសន៍​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​ ក្នុង​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily
លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​​​​ (រូបកណ្តាល) មាន​​​ប្រសាសន៍​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​ ក្នុង​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​​​​ប្រជា​​​ ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរកម្ពុជា​​​ (ស៊ីខៅឌូ) ​​​ដែល​​​ជា​​​សហ​​​ជីព​​ឯករាជ្យ​​​​ធំ​​​បំផុត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ បាន​​​តវ៉ា​​​មិន​​​ឲ្យ​​​មាន​​​ចំនួន​​​កំណត់​​​នេះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​អំពី​​​វិធាន​​​ដែល​​​តម្រូវ​​​ឲ្យ​​​អ្នក​​​ចូល​​​រួម​​​​​​មាន​​​ចំនួន​​​៥០ភាគរយ​​​បូក​​​១​​​ថា “នោះ​​​ជា​​​ក្តី​​​​​​បារម្ភ​​​​​​ដ៏​​​ធំ​​​។ នៅ​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ ​​​សូម្បី​​​​​មនុស្ស​​​ម្នាក់​​​ក៏​​​អាច​​​ធ្វើ​​​កូដ​​​កម្ម ឬបាតុកម្ម​​​​បាន​​​​​​ដែរ”។រដ្ឋធម្មនុញ្ញ​​​បាន​​​ចែង​​​ថា សិទ្ធិ​​​ធ្វើ​​​កូដ​​​កម្ម​​​ និង​​​បាតុកម្ម​​​ “ត្រូវ​​​តែ​​​ប្រើ​​​ប្រាស់​​​ក្នុង​​​ក្រប​​​ខណ្ឌ​​​ច្បាប់​​​”។

សហជីព​​​មួយ​​​ចំនួន​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ក៏​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​ដូច​​​បក​​​ចេក​​​សម្រាប​​​់​​​តុលាការ​​​បំបែក​​​ពួកគ​​​េផង​​​ដែរ​​​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ចែង​​​ថា ​​​សហជីព​​​ណា​​​មួយ​​​អាច​​​រម្លាយ​​​បាន​​​ចំពោះ​​​ការ​​​បំពាន​​​ច្បាប់​​ពី​​​​​​សំណាក់​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​ណា​​​ម្នាក់​​​​​ក្នុង​​​សហជីព​​​នោះ​​​​​​។ លោក​​​ ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ ​​​សហជីព​​​ចលនា​​​កម្មករ​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា វិធាន​​​មួយ​​​ចំនួន​​​គួរ​​​តែ​​​អនុវត្ត​​​ទៅ​​​លើ​​​ថ្នាក់​​​ដឹក​​​នាំ​​​សហជីព​​​ឲ្យដូចតំណាង​​​រាស្ត្រ​​​។

លោក​​​ថ្លែង​​​ថា “បើ​​​បទ​​​ល្មើស​​​ប្រព្រឹត្ត​​​ដោយ​​​​​​សមាជិក​​​ណា​​​ម្នាក់​​ ​​​រដ្ឋសភា​​​អាច​​​ដក​​​​​​សមា​​​ជិក​​​រូប​​​នោះ​​​ចេញ​​​បាន​​​ ប៉ុន្តែយើង​​​មិន​​​គួរ​​​រម្លាយ​​​ស្ថាប័ន​​​ទាំង​​​មូល​​ទេ”។

សហជីព​​​​​​ខ្លះ​​​ក៏​​​ជំទាស់នឹង​​​បទ​​​ប្បញត្តិ​​​មួយ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ដែល​​​តម្រូវ​​​ឲ្យ​​​ពួក​​​គេ​​​ប្រគល់ព័ត៌​​​​​​មាន​​​​​​​​​លម្អិតស្តីពី​​​ហិរញ្ញ​​​វត្ថុ​​​​​​​​​របស់​​​ខ្លួន​​​ ​​​ហើយ​​​បារម្ភ​​​ខ្លាច​​​រដ្ឋាភិបាល​​​​​​ប្រើ​​​ប្រាស់​​​ព័ត៌មាន​​​​​​ក្នុង​​​ផ្លូវ​​​មិន​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​លើ​​​អ្នក​​​ដែល​​​ប្រឆាំង​​​​​មាគ៌ា​​​​​​របស់​​​រដ្ឋាភិបាល​​​។

ប៉ុន្តែ លោក សោម អូន ប្រធាន​​​សហព័ន្ធ​​​​​​សហ​​​ជីព​​​កម្មករ​​​កម្ពុជា ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សហជីព​​​ដែល​​​ត្រឹម​​​ត្រូវ​​​​​​តាម​​​​​​ច្បាប់​​គ្មាន​​​អ្វី​​​គួរ​​​ឲ្យ​​​​​​ខ្លាច​​​ទេ​​​។លោក​​​​​បាន​​​​​​បន្ត​​​​​​ថា “វា​​​ជា​​​ចំណុច​​​ល្អ​​​បើ​​​យើង​​​ជា​​​មនុស្ស​​​ល្អ យើង​​​មិន​​​គួរ​​​បារម្ភ​​​ទេ​​​។ ​​​បើយើង​​​ល្អ​​​ យើង​​​គ្មាន​​​អ្វី​​​ត្រូវ​​​លាក់​​​បាំង​​​ទេ​​​”។

តំណាង​​​សហជីព​​​ជា​​​ច្រើន​​​ក៏​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​បង្កើត​​​តុលាការ​​​ការ​​​ងារ​​​ដែល​​​គួរ​​​តែ​​​មាន​​យូរ​​​មក​​​ហើយ​​​ដើម្បីដោះ​​​ស្រាយ​​​វិវាទ​​​ ដោយ​​​សង្ឃឹម​​​ថា ​​​វា​​​នឹង​​​ឯករាជ្យ​​​ជាង​​​តុលាការ​​​ធម្មតា​​​​​​ដែល​​​ពុក​​​រលួយ​​​ខ្លាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​។ តំណាង​​​មួយ​​​ចំនួនក៏​​​បាន​​​ស្នើ​​​ឲ្យ​​​​​អនុវត្ត​​​​​​ច្បាប់​​​នេះ​​​ទៅ​​​លើ​​​កម្មករ​​​ក្រៅ​​​ប្រព័ន្ធ​​​​​​​​​​​​ បន្ថយ​​​អាយុ​​​អប្បបរមា​​​សម្រាប់​​​ការ​​​ទទួល​​​យក​​​តួនាទី​​​ដឹក​​​នាំ​​​​​​ក្នុង​​​សហជីព​​​ពី​​​វ័យ​​​២៥​​​ឆ្នាំ​​​មក​​​នៅវ័យ​​​១៨​​​ឆ្នាំ​​​ និង​​​ហាម​​​ឃាត់​​​ថ្នាក់​​​ដឹក​​​នាំ​​​សហជីព​​​មិន​​​ឲ្យ​​​កាន់​​​​តំណែង​​​ក្នុង​​​ពេល​​​តំណាល​​​គ្នា​​​ជា​​​ទី​​​ប្រឹក្សា​​​រដ្ឋាភិបាល​​​ ឬ​​​ទី​​​ប្រឹក្សា​​​រោង​​​ចក្រ​​​ដូច​​​បុគ្គល​​​មួយ​​​ចំនួន​​​ធ្វើ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​។

ក្រុម​​​សហជីព​​​និយាយ​​​ថា ការ​​​ផាក​​​ពិន័យ​​​សម្រាប់​​​បទ​​​ល្មើស​​​ផ្សេង​​​ៗដែល​​​អាច​​​កើន​​​ឡើង​​​ដល់​​​៥​​​លាន​​​រៀល​​​ (ប្រហែល​​​១.២៥០​​​ដុល្លារ​​​)​​​ វា​​​ច្រើន​​​ពេក​​​ដែល​​​ធ្វើ​​​ឲ្យ​​​សហជីព​​​មួយ​​​ចំនួន​​​គ្មាន​​​លទ្ធភាពបង់​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​ស៊ីប្រាក់​​​ខែ​​​រោង​​​ចក្រ​​​កាត់ដេរ​​​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​​​រង​​​នៃ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅកម្ពុជា​​​ ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នាំ​​​ចេញ​​​ជាង​​​៥០០​​​នៅ​​​ក្នុង​​​ប្រទេស​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផាក​​​ពិន័យ​​​​​នេះមិន​​​សូវតឹង​​​រឹុង​​​ទេ​​​។ លោក​​​គូស​​​បញ្ជាក់​​​ថា ប្រសិន​​​បើ​​​គ្មាន​​​ការ​​​ដាក់​​​ទោស​​​ព្រហ្មទណ្ឌ “បុគ្គល​​​​​​អាច​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​”។

លោក​​​​​​​​​​​​​បាន​​​​​​បន្ត​​​​​​​​​​​​​​​ថា សមាគម​​​នេះ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​បទ​​ប្បញត្តិ​​​មួយ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​មនុស្ស​​​១០​​​​​​នាក់​​​អាច​​​បង្កើត​​​សហជីព​​​បាន​​​ ហើយ​​​ចង់​​​ឲ្យ​​​​​​កំណត់​​​​​​យក​​​២០​​​ភាគ​​​រយ​​​នៃ​​​និយោជិត​​​​​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​នីមួយ​​​ៗ  “ពីព្រោះ​​​ពេល​​​មាន​​​សមាជិក​​​ច្រើន វា​​​ផ្តល់​​​តម្លៃ​​​ដល់​​​អ្នក​​​តំណាង”​​​។

​​​​​​លោក​​​​​​​​​​​បាន​​​​​​លើក​​​ឡើង​​​​​​ទៀត​​​​​​ថា ដោយ​​​មាន​​​សហជីព​​​រាប់​​​ពាន់​​​រួច​​​ទៅ​​​ហើយ ”វា​​មាន​​​​​​ភាព​​​អនាធិបតេយ្យ​​​​​​ យើង​​​មិន​​​ដឹង​​​ថាអ្នក​​​ណា​​​មាន​​​តំណាង​​​ច្រើន​​ជាង​​​គេ​បំផុត​​​​​​ទេ​​​​​​ ដូ​​​ច្នេះ​​​​​អ្នក​​​ណា​​​ក៏​​​អាច​​​អះអាង​​​​​ថា​​​ខ្លួន​​​​​មាន​​​តំណាង​​​ច្រើន​​​​​​​​​ជាង​​​គេ​​​បំផុត​​​​​​​បាន​​​ដែរ ហើយ​​​យើង​​​មិន​​​​​ដឹង​​​ថាត្រូវ​​​ចរចា​​​ជា​​​សមូហភាព​​​ជាមួយ​​​នរណា​​​​​​​​​នោះ​​​ទេ”។

សមាគម​​​នេះ​​​ក៏​ចង់​​​​​​ឲ្យ​​​ច្បាប់​​​នេះ​​​តម្រូវ​​​ឲ្យ​​​​​ថ្នាក់​​​ដឹក​​នាំ​​​សហ​​​ជីព​ទទួល​​​បាន​​​ការ​​​អប់​​​រំ​​​ក្នុង​​​ប្រព័ន្ធ​​​ជា​​​មូល​​​ដ្ឋាន​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​ក្រសួង​​​ការ​​​ងារ​​​ព្យួរ​​​សហជីព​​​ណា​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​បំពាន​​​ច្បាប់​​​ ហើយ​​​​​​បារម្ភ​​​ថា ការ​​​រង់​​​ចាំ​​​ឲ្យ​​​តុលាការ​​​ដាក់​​​ទោស​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ការ​​​ពេល​​យូរ​​ពេក​​​។

អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​(ILO) ដែល​​​បាន​​​ផ្តល់​​​អនុសាសន៍​​​ដល់​​​រដ្ឋាភិបាល​​​​​​នៅ​​​​​​ក្នុង​​​ដំណើរ​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​នេះ​​​​​​ទាំង​​​មូល​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ខ្វះ​​​កាតព្វកិច្ច​​​ សន្ធិសញ្ញា​​​អន្តរជាតិ​​​លើ​​​ចំណុច​​​មួយ​​​ចំនួន​​​។ ទោះជាយ៉ាង​​​ណា​​​ នៅ​​​ឯសិក្ខាសាលា​​​នោះ​​​ លោក អាឡាំង​​​​​​​​​​​​ ប៉េល​​​សេ (Alain Pelce)  អ្នក​​​ឯកទេស​​​ខាង​​​ច្បាប់​​​ការ​​​ងារ​​​នៅ​​​អង្គការ​​​ ILO បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​ទាក់​​​ទិន​​​​​​កំណែ​​​ចុង​​​ក្រោយ​​​នេះ​​​។

លោក អិុត ​​​សំហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​មានប្រសាសន៍ថា លោក​​​គាំទ្រ​​ការ​​​កែប្រែ​​​តូច​​​តាច​​មួយ​​​ចំនួន​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​ការ​​ផ្តល់​​​​​ពេលវេលា​​​​​​បន្ថែម​​​ទៀត​​​សម្រាប់​​​​​​ ប្រគល់​​​លេខ​​​គណនី​​​ធនាគារ​​​របស់​​​ខ្លួន​​​ និង​​​ការ​​​បន្ទាប​​​ចំនួន​​​សហជីព​​​ដែល​​ចាំ​​​បាច់​​​សម្រាប់​​​បង្កើត​​​សហព័ន្ធ​​​សហជីព។ ប៉ុន្តែ លោក​​​នៅ​​​តែ​​​គាំទ្រ​​​ការ​​​​​​អនុញ្ញាត​​​ឲ្យ​​​មនុស្ស​​​១០​​​នាក់​​​បង្កើត​​​សហជីព​​​បាន​​​ ដោយ​​​តម្រូវ​​​ឲ្យ​​​សហជីព​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​​​​ច្រើន​​​​​​ពី​​​សមាជិក​​​របស់​​​ខ្លួន មុន​​​ពេល​​​​​ធ្វើ​​​កូដ​​​កម្ម និង​​​​​ទាម​​​ទារ​​​ឯកសារ​​​ហិរញ្ញ វត្ថុ​​​របស់​​​ពួក​​​គេ​​​។

លោក​​​ថ្លែង​​​ថា ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​ “យើង​​​ត្រូវ​​​មាន​​​គណនី​​​ [ធនាគារ]​​​ ដើម្បី​​​ធានា​​​បាន​​​​​​​​​នូវ​​​​​​យុត្តិធម៌​​​ ថាតើ​​​អ្នក​​​ណា​​​ត្រូវ​ ហើយ​​​​​​​​​​​​អ្នក​​ណា​​​​​ប្រឈម​​​បញ្ហា​​​”។

លោក អិុត សំហេង និង​​​មន្ត្រី​​​របស់​​​លោក  នឹង​​​ជួប​​​ជាមួយ​តំណាង​​​រាស្ត្រ​​​​​គណបក្ស​​​ប្រឆាំង​​​  និង​​​គណបក្ស​​​កាន់​​​អំណាច​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិចារណា​​​​​​ថា តើ​​​ត្រូវ​​​ធ្វើ​​​ការ​​​កែប្រែ​​​ច្បាប់​​​​​​​នេះ​​​​​​​​​នៅ​​នាទីចុង​​​ក្រោយ​ឬ​​​យ៉ាណា មុន​​​ពេល​​​រដ្ឋ​​​សភា​​​កំណត់​​​កាល​​​បរិច្ឆេទ​​​បោះ​​​ឆ្នោត​​​៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស