26 C
Phnom Penh

ជនរួម​ភេទ​ជាមួយ​កុមារ​ទំនង​នៅ​​​​​​សៀមរាប ប៉ុន្តែ​​​​មិន​ទាន់​មាន​​​ដីកា​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​ឲ្យ​​​ដឹង​​​ថា បើ​​ទោះ​​​ជា​​បុរស​ជនជាតិ​ហុលឡង់ Pieter Ceulen ជា​ជន​រួម​ភេទ​ជាមួយ​កុមារ ទំនង​​​ជា​​​បាន​​​ត្រឡប់​​​មក​​​ក្រុង​​​សៀមរាប​​​វិញ កន្លែង​​​ដែល​​​​​​ជន​នេះ​​​រស់​​​នៅ​​​មិន​​​ទៀង​​​ទាត់​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ នៅ​​​ពេល​​​មាន​ការ​បៀត​​​បៀន​​​កុមារ​​​ និង​ទារក សូម្បី​​​តែ​​​កូន​​​ស្រី​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​ផ្ទាល់​ក៏ដោយ​នោះ ក៏​​អាជ្ញាធរ​​​មិន​​​ទាន់​​​បាន​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​គាត់​​​នៅ​​​ឡើយដែរ​​​។

កាល​​​ពី​​​ឆ្នាំ​​​២០១២ FBI បាន​​​រក​​​ឃើញ​​​ឯក​​​សារ​​​ជាង​​​៤០0.០០០​​​ដែល​​​មាន​​​រូប​​​អាស​អាភាស​​​ កុមារ​​​ក្នុង​​​កុំព្យូទ័រ​​​របស់​​​លោក​​​ Ceulen ​​​នេះ​​​​​​បើ​​​យោង​​​តាម​​​បណ្តាញ​​​ព័ត៌មាន​​​បែល​​​ហ្សិក​​​នៅ​​​ពេល​​​នោះ ជា​ហេតុ​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​សើុប អង្កេត​​​មួយ​​​ដែល​​​បាន​​​ឈាន​​​ដល់​​​ការ​​​កាត់​​​ទោស​​​គាត់​កំបាំង​​​មុខ​​​នៅ​​​ទី​​​នោះ​​​កាលពី​​ខែ​​​មករា។ បុរស​​​អាយុ​​​៦០​​​ឆ្នាំ​​​មាន​​​ស្តុក​​​ស្តម​​​្ភ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​១៩​​​ឆ្នាំ​​​ពី​​​បទ​​​ផលិត​​​រូប​​​អាសអាភាស​​​​​​កុមារ និង​​​បៀតបៀន​​​ផ្លូវ​​​ភេទ​​​អនីតិជន​​​​​​ ក្នុង​​​នោះ​​​មាន​​​ទារក​​​ទើប​​​នឹង​កើត និង​កូន​​​ស្រី​​​ជា​​​ច្រើន​​​នាក់​​​ដែល​​​គាត់​​​​​បាន​​​យក​​​មក​​​ចិញ្ចឹម​​​នៅ​​​ពេល​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​ផង​ដែរ។

ប៉ុន្តែ នៅ​​​ពេល​​​ដែល​​​សមត្ថកិច្ច​​​បាន​​​ទៅ​​​ចាប់​ខ្លួន​​​គាត់​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​ប្រទេស​​​បែលហ្សិក គាត់​​​បានគេចខ្លួន​​​បាត់​​​។ តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​គេ​​​បាន​​​បន្ថែម​​​រូប​​​គាត់​​​ទៅ​ក្នុង​បញ្ជី​​​នៃ​​​មនុស្ស​​​ត្រូវ​​​​​​តាម​ចាប់​​​ខ្លួន​​​បំផុត​​​របស់​​​អាំងទែប៉ូល។

លោក​​​ស្រី​​​ ដួង ថាវរី​​​ នាយការិយាល័យ​​​នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការពារ​​​​​​អនីតិជន​​​នៃ​​​ស្នង​​​ការដ្ឋាន​​​នគរបាល​​​ខេត្ត​​​សៀម​​​​​​រាប បាន​​​និយាយ​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ថា ទាំង​​​មន្ត្រី​​​នគរបាល​​​ជាតិ​និង​​​មូលដ្ឋាន​​​បាន​​​និង​កំពុង​​​តាម​​​ដាន​​​ករណី​នេះ​​​យ៉ាង​​​ដិត​​​ដល់​​​ ប៉ុន្តែ ​​​បើ​​​ទោះ​​​ជា​​​​​​ព័ត៌មានដែល​​​ទទួល​​​បាន​​​​​​បង្ហាញ​​​ថា ជន​​​រួម​​​ភេទ​​​​​​ជាមួយ​​​កុមារ​​​រូប​​​នេះ​​​​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ក្រុង​​​សៀមរាប​​​វិញ​​​ហើយ​​​ក៏​​​ដោយ ​​​ក៏​​​មន្ត្រី​​​របស់​​​លោក​​​ស្រី​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅ​​​ឡើយ​​ដែរ​​​។

លោក​​​ស្រី​​​បាន​​​និយាយ​​​ថា “យើង​​​ដឹង​​​ថា គាត់​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ទីក្រុង​​​នេះ”។ ក្រោយ​​​​​​មក​​​លោក​​​ស្រី​​​បាន​​​បញ្ជាក់​​​ថា លោកស្រី​​​ ” ​​​ប្រាកដ​​​​​​ ៩០​​​ភាគ​​​រយ”។​​​

ដោយ​​​មិន​​​ពន្យល់​​​ច្រើន លោក​​​ស្រី​​​បាន​​​និយាយ​​​ថា “នគរបាល​​​របស់​​​យើង​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ដីកា​​​ចាប់​​​ខ្លួន​​​ពី​​​នគរបាល​​​ជាតិ​​​នៅ​​​ឡើយ ប៉ុន្តែ យើង​​​កំពុង​​​តែ​​​សង្កេត​​​តាម​​​ដាន​​​សញ្ញា​ជា​​​ច្រើន​​​របស់​​​ជន​​​សង្ស័យ​​​នេះ ពីព្រោះ​​​យើង​​​បាន​​​ដឹង​​​ថា គាត់​​​ស្ថិត​​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប”។

លោក សារ៉ាន កំសត់ អ្នក​នាំពាក្យ​អគ្គ​ស្នង​​​ការ​នគរបាល​ជាតិ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​ម្នាក់​​​ទៀត​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន។ លោក ស៊ត ឌីណា ស្នង​​​ការ​នគរបាល​ខេត្ត​សៀមរាប និង​​​ស្នងការ​​​ រង​​​របស់​​​លោក​​​ គឺ​លោក ថង សុគន្ធ ក៏​​​បាន​​​និយាយ​​​​​​ដែរ​​​ថា ពួក​​​លោក​​មិន​​​បាន​​​ទទួល​​​ដីកា​​​ចាប់​​​ខ្លួន​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​បន្ថែម។

លោក Dirk Depover ប្រធាន​​​ទំនាក់​​​ទំនង​​​នៅ​​​អង្គការ Child Focus​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​​​​បែលហ្សិក  ​​​ដែល​​​​​​បាន​​​តស៊ូ​​​មតិ​​​ជំនួស​​​ជន​​​រង​​​គ្រោះ​​​នៅ​​​ក្នុង​​​សវនាការ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​អង្គការ​​​នេះ​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ថ្វាយ​​​ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី ទាក់​​​ទិន​​​នឹង​​​ការ​​​បាត់​​​ខ្លួន​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​រូប​នេះ។

លោក​​​បាន​​​និយាយ​​​ថា “លិខិត​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ចំណាត់​​​ការ​​​លើ​​​ករណី​​​នេះ​​​ ដោយ​​​បញ្ជាក់​​​ថា បុរស​​​នេះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​… ហើយ​​​ករណី​​​នេះ​​​នៅ​​​ក្នុង​​​សង្គម​​​បែលហ្សិក​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​កំហឹង​​​យ៉ាង​​​ច្រើន”។ ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា នគរបាល​បែល​​​ហ្សិក​​​បាន​​​​​​ទាក់​​​ទង​​​ជា​​​មួយ​​​សម​​​ភាគី​​​កម្ពុជា​​​ហើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “នគរបាល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គួរ​​​ដឹង​​​ហេតុការណ៍​​​នេះ”។

ដូច​​​លោក​ស្រី ថាវរី និង​​​លោក​​​ សំលៀង ​​​សិលា ប្រធាន​​​អង្គការ​​​សកម្ម​​​ភាព​​​ដើម្បី កុមារ​​​ដែល​​​បាន​​​ជួយ​​​សមត្ថកិច្ច​​​បែលហ្សិក​​​ក្នុង​​​ការ​​​ប្រាប់​​​ភិនភាគ​​​កុមារ​​​ក្នុង​​​កម្រង​​​រូប​​​អាស​គ្រាម​​​ដ៏​​​ច្រើន​​​របស់​​​លោក Ceulen ដែរ​នោះ លោក Depover បាន​​​និយាយ​​​ថា បុរស​ហុលឡង់​​​រូប​​​នេះ​​​ប្រហែល​​​បាន​​​ត្រឡប់​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ហើយ។

លោក​​​បាន​​​និយាយ​​​ដោយ​​​ខ្លី​​​ថា “ប្រភព​​​ជា​​​ច្រើន​​​បាន​​​បង្ហាញ​​​ថា គាត់​​​ប្រហែល​​​បាន​​​ភៀស​​​​​​ខ្លួន​​​មក​​​ប្រទេស​​​កម្ពុជា”។

អ្នក​​​កាសែត​​​បែលហ្សិក​​​ លោក Pieter Huy​​​berechts ដែល​​​បាន​​​រាយការណ៍​​​ករណី​​​នេះ​​​ឲ្យ​​​កាសែត​​​ Het Nieuwsblad បាន​​​និយាយ​​​ថា ​​​មេធាវី​​​របស់​​​លោក​​​ Ceulen បាន​​​ប្តឹង​​​​​​ឧទ្ធរណ៍​ពាក់​​​ព័ន្ធ​​​ការ​​​ផ្តន្ទាទោស​​​នេះ ហើយ​​​ថា សវនាការ​​​គ្រោង ​​​​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​ឧសភា៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស