ក្នុងសវនាការនៅឯតុលាការកំពូលកាលពីថ្ងៃពុធ សមាជិកក្រុមដែលកាត់ឲ្យជាប់ទោសពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល បានអះអាងថា ពួកគេគិតថា ពួកគេមានបេសកកម្មដែលមានទឹកប្រាក់រាប់លានដុល្លារដើម្បីស្វែងរក និងសម្លាប់ អូសាម៉ា ប៊ិនឡាដិន។
បុរសទាំង៦នាក់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ឲ្យជាប់ទោសក្នុងឆ្នាំ២០១១ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលជាក្រុមចលនាសុវណ្ណភូមិ។ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមតុលាការក្រុងក្នុងឆ្នាំ២០១៣ ដែលមានទោសជាប់ពន្ធនាគារពី១៥ឆ្នាំទៅ១៧ឆ្នាំ។
ក្នុងសវនាការកាលពីថ្ងៃពុធ អតីតទាហាន លោក ជា សារ៉ាន់ ជាមេដឹកនាំបានអះអាងជាលើកដំបូងថា មានបុរសម្នាក់ឈ្មោះ ថាត ថៃ បានមកជួបខ្លួនក្នុងឆ្នាំ២០០៧ ហើយលោកគិតថា គេបានជ្រើសរើសលោកឲ្យស្វែងរកអតីតមេដឹកនាំតាលីបង់គឺ លោក អូសាម៉ា ប៊ិនឡាដិន ដែលសង្ស័យថាលាក់ខ្លួនក្នុងប្រទេសកម្ពុជា។

លោក សារ៉ាន់ បានប្រាប់តុលាការថា “ខ្ញុំមិនអាចផ្តួលរំលំរដ្ឋាភិបាលបានទេ ពីព្រោះខ្ញុំបម្រើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល១២ឆ្នាំមកហើយក្រោយពីរបប ប៉ុល ពត។ ខ្ញុំទទួលបានព័ត៌មានពីមនុស្សម្នាក់ឈ្មោះ ថាត ថៃ ដែលបានប្រាប់ខ្ញុំឲ្យបង្កើតចលនាមួយ ដើម្បីរក ប៊ិនឡាដិន ហើយគាត់នឹងឲ្យលុយខ្ញុំ២០លានដុល្លារ”។
លោក សារ៉ាន់ ដែលបានបង្កើតចលនាសុវណ្ណភូមិក្នុងឆ្នាំ២០០៦ ក្នុងពេលដែលលោកជាកងសន្តិសុខរបស់គណបក្ស សម រង្ស៊ី បាននិយាយថា លោក ថាត ថៃ ដែលមិនបានបង្ហាញថា មានតួនាទីអ្វីក្រៅតែពីឈ្មោះនោះ ក៏បានផ្តល់សក្តិជាឧត្តមសេនីយ៍ត្រីឲ្យលោកដែរ។
ចៅក្រម គីម សត្ថាវី បានសួរថា “តើលោកជឿថា ប៊ិនឡាដិន មកកម្ពុជាឬទេ?”។
លោក សារ៉ាន់ បានឆ្លើយថា “ខ្ញុំមិនច្បាស់ថា ប៊ិនឡាដិន នៅក្នុងកម្ពុជាទេ ប៉ុន្តែ គេសន្យាឲ្យលុយខ្ញុំច្រើន អ៊ីចឹងខ្ញុំក៏ចង់មានគម្រោងជួយគ្រួសារខ្ញុំ”។
លោក សារ៉ាន់ បាននិយាយថា “ខ្ញុំសូមអំពាវនាវថ្ងៃនេះ ពីព្រោះតុលាការក្រុងគឺខុស។ យើងគ្រាន់តែជាអ្នកស៊ើបប៉ុណ្ណោះ មិនមែនជាចលនាផ្តួលរំលំរដ្ឋាភិបាលទេ”។
អូសាម៉ា ប៊ិនឡាដិន ត្រូវសម្លាប់ដោយទាហានអាមេរិកមួយក្រុមក្នុងប្រទេសប៉ាគីស្តានក្នុងខែឧសភា ឆ្នាំ២០១១។
ចុងចោទម្នាក់ទៀត គឺលោក ជុំ វិជ័យ បាននិយាយថា លោក សារ៉ាន់ បានជ្រើសរើសរូបគាត់ឲ្យស្រាវជ្រាវមនុស្សមួយចំនួន ហើយថា លោក ថាត ថៃ បានប្រាប់គាត់ថា បេសកកម្មនោះគាំទ្រដោយលោក ឱម យ៉ិនទៀង ដែលនៅពេលនោះជាទីប្រឹក្សាលោក ហ៊ុន សែន ហើយបច្ចុប្បន្នជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោក វិជ័យ បានប្រាប់តុលាការថា លោកមានជំងឺសរសៃប្រសាទ។
ចៅក្រម សត្ថាវី បាននិយាយថា គ្មានភ័ស្តុតាងណាដែលបញ្ជាក់ថា ពួកគេមានបេសកកម្មស្រាវជ្រាវធម្មតានោះទេ។
លោក នូ ចន្ថា ជាមេធាវីការពារក្តីក្រុមនេះបានផ្តល់ទឡ្ហីករណ៍ថា ក៏គ្មានភ័ស្តុតាងបង្ហាញថា ពួកគេមានបេសកកម្មប្រដាប់អាវុធក្នុងការផ្តួលរំលំរដ្ឋាភិបាលដែរ។
មេធាវីរូបនេះបាននិយាយថា “បើគេចង់ផ្តួលរដ្ឋាភិបាល គេត្រូវមានមូលដ្ឋានទ័ព ឬយុទ្ធភ័ណ្ឌ។ បើគេចង់ប្រឆាំងរដ្ឋាភិបាល គេនឹងមិនមានត្រឹមតែកាំភ្លើងពីរបីដើមប៉ុណ្ណោះទេ”។
នៅពេលដែលបុរសទាំងនេះត្រូវបានចាប់ខ្លួនក្នុងក្រុងភ្នំពេញកាលពីខែមីនា ឆ្នាំ២០១១ មន្ត្រីកងរាជអាវុធហត្ថម្នាក់បាននិយាយថា ពួកគេក៏ជាប់ពាក់ព័ន្ធនឹងអាវុធខុសច្បាប់ដែរ ប៉ុន្តែ មិនបានបញ្ជាក់ថាតើនគរបាលពិតជាបានរកឃើញអាវុធនោះទេ។
មានចុងចោទផ្សេងទៀតគឺលោក លីវ សុខសុវណ្ណ លោក ផ្លត រី លោក យុំ ហេវ និងលោក ផត ផ។ ក្នុងសវនាការនៅសាលាឧទ្ធរណ៍កាលពីឆ្នាំ២០១៣ ព្រះរាជអាជ្ញាបាននិយាយថា លោក ហេវ និងលោក ផ គឺទំនងមិនមានទោសទេ ហើយគួរតែដោះលែង។ តុលាការកំពូលបាននិយាយថា សាលដីកានឹងប្រកាសនៅថ្ងៃពុធ៕ រើន