40.9 C
Phnom Penh

លោក ហេង សំរិន បញ្ជូន​សំណួរ​ពាក់ព័ន្ធ​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច​កងទ័ព​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជាង​មួយ​ខែ​បន្ទាប់ពី​បដិសេធ​លិខិត​មួយ​ច្បាប់​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង​មួយ​រូប ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​ទាក់ទិន​នឹង​ចម្ការ​ក្នុង​ខេត្ត​រតនគិរី​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៅ​សប្តាហ៍​នេះ បាន​បញ្ជូន​លិខិត​នោះ​ទៅ​លោក​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។

លិខិត​នោះ​មកពី​លោក អ៊ុំ សំអាន តំណាង​​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​រិះគន់​ខ្លាំង​លើ​កិច្ចការ​ការពារ​ព្រំដែន​ប្រទេស​កម្ពុជា​​​​ របស់​រដ្ឋាភិបាល សំដៅ​អត្ថបទ​សារព័ត៌មាន ខេមបូឌា ដេលី ចេញ​ផ្សាយ​នៅ​ខែ​ធ្នូ ដែល​បញ្ចេញ​ឲ្យ​ដឹង​ថា សម្បទាន​ដី​សេដ្ឋកិច្ច (ELCs) ​​​ប្រហែល​៤០.០០០​ហិកតា ទទួល​បាន​ដោយ​ក្រុម​មេបញ្ជាការ​យោធា​វៀតណាម។

លិខិត​នោះ​ដាក់​បី​សំណួរ​ទៅ​លោក​នាយករដ្ឋមន្ត្រី៖ ហេតុអ្វី​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់គ្រង​សម្បទាន​ទាំង​នោះ តើ​ទាហាន​វៀតណាម​មាន​វត្តមាន ​នៅ​ក្នុង​ចម្ការ​ទាំង​នោះ​ឬ​យ៉ាង​ណា និង​ថា​តើ​រដ្ឋាភិបាល​បម្រុង​យក​ដី​នោះ​មក​វិញ​ឬ​ទេ។

លិខិតដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហេង សំរិន នៅ​ថ្ងៃ​ពុធ មាន​ខ្លឹមសារ​ថា “សូម សម្តេច​នាយករដ្ឋមន្ត្រី បំភ្លឺ​ស្រប​តាម​គោល​​​ការណ៍​ដែល​មាន​ចែង​ក្នុង​មាត្រា​៩៦​នៃ​ច្បាប​​​់​រដ្ឋធម្មនុញ្ញ”។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា ​​​បាន​មាន​ប្រសាសន៍​ថា លោក ហេង សំរិន ដែល​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​បញ្ជូន​​​​លិខិត​ពី​តំណាងរាស្ត្រ​ទៅ​រដ្ឋមន្ត្រី​ដែល​ពាក់​​​ព័ន្ធបាន​ចារ​លើ​លិខិត​ចុង​ក្រោយ​នោះ ពីព្រោះ​​​​ការ​តម្រូវ​ឲ្យ​មាន​ចម្លើយ​ត្រូវ​បាន​គេ​លើក​ជា​សំណួរ​ជាថ្មី​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា “សម្តេច​ប្រធាន​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ ហើយ​យើង​បាន​បញ្ជូន​លិខិត​នោះ​រួចរាល់​ហើយ​ទៅ​សម្តេចនាយករដ្ឋមន្ត្រី”។

“សម្តេច​ប្រធាន​មិន​បាន​ចុះ​ហត្ថលេខា​លើ​ [លិខិត​មុន] ​ទេ ពីព្រោះ​លោក អ៊ុំ សំអាន មិន​មាន​សិទ្ធិ​បង្ខំ​នាយករដ្ឋមន្ត្រី​ឲ្យ​ផ្តល់​ចម្លើយ​ទៅ​នឹង​សំណួរ​របស់​លោក អ៊ុំ សំអាន ទេ ហើយ​​​​លិខិត​នោះ​មាន​បំណង​បង្កើត​ការ​ឃោសនា​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន”។

លោក អ៊ុំ សំអាន បាន​មាន​ប្រសាសន៍​ថា លោក​រីករាយ​ដែល​លោក ហេង សំរិន បាន​សម្រេច​បញ្ជូន​លិខិត​របស់​លោក​ទៅ​រដ្ឋាភិ​​​បាល ​​​”ពីព្រោះ​ប្រជាពលរដ្ឋ​យើង​ចង់​ដឹង ថា​តើ​រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​ទាហាន​វៀតណាម​មែន​ឬ​យ៉ាង​ណា”​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​វៀត​​​ណាម​គឺ​ជា​គ្រោះថ្នាក់ធំ​ដល់​ជាតិ ហើយ​ប្រសិន បើ​រដ្ឋាភិបាល​មិន​យក​ដី​នោះ​មក​វិញ​ទេ ប្រទេស​កម្ពុជា​នឹង​បាត់បង់​ទឹកដី​របស់​ខ្លួន”។

កាលពី​ខែ​វិច្ឆិកា លោក អៀង សុផា​​​ល្លែត អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម បាន​បដិសេធ​មិន​និយាយ ថា​តើ​រដ្ឋាភិបាល​បាន​ដឹង​ថា កងទ័ព​វៀតណាម​បាន​គ្រប់គ្រង​ចម្ការ​ទាំង​នោះ​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​បាន​និយាយ​ថា ចម្ការ​ទាំង​នោះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​សម្បទាន​ដី​សេដ្ឋកិច្ច​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែ​មុន​ថា សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​លាន​ហិកតា​ត្រូវ​បាន​ដកហូត​យក​មក​វិញ​ បន្ទាប់ពី​មាន​ការ​ពិនិត្យ​ឡើង​វិញ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បញ្ចេញ​ឲ្យ​ដឹង​សេចក្តី​លម្អិត​នៅ​ឡើយ ថា​ដី​នោះ​នៅ​ត្រង់​ណា។

កាលពី​ខែ​សីហា លោក​នាយករដ្ឋមន្ត្រី​បាន​គំរាម​ចាប់​ខ្លួន​នរណា​ក៏ដោយ​ដែល​អះអាង​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ផែនទី​ដែល​មិន​អាច​ទទួល​យក​បាន ដើម្បី​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជា​​​​ការ​ព្រមាន​ដែល​លោក សំអាន មិន​អើពើ។

សមាជិក​សភា​រូប​នេះ​កំពុង​រស់នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ ដោយ​ខ្លាច​ក្រែង​ថា លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ពេល​ត្រឡប់​មក​វិញ។ ទោះ​​​ជា​និយាយ​ថា លោក​នឹង​ត្រឡប់​មក​វិញ​តែ​នៅ​ពេល​ណា​លោក សម រង្ស៊ី មេដឹក​នាំ​​​គណ​​​បក្ស​ប្រឆាំងដែល​និរទេស​ខ្លួន​ដែរ​នោះ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក៏​ដោយ ក៏​លោក សំអាន បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​បាន​កក់​សំបុត្រ​យន្តហោះ​មក​ប្រទេស​វិញ​ហើយ និង​មាន​ផែនការ​វិល​មក​វិញ​នៅ​សប្តាហ៍​ទី​២​ក្នុង​ខែ​មេសា៕ និត (រាយការណ៍​បន្ថែម​ដោយ គីម ចាន់)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស