រដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូបបានលើកឡើងកាលពីម្សិលមិញថា ខ្លួនកំពុងប្តឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពាក់ព័ន្ធការអះអាងដែលថា រដ្ឋមន្ត្រីរូបនេះបានចេញបទបញ្ជាឱ្យសមាជិកគណបក្សកាន់អំណាចជួយបង្កើនចំនួនចុច ”ចូលចិត្ត” (like) នៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រើគណនីក្លែងក្លាយ។
សារដែលបង្ហោះនិងដែលធ្វើឱ្យមានការខឹងសម្បា កាលពីថ្ងៃពុធ គឺលោក សម រង្ស៊ី បានចម្លងចេញពីគណនីហ្វេសប៊ុក ឈ្មោះ Hak Sokmakara អនុរដ្ឋលេខាធិការ ដែលទទួលនិងបញ្ជូនបន្តនូវសារណែនាំនេះពីលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
យោងតាមសារនេះ លោក សោម សឿន បានណែនាំឱ្យសមាជិកគណបក្សប្រជាជនម្ពុជា ”ផ្សព្វផ្សាយ” ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគ្រប់កិច្ចប្រជុំនិងការជួួបជុំសមាជិកបក្ស ឱ្យសមាជិកបក្សចូលរួមចុច like និងឱ្យជំរុញមិត្តភក្តិក្នុងហ្វេសប៊ុកធ្វើដូច្នេះដែរ។ លោកក៏បានប្រាប់ឱ្យពួកគេចូលទៅក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដើម្បីចុច “មិនចូលចិត្ត” (unlike) ផងដែរ។
សារេនះមានខ្លឹមសារបន្ថែមដូច្នេះថា ”គណបក្សគ្រប់ថ្នាក់ត្រូវតាមដានត្រួតពិនិត្យអនុវត្តការងារនេះជាប្រចាំ ជាយុទ្ធនាការទូលំទូលាយ នៅមូលដ្ឋានឆ្ពោះទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត”។ នៅក្នុងការបញ្ចេញមតិយោបល់ (comment) លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក សម រង្ស៊ី បានលើកឡើងថា ពលរដ្ឋក្រីក្រនៅក្នុងប្រទេសឥណ្ឌា និងប្រទេសហ្វីលីពិនត្រូវបានជួលដើម្បីឲ្យបង្កើតគណនីក្លែងក្លាយក្នុងគោលបំណងជួយបង្កើនចំនួន Like នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ដោយដកស្រង់ចេញពីសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងពេលថ្មីៗ។
ពេលទាក់ទងកាលពីម្សិលមិញ លោក សោម សឿន បានលើកឡើងថា លោកបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅពេលរសៀលដោយចោទប្រកាន់លោក សម រង្ស៊ី ថា “មូលបង្កាច់ខុសពីការពិត” ហើយទាមទារសំណងជំងឺចិត្ត២០លានរៀល។
លោក សោម សឿន ដែលនិយាយថា ខ្លួនជាអ្នកគ្រប់គ្រងគេហទំព័រ និងទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជា មិនបានបដិសេធការដែលថា លោកបានចេញការណែនាំនេះឡើយ។ ប៉ុន្តែ លោកបានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា លោកកំពុងជួយផ្សព្វផ្សាយឲ្យមានការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ។
លោកបានមានប្រសាសន៍ថា “វាមិនមែនអ៊ីចឹងទាល់តែសោះ។ ការបញ្ចេញយោបល់បន្ថែមគឺមិនពិតទេ ហើយវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងកិត្តិយសរបស់ថ្នាក់ដឹកនាំ។ ខ្ញុំគឺជាសមាជិកបក្សមួយរូប ខ្ញុំត្រូវតែការពារថ្នាក់ដឹកនាំរបស់ខ្ញុំ ហើយបង្ហាញឲ្យឃើញពីទង្វើថោកទាបរបស់ឯកឧត្តម សម រង្ស៊ី ដែលផ្ទុយពីការពិត”។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងទៀតថា លោក សម រង្ស៊ី ច្រណែននឹងលោកនាយករដ្ឋមន្ត្រីដែលទទួលបានការចុច Like វ៉ាដាច់មេដឹកនាំគណបក្សប្រឆាំងរូបនេះ កាលពីដើមឆ្នាំនេះ និងបានអួតអាងពីប្រជាប្រិយភាពរបស់ខ្លួននៅក្នុងបណ្តាញទំនាក់ទំនងសង្គម។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងបានទេដើម្បីសុំការបញ្ជាក់ថា តើពិតជាមានការដាក់ពាក្យបណ្តឹងមែនឬក៏អត់។
លោក សម រង្ស៊ី បច្ចុប្បន្នកំពុងនិរទេសខ្លួនឯងទៅប្រទេសក្រៅដើម្បីគេចពីដីកាចាប់ខ្លួនពាក់ព័ន្ធការកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរបានសម្រេចអនុវត្តកាលពីខែវិច្ឆិកាឆ្នាំមុន។
ពេលទាក់ទងកាលពីម្សិលមិញតាមអីុម៉េល មេដឹកនាំគណបក្សប្រឆាំងរូបនេះបានលើកឡើងថា លោកប្រកាន់ជំហរអះអាងនៅក្នុងហ្វេសប៊ុករបស់លោក។ លោកលើកឡើងទៀតថា ការណែនាំរបស់គណបក្សប្រជាជនកម្ពុជាតាមបណ្តាញទំនាក់ទំនងសង្គម គឺជាសំណៅដើម ដែលលោកបានចម្លងចេញពីការបង្ហោះមួយនៅលើទំព័រហ្វេសប៊ុករបស់លោក ហាក់សុខមករា កាលពីខែតុលា ឬខែវិច្ឆិកា។ លោក សម រង្ស៊ី បានលើកឡើងថា លោកជឿថា លោក សោម សឿន “កំពុងប្រើប្រាស់គ្រប់មធ្យោបាយបច្ចេកទេសទាំងអស់ដែលអាចទៅរួច ដើម្បីសម្រេចគោលដៅក្នុងការធ្វើឲ្យចំនួន Like នៅក្នុងទំព័រហ្វែសបុ៊ករបស់លោកនាយករដ្ឋមន្ត្រីកើនឡើងខ្លាំង”។
លោកបានមានប្រសាសន៍បន្ថែមថា “ការស្នើឲ្យអ្នកជំនាញខាង IT បង្កើត Like ក្លែងក្លាយ ដោយគ្មានការត្រួតពិនិត្យតាមផ្លូវច្បាប់នៅក្នុងបរិបទនេះ មានន័យថាប្រភេទ Like បែបេនះគឺក្រុមហ្វេសប៊ុករបស់ ហ៊ុន សែន បានទិញពីឥណ្ឌាក្នុងពេលថ្មីៗ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)