ស្ត្រីដែលមានរឿងអាស្រូវផ្លូវភេទពាក់ ព័ន្ធជាមួយលោក កឹម សុខា អនុប្រធានគណ បក្សប្រឆាំង ត្រូវបានកោះហៅឱ្យមកបង្ហាញខ្លួនដើម្បីធ្វើការសាកសួរនៅព្រឹកនេះនៅនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នេះបើយោងតាមការលើកឡើងរបស់ស្ត្រីរូបនេះ និងអង្គការសិទ្ធិមនុស្សអាដហុក។
កញ្ញា ខឹម ចាន់តារាទី ដែលពាក្យចចាម អារ៉ាមថា ជាស្រីកំណាន់របស់លោក កឹម សុខា បច្ចុប្បន្ននេះត្រូវគេស្គាល់ជាទូទៅតាមបណ្តាញទំព័រហ្វេសប៊ុកថា ” ម៉ុន ស្រី” បានស្វែងរកជំនួយពីអង្គការអាដហុកកាលពីល្ងាចថ្ងៃពុធ ពីព្រោះនាងបាននិយាយថា នាងមានការភ័យខ្លាចនឹងការកោះហៅឱ្យចូលខ្លួន ដែលនាងនិយាយថា បានធ្វើឡើងបន្ទាប់ពីការកោះហៅកាលពីលើកមុនដែលបង្គាប់ឱ្យនាងមកបង្ហាញខ្លួននៅថ្ងៃច័ន្ទសប្តាហ៍នេះ។

លោក នី សុខា មន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៅអង្គការអាដហុកបានមានប្រសាសន៍ថា “ដោយសារលិខិតទាំងពីរនេះ នាងបានមករកយើង ពីព្រោះនាងមានការបារម្ភយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ អង្គការអាដហុកនឹងជួយផ្តល់មេធាវីម្នាក់ ដើម្បីឱ្យមេធាវីរូបនោះអាចទៅជាមួយនាងនៅថ្ងៃស្អែកទៅចូលរួមស្តាប់ដំណើរការសាកសួររបស់អាជ្ញាធរ”។
គេមិនទាន់ច្បាស់នៅឡើយទេថា តើហេតុុ អ្វីបានជា នាយកដ្ឋានប្រឆាំងភេរវកម្មទទួលបន្ទុកស៊ើបអង្កេតរឿងអាស្រូវនេះ ពាក់ព័ន្ធខ្សែអាត់សំឡេងជាបន្តបន្ទាប់ដែលបានបង្ហោះនៅក្នុងទំព័រហេ្វសប៊ុកឈ្មោះ “ម៉ុន ស្រី”។ ខ្សែអាត់សំឡេង នេះទំនងត្រូវគេលួចថតជាសម្ងាត់ ហើយមានការសន្ទនារវាងបុរសម្នាក់ដែលគេអះអាងថា ជាលោក កឹម សុខា និងស្ត្រីវ័យក្មេងម្នាក់ ដែលពាក្យចចាមអារ៉ាមថា ជាកញ្ញា ចាន់តារាទី។
ប្រព័ន្ធតុលាការបានចូលមកពាក់ព័ន្ធក្នុងរឿងអាស្រូវនេះ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា សកម្មជនប្រឆាំងរដ្ឋាភិបាលល្បីឈ្មោះម្នាក់ បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ កាលពីសប្តាហ៍មុនប្តឹងបុគ្គលដែលគេស្តាប់ឮសំឡេង នៅក្នុងខ្សែអាត់នោះ ដែលនិយាយពីឈ្មោះរបស់កញ្ញានៅក្នុងខ្សែអាត់សំឡេងមួយក្នុងចំណោមខ្សែអាត់សំឡេងបែកធ្លាយនោះ។
ការកោះហៅកញ្ញា ចាន់តារាទី មកធ្វើការសាកសួរត្រូវបានចេញដោយនាយកដ្ឋានប្រឆាំងភេរវកម្មដែលអះអាងថា លិខិតនេះត្រូវបានចេញតាងនាមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផ្អែកតាមការស៊ើបអង្កេតពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ ហើយបានសួរពីករណីនេះ លោកព្រះរាជអាជ្ញារង កែវ សុជាតិ មានប្រសាសន៍ថា “ខ្ញុំមិនដឹងទេ” រួចដាក់ទូរស័ព្ទចុះ។ លោក អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម ក៏បានដាក់ទូរស័ព្ទចុះដែរនៅពេលអ្នកយកព័ត៌មានសាកសួរ។
នៅក្នុងបទសម្ភាសន៍រូបភាពវីដេអូជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានបង្ហោះនៅក្នុងប្រព័ន្ធអីុនធឺណិតកាលពីម្សិលមិញ កញ្ញា ចាន់តារាទី បានបដិសេធយ៉ាងដាច់អហង្ការថា នាងគ្មានទំនាក់ទំនងជាមួយលោក កឹម សុខា ទេ ដោយអះអាងថា ហេ្វសប៊ុករបស់នាងត្រូវបានគេហ៊ែក ហើយថា នាងមិនបានបង្ហោះខ្សែអាត់សំឡេងទាំងនេះទេ។ នាងក៏បាននិយាយផងដែរថា នាងមានការភ័យខ្លាចចំពោះការទៅបង្ហាញខ្លួននៅចំពោះមុខនគរបាលប្រឆាំងភេរវកម្ម។
នាងបាននិយាយថា “ខ្ញុំសូមបដិសេធថា ខ្ញុំមិនមែនជាស្រីកំណាន់របស់គាត់ទេ ហើយខ្ញុំក៏មិនជាប់ពាក់ព័ន្ធរឿងស្នេហាជាមួយគាត់ដែរ” ដោយបានបន្ថែមថា “ខ្ញុំមានការបារម្ភជាខ្លាំង ពីព្រោះពួកគេបានកោះហៅខ្ញុំពីរលើកហើយ ដោយសារខ្ញុំមិនបានធ្វើអ្វីខុសទេ”។
ប៉ុន្តែនាងបាននិយាយថា នាងនឹងគោរពតាមការកោះហៅរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម ដោយទៅជាមួយមេធាវីថ្មីរបស់នាង។
នាងបាននិយាយថា “ខ្ញុំមកអង្គការអាដហុកឱ្យជួយរកយុត្តិធម៌ឱ្យខ្ញុំ”៕សារុន