កាលពីម្សិលមិញ តុលាការក្រុងភ្នំពេញបានបើកសវនាការករណីបងប្អូនស្រីពីរនាក់ដែលរងការចោទប្រកាន់ថា បានអនុញ្ញាតជាច្រើនលើកឲ្យបុរសម្នាក់រំលោភក្មួយស្រីអាយុ១៣ឆ្នាំរបស់ខ្លួនជាថ្នូរនឹងប្រាក់១.០០០ដុល្លារ។
ជា ស្រស់ និង ជា ទីណា នៅពេលនោះមានអាយុ៣២ឆ្នាំ និង២៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា បន្ទាប់ពីក្មួយស្រីរបស់អ្នកទាំងពីរបានប្រាប់នគរបាលថា អ្នកទាំងពីរបានដាក់ច្រវាក់នាងជាប់នឹងក្ដាររនាបផ្ទះរបស់អ្នកទាំងពីរក្នុងសង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ ហើយបានឲ្យលោក ឆៃ លី ដែលនៅពេលនោះមានអាយុ៣៦ឆ្នាំ រំលោភនាងជាច្រើនលើករយៈពេលជាង១ឆ្នាំ។
ជននេះត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ។ ជនជាប់ចោទទាំងបីនាក់បានអះអាងថា ក្មេងស្រីនោះ “បានភ្ជាប់ពាក្យ” ជាមួយលោក ឆៃ លី ហើយថា ការដាក់ច្រវាក់នាងគឺចាំបាច់ ពីព្រោះនាងប្រុងតែរត់ចេញពីផ្ទះ។
មុនពេលសវនាការអសាធារណៈ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រុង បានប្រាប់ចៅក្រមថា ក្មេងស្រីនេះដំបូងត្រូវបានគេចាប់ទៅកន្លែងមិនស្គាល់មួយ ដើម្បីរួមរ័កតាមសំណើរបស់លោក ឆៃ លី។
លោកបានមានប្រសាសន៍ថា “បន្ទាប់មក លោក ឆៃ លី បានទៅផ្ទះរបស់ ជា ស្រស់ ប៉ុន្តែជនរងគ្រោះរូបនេះមិនចង់រួមរ័កជាមួយគាត់ទេ ហើយគាត់បានស្នើឲ្យ ជា ស្រស់ ជួយបញ្ចុះបញ្ចូលនាង”។
សវនាការនឹងបន្តនៅថ្ងៃទី៤ ខែមេសាខាងមុខ៕ និត