30.7 C
Phnom Penh

មន្ត្រី​​​កម្ពុជា​​​ចាត់​​​ទុក​​​ជន​​​ភៀសខ្លួន​​​​​​រ៉ូហីុងយ៉ា​​ម្នាក់​​​ថា ជា​​​មនុស្ស​​​​​​កុហក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​កម្ពុជា​​​និង​​​មន្ត្រី​​​អូស្ត្រាលី​​​បាន​​​បដិសេធ​​​ការ​​​អះអាង​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​របស់​​​ជន​​​ភៀស​​​ខ្លួន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​រ៉ូហីុង​​​យ៉ាម្នាក់​​មក​​​ពី​​​ប្រទេសភូមា​​​​​​ដែល​​​ថា គេ​​​មិន​យក​​​ចិត្ត​​​ទុក​​​ដាក់ចំពោះ​គាត់​​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដោយ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ចាត់​​​ទុក​​​បុរស​​​រូប​​​នេះ​​​ថា “ជា​​​មនុស្ស​​​​កុហក”។

ជន​​​ភៀស​​​ខ្លួន​​​រូប​​​នេះ​​​ ​​​​ដែល​ជា​​មនុស្ស​​​​​ម្នាក់ក្នុង​​​ចំណោមជនភៀសខ្លួន​​​​៥​​​នាក់​​​​​​ដែល​​​យល់​​​ព្រម​​​ទទួល​​​យក​​​​​​ការ​​​ផ្លាស់​​​មក​​​ប្រទេស​​​កម្ពុជា​​​ ពី​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ ជា​​​កន្លែង​​​ប្រទេស​​​អូស្ត្រាលី​​​កំពុង​​​ឃុំ​​​ខ្លួន​​​ជន​​​អន្តោប្រវេសន៍​​​រាប់​​​រយ​​​នាក់​​​ ដែល​​​បាន​​​​​​ព្យាយាម​​​ជិះ​​​ទូក​​​ទៅ​​​កាន់​​​ប្រទេស​​​​របស់​​​ខ្លួន​​​​​​នោះ​ បាន​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ Fairfax នៅ​​​ក្នុង​​​បទ​​​សម្ភាសន៍​​​មួយ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ខ្លួន​​​មាន​អារម្មណ៍​ថា​ ត្រូវ​​​គេ​​​បោះ​​​បង់​​​ចោល​​​នៅក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​ ហើយ​​​​ខ្លាច​​​បាត់​​​បង់​​​ជីវិត​​​នៅ​​​ទី​​​នេះ​​​ ព្រម​​​ទាំង​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ចំពោះ​​​ចំណាត់​​​ការ​​​នេះ​​​ផង​​​ដែរ​​​។

Fairfax ដែល​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​​បុរស​​​ម្នាក់​​​នេះ​​​ថា ឈ្មោះ ម៉ូហាមេដ​ រាស៊ីដ ​​​(Moha​​​m​​​med Rashid) នោះ​​​​​​ក៏​​​បាន​​​រាយការណ៍​​​ផង​​​ដែរ​​​ថា គាត់​​​កំពុង​​​ស្នាក់​​​នៅ​​​ការិយាល័យ​​​របស់​​​​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​ (IOM)​​​ ទោះ​​​បី​​​ជា​​​​មាន​ប្រាក់​​​បន្ថែម​​​រាប់​​​លាន​​​ដុល្លារ​​​​​​ដែល​​​អូស្ត្រាលី​​​បានបម្រុង​​​​​​ទុក​​​សម្រាប់​​​តាំង​​​លំនៅ​​​ថ្មី​​​ជូន​ជន​​​ភៀស​​​ខ្លួន​​​ក៏​​​ដោយ​​​ ហើយ​​​ថា គាត់បាននិង​​​​កំពុង​​​កើត​​​ជំងឺ​​​ហឺត និង​​មាន​បញ្ហា​​​សួត និង​​​តម្រងនោម​​​ធ្ងន់​​​ធ្ងរ ចាប់​​​តាំង​​​ពី​​​ទៅ​​​ដល់​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​​​​ មក​​​។ អត្ថបទ​​​នេះ​​បា​ន​ឲ្យដឹង​​​​ថា អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​ ដែល​​​បាន​​​ចុះ​​​​​​កិច្ច​​​សន្យា​​​ជាមួយ​អូស្ត្រាលី​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ការ​​​តាំង​​​លំនៅ​​​ថ្មី​​​ជូន​​​​​​ជន​ភៀស​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញនោះ​​​​ បាន​​​យក​​​បុរស​​​រូប​​​នេះ​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុងរាជធានី​​​ភ្នំពេញ​​​បន្ទាប់​​​ពី​​​​​​ជំទាស់​នឹង​​​​ការណែនាំ​របស់​​​​គ្រូពេទ្យ​អស់​​​រយៈ​​​ពេល​​​៣​​​ថ្ងៃ​​​។​

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​ តាន់​ សុវិជ្ជា​ ប្រធាននាយកដ្ឋាន​ជនភៀសខ្លួន​​នៃ​អគ្គ​​​​​​​នាយក​​​​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា បុគ្គលិក​​​របស់​​​លោក​​​​​​បាន​​​ទាក់​​​ទង​​​​​​ជា​​​មួយ​​​លោក​​​ រ៉ាស៊ីដ “ស្ទើរ​​​រៀង​​​រាល់​​​ថ្ងៃ​​​” ​​​ហើយ​​​បាន​​​ចាត់​​​ទុក​​​ការ​​​អះអាង​​​របស់​​​គាត់​​​ថា​​​ “កុហក”​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​ពិត​​​ទេ​​​ មាន​​​ន័យ​​​ថា គាត់​​​កុហក…​​​គាត់​​​គឺ​​​ជា​​​មនុស្ស​កុហក​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​លោក ​​​រ៉ាស៊ីដ​ សុខ​​​សប្បាយ​​​ជា​​​ទេ​​​​​​​​​ ហើយ​​​បាន​​​បន្ទោស​បុរស​​​រូប​​​នេះ​ថា មាន​​​​បញ្ហា​​​សុខ​​​ភាព​​​ដោយ​​​សារ​ការ​​​ដើរ​​​លេង​​​ពេល​​​យប់​​​ច្រើន​។ “​គាត់​​​ដើរ​​​លែង​​​សប្បាយ​​​ច្រើន​​​ពេក​​​ គាត់​​​មិន​​​ដែល​​​ដេក​​​ផ្ទះ​​​ទេ​​​។ គាត់​​​ចេញ​​​ក្រៅបី ឬ​​​បួនដង​​​ក្នុង​​​មួយ​​​សប្តាហ៍​​​”។

ប្រធាន​​​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​​រូប​​​នេះ​​​ ក៏​​​បាន​​​​​​លើកឡើ​​​ងផង​​​ដែរ​​​ថា ​​​លោក ​​​រ៉ាស៊ីដ​ ​​​រស់​​​នៅ​​​ក្រៅ​​​ការិយាល័យ​​​របស់​​​អង្គការ​​​​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​ដោយ​​​ការ​​​ជ្រើស​​​រើស​​​​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “លក្ខខណ្ឌ​​​របស់​​​គាត់​​​​​​គឺ​​​សេរី​​​ គាត់​​​អាច​​​ផ្លាស់​ទៅ​​​ទី​​​ណា​​​ក៏​​​បាន​​​ ប៉ុន្តែ គាត់​​​មិន​​ចង់​​​​​​”។

អ្នក​​​នាំ​​​ពាក្យ​​​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​អូស្ត្រាលី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​ថា​​​ ជន​​​ភៀស​​​ខ្លួន​​​រូប​​​នេះ​​​ដែល​​​បាន​​​មក​​​ដល់​​​ទី​​​នេះ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​​ត្រូវ​​​បាន​​​មើល​​​ថែ​​​បាន​​​យ៉ាងល្អ​​​​។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក រ៉ាស៊ីដ​ បន្ត​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ខ្លាំង​​​​​​ណាស់​​​ពី​​​អ្នក​​​ផ្តល់​​​សេវា ​​​[IOM] របស់​​​នាយក​​​ដ្ឋាន​​​ ក្នុង​​​នោះ​​​រួម​​​មាន ការជួប​ដោយ​​​​ផ្ទាល់​​​រៀង​រាល់​​​ថ្ងៃ​​​​ធ្វើការ​​​ និង​​​ការ​​​ទាក់​​​ទង​​​តាម​​​ទូរ​​​ស័ព្ទ​​​នៅ​​​ចុង​​​សប្តាហ៍​​​ជា​​​ដើម​​​។ គាត់​​​ក៏​ត្រូវ​​​បាន​​​ផ្តល់​​​ឲ្យ​​​នូវ​​​សេវា​​​បន្ថែម​​​ មាន​​​ដូ​​​ច​​​ជា​​​ការ​​​​​​ប្រឹក្សា​​​យោបល់​​​​ ដែល​​​គាត់​​​​បាន​​​បដិសេធ​​​ថា​មិន​​​ទទួលផងដែរ​​​​​”។

អ្នក​​​នាំ​​​ពាក្យ​​​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​អូស្ត្រាលី​​​​​​រូបនេះ​បាន​​​លើក​​​ឡើងបន្ថែម​ទៀត​ថា លោក រ៉ាស៊ីដ​ កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​នៅ​​​ក្នុង​​​ស្ថានភាព​ដែល​គេ​មិន​​​បាន​បញ្ជាក់​ឲ្យដឹង​ “ដោយ​មាន​ជំនួយ​​​​​​ពី​​​មន្ត្រី​​​ពេទ្យ​​​របស់ IOM។​ ក្រោម​​​លក្ខខណ្ឌ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​តាំង​​​លំនៅ​​​​​​ថ្មី​​​ គាត់​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​ធានា​​​ផ្នែក​​​​​​សុខភាព​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ”​​​។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​មានប្រសាសន៍​ថា លោក​​​ រ៉ាស៊ីដ​ ទទួល​​​បាន​​​ការ​​​បង់​​​ថ្លៃ​​​ស្នាក់​​​​នៅ​​​ពេញ​​​លេញ​​​​រយៈ​​​ពេល​​​បី​​​ខែដំបូង​​​​​ ប៉ុន្តែ ​​​​”រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​គាត់​​​បាន​​​បដិសេធ​​​មិនទាក់​​​ទង​​​ជាមួយ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរ​​​ប្រវេសន៍ឡើយ​ ពាក់​ព័ន្ធ​​នឹង​​​ការ​ផ្តល់​​​​​ជំនួយ​​នៅ​​​ក្នុង​ការ​​​ស្វែង​​​រក​​​ជម្រើស​​​ស្នាក់​​​នៅ​​​អចិ​​​ន្ត្រៃយ៍​​​”។ ​​​ជន​​​ភៀស​​​ខ្លួន​​​មាន​​​សិទ្ធិ​​​ជួល​​​ផ្ទះ​​​ និង​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​ជំនួយ​​​រហូត​​​ដល់​​​១ឆ្នាំ។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​មិន​​​បាន​និយាយ​ឡើយ ទាក់ទិន​​​​​​នឹង​​​ការ​​​អះអាង​​​នៅក្នុង​សេចក្តី​​​រាយ​​​ការណ៍​​​របស់​​​ Fairfax ដែល​​​ថា ​មានការ​មិន​គោរពតាម​ការ​​​សន្យា​​​ជួយ​​​បើក​​​​ភោជនីយដ្ឋាន​​​ និង​​​​ផ្តល់​​​ប្រាក់​​​សុទ្ធ​​​៨​​​.០០០ដុល្លារ​​​នោះ​។

អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​។

នៅ​​​ក្នុង​​​អត្ថបទ​​​មួយ​​​ទៀត​​​កាល​​​ពី​​​ម្សិល​​​មិញ Fairfax បាន​​​រាយការណ៍​​​ថា គណបក្ស​​​បៃតង​​​ (Greens) ដែល​​​ជា​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​អូស្ត្រាលី​​​ កំពុង​​​ស្នើ​​​ឲ្យ​​​អគ្គសវនករ​​​នៃ​​​ប្រទេស​​​នេះ​សើុប​​​អង្កេត​​​បន្ថែម​​​ទៀត​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​៣០,៣​​​លាន​​​ដុល្លារ​​​ដើម្បី​​​តាំង​​​លំនៅ​​​ថ្មី​​​​នៅ​ក្នុង​ប្រទេស​​​កម្ពុជាជូន​​​ជន​ភៀសខ្លួន​​​​​​​មក​ពី​​​កោះ​​​ណូរូ​​ ដែល​​​រដ្ឋាភិបាល​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​នៅ​​​តែ​​​លាក់​​​បាំងនិង​ថា តើ​​​ប្រាក់​​​ជំនួយ​​​បន្ថែម​​​រាប់​​​លាន​នេះ​​​ដែល​​​​​​អូស្ត្រាលី​​​យល់​​​ព្រម​​​ផ្តល់​​​មក​​​ឲ្យ​​​កម្ពុជា​​​កំពុង​​​ត្រូវ​​​បាន​​​ចំណាយ​​​ត្រឹម​​​ត្រូវ​​​ដែរ​ឬអត់​​​។

លោក​​​ស្រី​ សារ៉ា ហានសុនយ៉ាំង (Sarah Hanson-Young) សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​បៃតង​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​​​​សម្តី​​​ថា “​​​​​​​​​​​​​​​​​​ការ​​​ចំណាយ​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​ជួយ​​​​​​របប​​​ពុក​​​រលួយ​​​មួយ ​​​​​​ដើម្បី​​​ឲ្យ​​​រដ្ឋាភិបាល​​​នេះ​​​អាច​​​យក​​​មនុស្ស​​​មួយ​​​ចំនួន​​​តូច​​​មក​​​ចាក​​​់ចោល​​​​​​ក្នុង​​​ប្រទេស​​​ដ៏​​​ក្រីក្រ​​​មួយ​​​ គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​”។

លោកស្រី​បាន​ប​ន្ថែមថា​ “វាមិន​អាច​ទទួល​បាន​​​​​ព័ត៌មាន​​​ច្បាស់​​​លាស់​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​តាម​​​រយៈ​​​ការ​​​ប៉ាន់​​​ប្រមាណ​​​របស់​ព្រឹទ្ធ​​​សភា​​​ ឬ​​​ដំណើរ​​​ការ​​​របស់​​​គណៈកម្មការ​​​ក្នុង​​​ពេល​ឆាប់ៗ​បាន​ឡើយ​​… ពន្លឺ​ព្រះអាទិត្យ​​​ពិត​​​ជា​​​ថ្នាំ​​​សម្លាប់​​​​មេរោគ​​​ដ៏​​​ល្អ​​​បំផុត​​​ ហើយ​​​ការិ​​​យាល័យ​​​អគ្គ​​​សវនករ​​​មាន​​​សិទ្ធិ​​​អំណាច​​​ដែល​​​តម្រូវ​​​ឲ្យ​​​លាតត្រដាង​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ថា តើ​​​វា​គឺ​​​ជា​​​អ្វី​​​​ឲ្យពិតប្រាកដ​”។

អ្នក​​​រិះ​​​គន់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​លើក​​​ឡើង​​​ថា ​​​អូស្ត្រាលី​​​មិន​​​ដែល​​​មាន​​​បំណង​​​​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ក្លាយ​​​ជា​​​ប្រទេស​​​ដែលអាច​រស់​​​នៅ​​​បាន​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​ជាក់​​​លាក់​​​ដែល​​​កំពុង​​​តែយ៉ាប់យ៉ឺន​ទៅ​​​ៗ​​​នៅ​​​កោះណូរូ​​​​​​នោះ​ឡើយ​​​ ហើយ​​​បាន​​​បង្កើត​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ឡើង​​​ដើម្បីធ្វើ​ឲ្យ​អ្នក​​​ដែល​​​នឹង​​​​​​ក្លាយ​​​ជា​​​​​​ជន​​​អន្តោប្រវេសន៍​​​​​​​​​​​​ផ្សេង​​​ទៀត​​​ដែល​​​ព្យាយាម​​ធ្វើដំណើរ​​តាម​​​​ទូក​​​មក​​ប្រទេស​របស់​​​ខ្លួនខ្លាច​រអា​​​​។ លោក​​​ ភីធឺ ដាតថុន (Pater Dutton) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អន្តោប្រវេសន៍​​​អូស្ត្រាលី​​​​​​ថ្មី​​​ៗ​​​នេះ​​​បាន​​​ចាត់​​​ទុក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ថា ជា​​​ជោគ​​​ជ័យមួយ​ផ្នែក​​​​នៃ​​​យុទ្ធសាស្ត្រ ​​​”បញ្ឈប់​​​ទូក” ​​​របស់​​​ខ្លួន​​​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស