30 C
Phnom Penh

ពេល​​​ឱសានវាទ​បណ្ដេញ​ចេញ​​​​​​​​​កន្លង​ផុត​ អាជីវកម្ម​តាម​​​​​​បណ្ដោយ​​​​​​​​ឆ្នេរ​អូរត្រេះ​​​នៅ​តែ​​​​ក្រាញ​ននៀល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឱសានវាទ​​​​បណ្ដេញ​ចេញ​​​សម្រាប់​​​​ផ្ទះ​សំណាក់​ ​​ភោជនីយដ្ឋាន និង​បារតាម​បណ្ដោយ​​​​ឆ្នេរ​អូរត្រេះ​ដ៏ពេញ​និ​​​យមនៅ​​​ក្រុង​​​ព្រះសីហនុ​​​​​​​​​បាន​​​​​​កន្លង​ផុត​​​​​ហើយ​​​កាលពី​ម្សិលមិញ ​​​ប៉ុន្តែ​​​​​​​​​ក្នុង​​​​​​​​​​​​​​ចំណោម​​​​​​​​​​​អាជីវកម្ម​​​​​ទាំង​​​​​​នោះ​​​​​​​មាន​​​​​​​​មិន​​​​​​ដល់​​​​​​​​​​​​​​​ពាក់​​​​​​កណ្ដាល​​​​​​​​​ផង​​​ទេ​​​​​​ដែល​បាន​រើ​​​​ចេញ​​គិត​​​មក​ទល់​​ល្ងាច​ម្សិលមិញ ​​ដោយ​​​អាជីវកម្ម​ផ្សេង​ៗ​ទៀត​ព្យាយាម​ចរចា​រក​ដំណោះ​ស្រាយ​​ជាមួយ​​​​អាជ្ញាធរ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​បន្ត។

កាលពី​ខែ​មុន ម្ចាស់​អាជីវកម្ម​នានា​នៅ​លើ​​ឆ្នេរ​អូរ​ត្រេះ និង​ផ្នែក​​ខ្លះ​នៃ​ឆ្នេរ​អូរឈើ​ទាល ​​​ទទួល​​​បាន​​​​​​​​ការ​ជូន​ដំណឹង​​​មួយ​​​​​​​​​​​​ដែល​​​​​ទុក​ពេល​ឲ្យ​ពួកគេ​១ខែ​ដើម្បី​រើ​​​ចេញ​ពី​តំបន់​នោះ ​ហើយ​​​​​​អាជ្ញាធរ​​លើក​ឡើង​​​ថា ការ​សម្រេច​នេះគឺ​​​​បណ្ដាល​​​មក​​ពីក្តីបារម្ភ​ចំពោះ​បរិស្ថាន​។ ពួកគេ​ទទួល​បាន​ឱសានវាទ​ឲ្យ​រើ​ចេញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ​​​​​​ដោយ​​​​​​ប្រាប់​ថា ដោយ​សារ​តែ​​ទីតាំង​អាជីវកម្ម​​របស់​ពួកគេ​ស្ថិត​នៅ​លើ​ដី​រដ្ឋ និង​មិន​​​​​​បាន​​​​​​​បង់​ពន្ធ​​អចលនទ្រព្យ​​ រដ្ឋាភិបាល​មិន​ត្រូវ​បាន​​តម្រូវ​ឲ្យ​ផ្ដល់​សំណង​​​ការ​ខូច​ខាត​របស់​ពួកគេ​ឡើយ​។

​ទោះ​ជាយ៉ាង​ណា ​​​​ពេល​​​នេះអាជ្ញាធរ​មូល​​​​​ដ្ឋាន​​​​​​​បាន​សម្រេច​​​​ផ្ដល់​សំណង ហើយ​ដើម្បី​​​ឲ្យ​អាជីវ​កម្ម​ទាំង​នោះរើ​ចេញ​ ហើយ​​​លើក​ឡើង​ថា ពួកគេ​នឹង​មិន​ត្រូវ​បាន​​​បណ្ដេញ​​​ចេញ​ទាំង​បង្ខំ​​ទេ​​រហូត​ដល់​សប្ដាហ៍​ក្រោយ ដោយ​រង់ចាំ​ការ​ចរចា​បន្ថែម​ទៀត។ ហើយ​ទីតាំង​ចំនួន​ប្រាំមួយ​ក្នុង​ចំណោម​​​ទីតាំង​អាជីវ​​​​​កម្ម​ធំៗ​បំផុត​នៅ​ឆ្នេរ​អូរ​ត្រេះ នៅ​តែ​សង្ឃឹម​​​​ថា​​​​​​​ នឹង​​​ទទួល​​​​​​​បាន​ដំណោះ​ស្រាយ​អំឡុង​​​​​​​​​​​ជំនួប​ជាមួយ​លោក យន្ត មីន អភិបាល​ខេត្ត​ ព្រះសីហនុ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​​​​នេះ​​​​​​ដើម្បី​​​​​​​បញ្ចៀស​ការ​បណ្ដេញ​ចេញ​។

លោក លាម ផេង ​លេខា​របស់​អភិបាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ម្ចាស់​អាជីវកម្ម​ចំនួន​១២​​បាន​​យល់​ព្រម​រើ​ចេញ ​​បន្ទាប់ពី​រដ្ឋាភិបាល​​ផ្ដល់​សំណង​ខូច​ខាត​ដល់​ពួកគេ​ចំនួន​​៣.៥០០ដុល្លារ​ ខណៈ​អាជីវកម្ម​ចំនួន​ប្រាំបី​ទៀត​បាន​ដាក់​សំណើ​​ផ្លូវ​ការ​ដើម្បី​សុំ​សំណង​។

លោក​បាន​បន្ត​ថា ”​លោក​អភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា លោក​នឹង​យក​សំណើ​នេះ​ជូន​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​ធ្វើ​ការ​សម្រេច ហើយ​បន្ទាប់​មក​លោក​នឹង​ជូន​ដំណឹង​ទៅ​ដល់​​អាជីវ​ករ​អំពី​សេចក្ដី​សម្រេច​នេះ​”។

លោក​​បាន​ថ្លែង​ថា ម្ចាស់​អាជីវកម្ម​ចំនួន​​ប្រាំមួយ​ដែល​មិន​ទាន់​យល់​ព្រម​ចាកចេញ​ នឹង​ជួប​ជាមួយ​​លោក ​យន្ត មីន នៅ​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​​អំពី​បញ្ហា​នេះ។ ទោះ​ជាយ៉ាង​ណា​ លោក​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​នៅ​តែ​មាន​គម្រោង​​បង្ខំ​ឲ្យ​ពួកគេ​ចាក​ចេញ។

លោក​​​​​​​​​​លើក​ឡើង​បន្ថែម​ថា “​ជា​​​លក្ខណៈ​​​ក្រៅ​ផ្លូវ​ការ​​ ខ្ញុំបាន​​ឮ​ថា ពួកគាត់​មាន​មនុស្ស​​​​​​នៅ​​​​​​​​ពី​ក្រោយ​ខ្នង​ដែល​​​បាន​​​​​​​ប្រាប់​ពួកគាត់ថា ចំនួន​ប្រាក់​សំណង​គួរ​តែ​ខ្ពស់​ជាង​​​​​​នេះ។ ​ពួកគាត់នឹង​​​ប្រឈម​ការ​ខាត​បង់ ​នៅ​ពេល​យើង​រុះ​​​រើ​ហាង​​​​​របស់​​​ពួកគាត់​​​​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​គណៈកម្មការ​​​​​ធ្វើ​ការ​ងារ​នេះ​​​ត្រូវ​បាន​បង្កើត​ឡើង​ហើយ ហើយកំពុង​ត្រៀម​​​​ចាត់វិធាន​ការ​។ យើង​នឹង​មិន​ធ្វើ​ភ្លាមៗ​ទេ ពីព្រោះ​យើង​​​​ចង់​​ផ្ដល់​ពេល​វេលា​ខ្លះ​ដល់​អាជីវករ​​ដើម្បី​ឲ្យ​ពួកគាត់​រើ​ចេញ”។

លោក ធី តៃ អ្នក​គ្រប់គ្រង​​នៅ​ Sea Garden Bungalows លើ​​​ឆ្នេរ​អូរត្រេះ​​និយាយ​​ថា ​គាត់ ​និង​​​​​​អ្នក​​​​​មិន​​​​​​​​​សុខ​​​​​​​​​ចិត្ត​​​ផ្សេង​ទៀត​សង្ឃឹម​ថា ជំនួប​នៅ​ថ្ងៃនេះ​​​​ជាមួយ​លោក យន្ត មីន នឹង​អាច​បញ្ចុះ​បញ្ចូល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពួក​គាត់​​នៅ​បន្ត​។ គាត់​និយាយ​ទៀត​ថា “​កាលពី​មុន ​ទីនេះ​មាន​សុទ្ធតែ​ព្រៃ​ គ្មាន​ទឹក​ គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​។ ដោយ​សារ​តែ​យើង​​ កន្លែង​នេះ​​បាន​ក្លាយ​ទៅ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ពេញ​​​​និយម​។ ខ្ញុំ​សង្ឃឹម​ថាវា​ល្អ​ ខ្ញុំ​សង្ឃឹម​ថាយើង​​​អាច​នៅ​​​បន្តបាន”។

ទោះ​ជាយ៉ាងណា គាត់​​​​​​ព្រមាន​ថា ប្រសិន​បើ​​​​​រដ្ឋាភិបាល​​មិន​យល់​ព្រម​អនុញ្ញាត​ឲ្យ​ពួក​គេ​​នៅ​បន្ត​ ប្រជាពល​​​រដ្ឋ​​​មូល​​​​​​ដ្ឋាន​​​​ជាង​៥០០​នាក់​​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​បណ្ដេញ​​​​ចេញ រួម​​​​មាន​​​​ម្ចាស់​អាជីវកម្ម បុគ្គលិក​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រា​​យ​​​ធំ​នៅ​ក្រុង​ព្រះសីហនុ​នៅ​សប្ដាហ៍​នេះ៕ សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស