បុរសបួននាក់ដែលបានដាក់របាំងផ្លូវខុសច្បាប់ក្នុងខេត្តកំពតដើម្បីជំរិតទារប្រាក់ពីក្រុមអ្នកភូមិដែលដឹកឈើ ត្រូវបានដោះលែងដោយ គ្មានការចោទប្រកាន់អ្វីឡើយកាលពីថ្ងៃសៅរ៍ ដោយព្រះរាជអាជ្ញាបានចាត់ទុកបទល្មើសរបស់ពួកគេថា ”ជារឿងតូចតាចបំផុត”។
យោងតាម លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា បុរសទាំងបួននាក់នេះបានប្រាប់ក្រុមអ្នកភូមិក្នុងស្រុកឈូកថា ពួកគេមកពីអង្គការការពារធនធាននិងអភិរក្ស (Resource and Conservation Protection Group)ហើយមកពិនិត្យសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ ប៉ុន្តែ ក្រុម អ្នកភូមិបានត្អូញត្អែរប្រាប់នគរបាលថា ”ពួកគាត់ត្រូវបានជំរិតទារប្រាក់ចំពោះការដឹកអុស និងអនុផលព្រៃឈើផ្សេងៗទៀត។
លោក ច័ន្ទមធុរិទ្ធ បានថ្លែងថា អ្នកភូមិបានប្រាប់នគរបាលថា បុរសទាំងបួននាក់នេះបានដាក់របាំងផ្លូវម្តងត្រង់នេះ ម្តងត្រង់នោះនៅក្នុងឃុំនេះរយៈពេលជិតមួយខែមកហើយ ដោយជំរិតទារប្រាក់ពីអ្នកភូមិក្នុងចំនួនតិចតួចចំពោះការដឹកឈើឆ្លងកាត់។
លោកបានថ្លែងថា បុរសទាំងបួននាក់នេះ ឈ្មោះ ខេង រីម អាយុ៣១ឆ្នាំ គង់ ហ៊ុន អាយុ៤០ឆ្នាំ ញឹុង ប៊ុនណេត អាយុ៣២ឆ្នាំ និង វៀត សុភក្រ្ត អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ក្នុងឃុំត្រពាំងភ្លាំង ត្រង់កន្លែងដាក់របាំងផ្លូវនោះ ហើយត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្តកំពតកាលពីថ្ងៃសុក្រ។
លោកបានថ្លែងថា ពួកគេបានអះអាងថា ពួកគេគឺជាអ្នកអភិរក្សពិតប្រាកដ ហើយថាការដាក់របាំងផ្លូវរបស់ពួកគេ គឺស្របច្បាប់ បើទោះជាការពិតថា វាជាការខុសច្បាប់ចំពោះ ស្ថាប័នឯកជនក្នុងការបញ្ឈប់អ្នកបើកបរយានយន្ត និងស្វែងរកប្រាក់កម្រៃក៏ដោយ។
លោកបានមានប្រសាសន៍ថា “ពួកគេត្រូវបានដោះលែងដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកាលពីថ្ងៃសៅរ៍ ម៉ោងប្រហែល៣រសៀល។ វាជាឆន្ទានុ សិទ្ធិរបស់ព្រះរាជអាជ្ញារូបនេះ។ យើងមិនហ៊ានជំទាស់សម្រេចក្តីសម្រេចរបស់គាត់ទេ”។
លោក ឯក ឆេងហួត បានអះអាងថា បុរសទាំងបួននាក់នេះត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ឡើយ បើទោះជាបានតាមទាន់ឃើញពួកគេធ្វើសកម្មភាពដើម្បីពង្រឹងចំណុចត្រួតពិនិត្យក៏ដោយ។
លោកបានថ្លែងថា ”បទល្មើសរបស់ពួកគេគឺតូចតាច ដូច្នេះហើយយើងគ្រាន់តែណែនាំឲ្យពួកគេឈប់ធ្វើរឿងេនះតែប៉ុណ្ណោះ។ លោកបានបន្ថែមថា បុរសម្នាក់ក្នុងចំណោមបុរសទាំងបួននាក់មានប័ណ្ណដែលបង្ហាញអត្តសញ្ញាណថា គាត់ជាសមាជិកអង្គការការពារធនធាន និងអភិរក្ស ប៉ុន្តែ លោកមិនចាំថា បុរសមួយណាទេ។
ព័ត៌មានលម្អិតអំពីអង្គការធនធានធម្មជាតិ នោះមានតិចតួចកាលពីម្សិលមិញ ដោយទាំងស្នងការនគរបាល និងព្រះរាជអាជ្ញាមិនអាចផ្តល់ព័ត៌មានថា តើវាជាសកម្មភាពស្របច្បាប់ ឬយ៉ាងណានោះឡើយ។
ទោះជាយ៉ាងណា លោក ម៉ម កេសី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានមានប្រសាសន៍ថា លោកបានឮព័ត៌មានពីផ្នែកផ្សេងទៀតនៃខេត្តកំពតថា អ្នកដែលបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនថា ជាសមាជិកអង្គការនេះបានយកលុយពីអ្នកភូមិជាថ្នូរនឹងការមិនរាយការណ៍អំពីសកម្មភាពកាប់ឈើខុសច្បាប់។
លោក ឈុត ឧត្តម ប្រធានអង្គការការពារធនជាតិធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់លោកគឺលោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថានដែលត្រូវបានគេបាញ់សម្លាប់បានមាន ប្រសាសន៍ថា លោកបានឮរឿងរ៉ាវស្រដៀងគ្នានេះពីការជំរិតទារប្រាក់ក្នុងខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
លោកបានថ្លែងថា “ពួកគេដើរយកតែប្រាក់ពីអ្នកភូមិប៉ុណ្ណោះ។ ពួកគេមិនបានធ្វើការងារទាក់ទងបរិស្ថានឡើយ”៕សារុន