ក្រុមមន្ត្រីដែលមើលខុសត្រូវការចាប់ខ្លួនលោក ភីធឺ ខូឡិន (Peter Ceulen) ជនជាតិហូឡង់ ជាជនរួមភេទជាមួយកុមារដែលត្រូវបានកាត់ឱ្យជាប់ទោសនៅក្នុងរាជធានីភ្នំពេញកាលពីសប្ដាហ៍មុននោះបានលើកឡើងថា ពួកគេកំពុងសម្រេចថាតើត្រូវនិរទេសជននេះឲ្យទៅប្រឈមមុខការជាប់ពន្ធនាគារនៅក្នុងប្រទេសបែលហ្សុិក ឬក៏ផ្តន្ទាទោសគាត់នៅក្នុងប្រទេសកម្ពុជា។
ប្រធានអង្គភាពនគរបាលរបស់អង្គការមិនមែនរដ្ឋាភិបាលដែលបានដឹកនាំការស្វែងរកលោក ខូឡិន កាលពីសប្ដាហ៍មុនបានឲ្យដឹងថា ពាណិជ្ជករមានទ្រព្យស្ដុកស្តម្ភរូបនេះ និងមានទីលំនៅក្នុងក្រុងសៀមរាបនឹងត្រូវនិរទេស “ក្នុងរយៈពេល៧២ម៉ោងក្រោយ”។
លោក ខូឡិន អាយុ៦០ឆ្នាំ ដែលបានបែងចែកពេលវេលារបស់គាត់ជាច្រើនឆ្នាំរវាងប្រទេសកម្ពុជា និងប្រទេសបែលហ្សុិក ត្រូវបានផ្ដន្ទាទោសកំបាំងមុខកាលពីខែមករា នៅតុលាការក្នុងខេត្តអានទ្វាប (Antwerp) និងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១៩ឆ្នាំពីបទបៀតបៀនផ្លូវភេទកុមារ រួមទាំងទារកទើបនឹងកើត និងក្មេងស្រីជនជាតិខ្មែរដែលគាត់យកមកចិញ្ចឹមផង និងពីបទផលិតរូបភាពអាសអាភាសកុមារ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គាត់បានត្រឡប់ទៅខេត្តសៀមរាប ក្រុមការងារពិសេសមួយត្រូវបានបង្កើតឡើងកាលពីដើមខែនេះដើម្បីស្វែងរកគាត់នៅទីនោះ។ ក្រុមការងារនេះត្រូវបានបង្កើតឡើងដោយនគរបាលប្រឆាំងការជួញដូរមនុស្ស នគរបាលយុត្តិធម៌ និងក្រុមស៊ើបអង្កេតមកពីអង្គភាពការពារកុមារ ជាសាខារបស់អង្គការមូលនិធិកុមារកម្ពុជា។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក James McCabe ប្រធានផ្នែកប្រតិបត្តិការរបស់អង្គភាពនេះមានប្រសាសន៍ថា ការនិរទេសលោក ខូឡិន ទៅប្រទេសបែលហ្សុិក នឹងធ្វើឡើងនៅពេលណាមួយក្នុងពេលខាងមុខ។
លោកបានបន្ថែមថា “គេកំពុងចាត់ចែងនៅឡើយរង់ចាំការប្រគល់គាត់ជាផ្លូវការឲ្យទៅអាជ្ញាធរបែលហ្សុិក។ វាសុវត្ថិភាពក្នុងការនិយាយថា វានឹងធ្វើឡើងក្នុងរយៈពេល៧២ម៉ោងក្រោយ”។
ក្រុមមន្ត្រីមកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃមានការប្រយ័ត្នប្រយែងបន្ថែមទៀតទាក់ទិនបញ្ហានេះ។
លោក ណា នាង អនុប្រធាននាយកដ្ឋាននេះបានមានប្រសាសន៍ថា “សូមរង់ចាំរហូតដល់ថ្ងៃច័ន្ទ ហើយព័ត៌មាននឹងកាន់តែច្បាស់នៅពេលនោះ ពីព្រោះឥឡូវនេះមន្ត្រីជំនាញកំពុងបញ្ចប់នីតិវិធីនេះ” ដោយលោកពន្យល់ថា រហូតមកទល់ពេលនេះមានការពិភាក្សាជុំវិញបញ្ហាថា តើនឹងត្រូវបញ្ជូនលោក ខឺឡិន ទៅប្រទេសបែលហ្សុិកឬក៏ផ្ដន្ទាទោសក្នុងប្រទេសកម្ពុជា។
លោក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបានអះអាងថា ការនិរទេសគឺកំពុងតែពិភាក្សា ប៉ុន្តែបានលើកឡើងថា ការពិភាក្សាលម្អិតអំពីបញ្ហានេះមិនបានគិតមុខគិតក្រោយឡើយ។ លោកបានថ្លែងថា ដោយប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលយូរ លោក ខូឡិន ប្រហែលជាអាចព្យាយាមធ្វើអត្តឃាត។
លោកបានថ្លែងថា ”ប្រសិនបើយើងឲ្យគាត់ដឹងតាមរយៈបណ្ដាញផ្សព្វផ្សាយព័ត៌មាន និងមានបញ្ហាណាមួយ ខ្ញុំនឹងនិយាយថា វាដោយសារតែកាសែត ខេមបូឌា ដេលី ចុះផ្សាយព័ត៌មានដោយការធ្វេសប្រហែស ធ្វើឲ្យជនល្មើសមានការភ័យខ្លាច ហើយបណ្ដាលឲ្យគាត់ធ្វើអត្តឃាត”៕ សារុន (រាយការណ៍បន្ថែមដោយ Peter Ford)