33 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នក​នយោបាយ​ដែល​សន្យា​​​លុប​​​ចោល​បំណុល​របស់​ប្រជា​ពលរដ្ឋ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហ៊ុន សែន ព្រមាន​ក្រុម​ហ៊ុន​​ដែល​​​​​ផ្ដល់​​កម្ចី​​​​បែប​​​ជញ្ជក់ឈាម​

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន​អ្នក​នយោបាយ​​នៅ​នឹង​កន្លែង​ចំពោះ​ការ​សន្យា​លុប​ចោល​បំណុល​របស់​ប្រជាពលរដ្ឋ​​ ​​​​​​​ដោយ​​​​​​​​នេះ​​​ជា​​​អ្វី​​​​​​​​​ដែល​​​​​​​​​លោក​​​ធ្លាប់​​​​​​​​​​​​​​បាន​​​រិះគន់​​​​​​​​​ទៅ​​​លើ​​​គណបក្ស​សង្គ្រោះជាតិ​នៅ​មុន​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។

ក្នុង​សុន្ទរកថា​នៅ​ឯ​សន្និសីទ​​​​​​​​​ប្រចាំ​​​​​ឆ្នាំ​​​​​​​​​ស្តីពី​​​​​​​​​​​​វិស័យ​​​​​​មីក្រូហិរញ្ញវត្ថុ​នៅ​ការិយាល័យ​របស់​លោក​​ក្នុង​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី​​​បាន​មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​​​ដែល​​​​​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា រដ្ឋាភិបាល​​​​អាច​លុប​ចោល​បំណុល​របស់​ប្រជាពលរដ្ឋ​បាន​ ដោយសារ​តែ​បំណុល​របស់​ពួកគាត់​​ជា​របស់​រដ្ឋ​។

លោកបាន​​​​​​​​​ថ្លែង​​​​ថា “អញ្ចឹង​សូមផ្តាំទៅ​បក្ស​​នយោ​​បាយ​នានា សូម​កុំធ្វើ​អំពើថោកទាប​​ដើរ​​​​ទៅ​បោក​ប្រជា​​ពលរដ្ឋ​​ថា បើសិន​ជា​​ឈ្នះ​ឆ្នោត​​​​គឺគេ​នឹង​លុប​​​ចោល​នូវ​បំណុល​។ ​ខ្ញុំ​ថា​សកម្ម​ភាព​បែប​នេះ​ ថត​ឱ្យ​ជាប់​ ចាប់​​ខ្លួន​តាហ្មង។ អា​នេះ​ជា​​ការ​បំពាន​លើ​បញ្ញត្តិ​ហិរញ្ញ​វត្ថុ​ និយាយ​​​​អញ្ចឹងតាហ្មង ចាប់​ខ្លួន​នៅ​ហ្នឹ​ង​កន្លែង​​​​​​​​​​តាហ្មង តំណាង​រាស្ត្រ​ក៏​ត្រូវ​​​ចាប់​ដែរ ព្រោះ​​អាហ្នឹង​ចាប់​លើ​បទ​ល្មើស​ជាក់ស្តែង”។

លោក​នាយករដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​​​​អ្នក​នយោបាយ​​ដែល​បាន​ធ្វើ​ការ​សន្យា​​​​​​​​​​​បែប​​​​​​​​​នេះ​​​បណ្ដាល​ឲ្យ​លោក​ខឹង​​​​នោះ​​ទេ​​​។ ទោះ​ជាយ៉ាង​ណា អំឡុង​​​​​​​​​​​​សុន្ទរក​​​ថា​​​មួយ​​​​កាល​​​ពី​​​​ខែ​ឧសភា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ប្រៀប​ប្រដូច​​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​នឹង​ខ្មែរ​ក្រហម​ ដោយសារ​តែ​​​​​គណ​​​បក្ស​​​នេះ​​​​​​មាន​​​គម្រោង​​​លុប​ចោល​បំណុល​។

លោក​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​​​​ថា “​ពួកគេ​និយាយ​​​​​​​​​បើក​ចំហ​​​ផង និង​ខ្សឹប​ខ្សៀវ​​​​​​ផង​​​ថា នៅ​ពេល​​​ខ្លួន​​​ឈ្នះ​ឆ្នោត ខ្លួន​​​​​​នឹង​លុប​ចោល​បំណុល​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នា។ ពួកគេ​​​​ត្រូវ​​​​​​ធ្វើ​ដូច ​ប៉ុល ពត ហើយ​បំផ្លាញ​ធនាគារ​ និង​ច្បាប់​ទាំង​អស់​​។ ពួកគេ​ត្រូវ​​​បំផ្លាញ​​​​​ធនាគារ​​ដើម្បី​រំដោះ​អ្នក​ជាប់​បំណុល​។ ទោះ​ជាយ៉ាង​ណា បើ​ពួកគេ​មិនធ្វើ​វា​មាន​ន័យ​ថា ពួកគេ​កុហក​ប្រជាពលរដ្ឋ​”។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ​​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​ការ​សន្យា​​​​បែប​នេះ​ឡើយ​​​។ អត្ថបទ​មួយ​​ចុះ​ផ្សាយ​ដោយ​​​​សំឡេង​ប្រជាធិបតេយ្យ (VOD) សុន្ទរកថា​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ៊នស៊ិនប៉ិច ​​​​​​បាន​​​​​​​​​ធ្វើ​​​ការ​​​សន្យា​​​​​​​​​​​​​លុប​​​ចោល​​​បំណុល​​​របស់​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​​​​អំឡុង​​​​​​​​​សន្ទរក​​​ថា​​​មួយ​​​​​​​​​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ កាល​​ពីខែ​មិថុនា។

លោក សាយ ហាក់ អ្នក​នាំពាក្យ ​​​និង​​​ជា​​​​​​​​​អគ្គ​​​លេខាធិការ​​​​គណបក្ស​ហ្វុ៊នស៊ិនប៉ិច មិន​បាន​បញ្ជាក់​ទេ ​ហើយ​ក៏​មិន​បាន​បដិសេធ​​ថា ព្រះអង្គម្ចាស់​​​​ធ្លាប់​​​បាន​សន្យា​លុប​ចោល​បំណុល​​​​របស់​​ប្រជារាស្ត្រ​ឡើយ​​​ ប៉ុន្តែ​លើក​ឡើង​ថា គណបក្ស​នឹង​អនុវត្ត​តាម​បំណង​​ប្រាថ្នា​របស់​លោក​នាយក​រដ្ឋមន្ត្រី។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​​មក​ពី​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​បាន​មាន​ប្រសាសន៍​ថា ​​​ពិត​ណាស់ថា ​​លោក ហ៊ុន សែន កំពុង​​​​​​​​​តែ​​​គំរាម​កំហែង ហើយ​​​​​​ការ​​​សន្យា​លុប​ចោល​បំណុលដែល​​​ទោះជា​​​​​​មិន​​​អាច​​​​​​​​​ទៅ​​​រួច​​​ក្តី គឺ​​​ជា​​​​​​សិទ្ធិ​​​របស់​​​​​​អ្នក​​​​​​នយោបាយ​​​។

លោក​បាន​បន្ត​ថា “ខ្ញុំ​គិត​ថា វា​គ្រាន់​តែ​ជា​ទស្សនៈរបស់​អ្នក​នយោបាយ​​​​​មួយ​​​​​​រូប​​​ដែល​​​​​​ធ្វើ​​​​​​​ប្រជាភិថុត​ប៉ុណ្ណោះ ដូច្នេះ​គ្មាន​បទល្មើស​ទេ ហើយ​ការ​លើក​ឡើង​បែប​នេះ​មិន​បង្ក​ចលា​ចល​ឡើយ​។ សូម​ក្រឡេក​មើល​ច្បាប់​ វា​មិន​មែន​ជា​ការ​ញុះញង់​ទេ”។

​​នៅ​ឯ​សន្និសីទ​​កាលពី​ម្សិលមិញ លោក ហ៊ុន សែន ក៏​បាន​​​តម្រង់​​​​​​​​គោល​​​​​​ដៅ​​​​​​​ទៅ​រក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ (MFIs) ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​ជាច្រើន​​​​ថាធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ចាំបាច់​ ហើយ​ព្យាយាម​​ផ្ដល់​ឥណទាន​​​​​​​​​ដោយ​​​​​​​​​យក​អត្រាការ​ប្រាក់​ខ្ពស់​ដែល​ជា​ការ​បង្ហាញ​ចេតនា​​​​​​​ចង់​​​ប្រមូលយក​វត្ថុ​បញ្ចាំ​របស់ពួកគាត់។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ”ពួកគេ​​​យក​​អត្រាការ​ប្រាក់​ខ្ពស់ ហើយ​ប្រើ​​​​​​​ប្រាស់​​​​​​វិធី​​​សាស្ត្រ​​​​សង​ប្រាក់​កម្ចី​កេង​ប្រវ័ញ្ច​ ហើយ​ការ​អនុវត្ត​ការ​ផ្ដល់​កម្ចី​របស់​ពួកគេ​រហ័ស និង​ធូររលង់​ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ចី​​ទទួល​បាន​ប្រាក់​កម្ចី​ពីពួកគេ​។ ជា​លទ្ធផល​ពួកគាត់​ភាគច្រើន​​ខក​ខាន​ក្នុង​ការ​បង់​ និង​គ្មាន​លទ្ធភាព​​​​បង់​ ហើយ​​​អចលនទ្រព្យ​របស់​ពួកគាត់ដូច​ជា​ដី ផ្ទះ និង​ចម្ការ​ត្រូវ​បាន​​អង្គការ សមាគម​ និង​អ្នក​ចង​ការ​ប្រាក់​ទាំង​នេះ​​​រឹប​​​អូស​​​។ ពួកគេ​ហាក់​ដូច​​ជា​មាន​បំណង​រឹប​អូស​ទ្រព្យ​សម្បត្តិ”។

លោក ហ៊ុន សែន បាន​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​កុំឲ្យ​រឹប​អូស​អចលនទ្រព្យ ​​​នៅ​​​ពេល​​​​​​អ្ន​​​ក​​​​​​ណា​​​ម្នាក់ខក​​​ខាន​​​​​​ក្នុង​​​ការ​​​​​​​សង​​​ប្រាក់​​​ ហើយ​​​​​​ត្រូវ​​​​បញ្ជូន​ករណី​នេះ​ទៅ​តុលា​ការ​ជាមុន​សិន។ លោក​​​​​បាន​មាន​​​​​​ប្រសាសន៍​​​​ថា “ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ជាតិ​ត្រូវ​​មើល​រឿង​​ហ្នឹង​ឱ្យ​ច្បាស់។ ​នេះ​ជា​​ការ​បំផ្លាញ​​​​​ពល​​រដ្ឋ​តាម​​​រយៈ​យក​ប្រាក់​កម្ចី​​ធ្វើ​ជា​​នុយ​ដើម្បី​ទាញ​​យក​នូវ​ផល​ប្រយោជន៍ គឺធ្វើ​​ម៉េច​ឱ្យ​គ្រួសា​រ​ហ្នឹង​​ជំពាក់​​​គ្មាន​​​​​​​​លទ្ធ​ភាព​សង។ ដូច្នេះ ខ្ញុំ​ផ្ញើ​សារ​​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់ និង​នគរ​បាល​៖ បើ​អ្វី​​មួយ​មិន​ច្បាស់​លាស់ កុំទៅ​​​​រវល់​ជួយ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​មាន​បំណង​រឹបអូស​ទ្រព្យ​សម្បត្តិ​។ រឿង​នេះ​ត្រូវ​ឆ្លង​​​កាត់​​​​​​តុលាការ”។

លោក គុយ សេងមឿន នាយក​ប្រតិបត្តិ​របស់​​ ​KAK ​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​របស់​លោក​មាន​អ្នក​ខ្ចី​ប្រាក់​ប្រមាណ​១.០០០​នាក់ ហើយ​ការ​ប្រឆាំង​របស់​លោក​ ហ៊ុន សែន ​គឺ​ពាក់​ព័ន្ធ​អ្នក​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ មិន​មែន​​ ​​IFM ឬ​អង្គការមិនមែន​​​​​​​​​រដ្ឋាភិបាល​ដូច​​​នេះ​​​ទេ។

លោក​បន្ត​ថា ”ខ្ញុំ​មិន​ដែល​ឃើញ​អង្គការ​ ឬ​ MFI រឹបអូស​​​​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​​​ទេ ព្រោះ​​​តាម​​​​ច្បាប់ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់​​​អាច​យក​ទៅ​ប្រកាស​លក់​ឡៃឡុង​បាន ​​ប្រសិន​​​បើ​ពួកគាត់​យល់​ព្រម។ ហើយ​ដំណើរ​ការ​នេះ​​​​ត្រូវ​​​​​​​​​តែ​​​ស្រប​ច្បាប់​ដែល​មាន​ន័យ​ថា តុលា​​​ការ​​អាច​​ធ្វើ​ការ​សម្រេច​បាន​ ហើយ​យើង​មិន​​​​អាច​។ អង្គ​​​​​​​​​ភាព​របស់​ខ្ញុំ​មិន​ដែល​​រឹប​អូស​​ផ្ទះ​សំបែង​ពី​ប្រជាពលរដ្ឋ​ទេ។ យើង​មាន​តែ​មួយ​​​​ករណី​ប៉ុណ្ណោះ​ដែល​យើង​បាន​ដាក់​ពាក្យ​​​បណ្តឹង​​​​​​​​​​​ទៅ​មេឃុំ។ ប៉ុន្តែ​ពាក្យ​បណ្ដឹង​នោះ​មិន​មែន​ដើម្បី​​រឹបអូស​ទ្រព្យ​សម្បត្តិទេ វា​គ្រាន់​​​តែ​​ជំរុញ​ឲ្យ​ពួកគាត់​សង​ប្រាក់​ប៉ុណ្ណោះ”៕ សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស