38 C
Phnom Penh

សាលាក្តីដាក់​ តា អាន​ ឲ្យ​​ស្ថិត​ក្រោមការ​ពិនិត្យ​បទ​ប្រល័យ​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជិត​មួយ​ឆ្នាំបន្ទាប់ពី​អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជាបាន​ចោទ​ប្រកាន់​ អោ អាន អតីត​កម្មាភិ​បាល​ខ្មែរក្រហម ដែលមាន​​​ឈ្មោះបដិវត្តន៍ថា តា អាន បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នោះ សាលា​ក្តីនេះ កាលពី​ម្សិលមិញ​បានដាក់ជន​សង្ស័យ​វ័យ​ចំណាស់រូបនេះ​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​​ឧក្រិដ្ឋ​ថ្មី​មួយ​ចំនួនទៀត​ រួមមាន​ដូចជា​អំពើ​ប្រល័យ​ពូជសាសន៍​ជាដើម។

តា អាន អាយុ​៨៣ឆ្នាំ​ត្រូវ​បាន​លោក​ ម៉ៃ​ឃើល បូឡែនឌ័រ (Michael Bohlander) សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដាក់​ឱ្យ​ស្ថិត​នៅ​​​​ក្រោម​ការ​ពិនិត្យ​ពីបទ​ប្រព្រឹត្ត​អំពើ​ប្រលួ័យ​ពូជាសាសន៍​លើ​ជនជាតិ​ចាម​ជាមួយ​នឹង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​នៅ​តំបន់​ជាច្រើន​អំឡុង​គាត់​មាន​តំណែង​ជា​លេខារង​នៃភូមិ​​ភាគ​​​កណ្តាល​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។

cam-photo-ta-an-dccam-WEB-ONLYបទឧក្រិដ្ឋ​ប្រឆាំងមនុស្ស​ជាតិ​នេះ​រួមមាន​កា​រ​ធ្វើទុក្ខ​​បុកម្នេញ​អតីត​ទាហាន​ លន់ នល់ និង​​​​ការបោស​សម្អាត​ខ្មាំង​ផ្ទៃក្នុង ព្រមទាំង​គ្រួសារ​​​​របស់​ពួកគេ​នៅភូមិភាគ​កណ្តាល​និង​បូពា៌។ គាត់​​​ក៏ប្រឈម​នឹងការ​ចោទ​ប្រកាន់​ពី​បទ​​ប្រព្រឹត្ត​​អំពើ​​អមនុស្ស​ធម៌ដទៃទៀត​រួមមាន​អាពាហ៍​ពិពាហ៍​​​ដោយ​បង្ខំ ការ​រំលោភ​ផ្លូវ​ភេទ​ និង​ការ​បាត់​​ខ្លួនដោយ​បង្ខំ​ជាដើម​ផងដែរ​។

ការ​ចោទ​ប្រកាន់​ថ្មីបំផុត​នេះ​ នឹងត្រូវ​បន្ថែម​​​ពីលើ​ការ​ចោទប្រកាន់ដែលមាន​ស្រាប់​ពីបទ​មនុស្ស​ឃាតមានផែនការទុកជាមុន​ និង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​រួមមាន​ការ​ធ្វើ​មនុស្ស​​​​​ឃាត ការ​សម្លាប់​រង្គាល និងការ​ធ្វើទុក្ខ​បុក​ម្នេញ​​​​ផ្នែក​នយោបាយ​និង​សាសនា​ជាដើម​។

តំបន់​ដែលកើតមាន​បទឧក្រិដ្ឋ​ទាំងនេះ​​ រួម​មាន​មន្ទីរសន្តិសុខ​វត្ត​អូរ​ត្រកួន ជាកន្លែង​ដែលគេគិតថា​  មាន​មនុស្ស​ប្រហែល​៣០.០០០​​​នាក់​​ត្រូវ​បាន​សម្លាប់ចោល​។ វត្ត​នេះ បាន​ក្លាយ​​​​ជា​ប្រធាន​បទ​រួមមួយ​នៅក្នុង​ផ្នែក​នៃសំណុំ​រឿង​​០០២ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជន​ជាតិ​ចាម និង​ជនជាតិ​វៀត​​​ណាម​ ដោយ​មាន​សាក្សី​ជាច្រើន​បាន​ផ្តល់​សក្ខី​កម្ម​អំពី​កា​រសម្លាប់​រង្គាលនៅទីនោះ​ អំឡុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​ដែល​​កំពុង​បន្ត​របស់​ នួន ជា និង​ខៀវ សំផន ។​

តា អាន គឺ​ជា​កម្មាភិបាល​ថ្នាក់កណ្តាល​ទី​៣ ដែលត្រូវ​បាន​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពីបទ​ប្រល័យ​ពូជសាសន៍​នៅក្នុង​សំណុំរឿង​០០៣ និង​០០៤ ដែលរដ្ឋាភិបាល​ជំទាស់។ មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃ​របប​នោះ​ និង​ តា ទិត្យ​ អតីត​លេខាស្តីទី​នៃ​ភូមិភាគ​ពាយព្យ​សុទ្ធតែត្រូវ​បាន​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការ​ពិនិត្យ​ពីបទ​ប្រល័យ​ពូជ​សាសន៍​កាលពី​ខែ​ធ្នូ។

យោង​​​​តាម​លោក ឡាស អូលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្តីខ្មែរ​ក្រហមឲ្យ​​​ដឹងថា​ តា អាន ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​បាត់​ដំបង​បាន​បោះ​បង់​សិទ្ធិ​បង្ហាញ​ខ្លួន​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ ហើយ​ត្រូវ​បាន​តំណាង​ដោយ​មេធាវី​របស់គាត់​។

លោក រីឆាដ រ៉ូជើ (Richard Rogers) េមធាវី​​​របស់តា អាន បានលើក​ឡើង​ថា លោក​គិត​ថា គេ​នឹង​ដាក់​ការ​ចោទប្រកាន់​ថ្មី​លើ​កូន​ក្តី​របស់​​លោក​ ប៉ុន្តែ​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​វិសាលភាព​នៃការ​ចោទប្រកាន់​នេះ។

លោក​បាន​មានប្រសាសន៍ថា “​យើង​ភ្ញាក់​ផ្អើល ព្រោះ​យើង​​មិន​នឹង​ស្មាន​​ថា មាន​ភ័ស្តុ​តាង​គាំទ្រ​បទ​ចោទ​ប្រកាន់​អំពីអំពើ​[ប្រល័យ​ពូជសាសន៍​​នេះ​] អ៊ីចឹង​សោះ​ ប៉ុន្តែ​យើង​មិនភ្ញាក់​ផ្អើល​ទេ​ ​ពី​អ្វី​ដែល​គ្រាន់​តែ​ជាការ​ទស្សន៍​ទាយ​ទុក​មុន​នោះ​ ដោយ​​​សារ​អ្នក​ខ្លះទៀត​ដែល​​​​ត្រូវ​បាន​ចោទប្រកាន់​នៅក្នុង​សំណុំ​រឿង​​​នេះ​សុទ្ធតែត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ឧក្រិដ្ឋនេះ ហេតុ​ដូច្នេះ​យើង​គិត​​ថា វិធាន​ការ​​​​នេះ​ធ្វើតាម​លំអាននៅក្នុង​ការ​ចោទ​ប្រកាន់​​​​​ពីបទ​ប្រល័យ​ពូជសាសន៍”។

មេធាវី​ជនជាតិ​អង់គ្លេសរូបនេះ​បាន​លើក​ឡើង​ថា កូនក្តីវ័យចំណាស់របស់លោក “​តាន​​តឹង​ក្នុង​អារម្មណ៍ខ្លាំង​ណាស់” ដោយសារ​ការ​ចោទប្រកាន់​មកលើរូបគាត់។

លោក​បានមាន​ប្រសាសន៍បន្ថែមថា “​គាត់​ហាក់បី​ដូច​ជា​នឹង​នរ​នៅឡើយ​ទេនៅពេល​នេះ ប៉ុន្តែ​ក្នុង​វ័យ​ដូច​គាត់ អ្វីៗ​អាច​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។ យើង​បានទៅ​សួរ​សុខទុក្ខ​គាត់​កាលពី​ថ្ងៃសុក្រ​ដើម្បី​ជជែក​អំពី​សវនា​ការ​នេះ​ និង​ថា តើអ្វី​អាច​នឹង​កើត​ឡើង​ ហើយ​​​​គាត់​ហាក់បី​ដូចជា​នៅ​នឹង​នរ​”។

លោក​បាន​បន្ថែមទៀត​ថា “ខ្ញុំគិ​តថា គាត់​តាន​តឹង​ក្នុង​អារម្មណ៍​ខ្លាំង​ណាស់​ ដូច​អ្នក​ដែល​​គិត​ថា ខ្លួន​មិនគួរ​ត្រូវបាន​​គេ​ដាក់ទណ្ឌកម្ម​ចំពោះ​ការ​ចោទប្រកាន់ដែលខ្លួនមិនបាន​ធ្វើ​​។​ ​​ការ​ចោទប្រកាន់ទាំងនេះ​គឺជា​ការ​ចោទ​ប្រកាន់​ស្ថិត​ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​បំផុត​លើ​ពិភពលោក ហើយ​គាត់​មាន​អារម្មណ៍​ហាក់បីដូច​ជា​ត្រូវ​បានគេ​ចោទ​ប្រកាន់់​​​ខុស​”៕ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស