33 C
Phnom Penh

នគរបាល​នឹង​ចាប់​ផ្តើម​រឹតបន្តឹង​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ថ្មី​​ ក្រោយ​ពី​ពន្យារពេលអស់​២ខែ​កន្លះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ថា បន្ទាប់​​ពី​ផ្តោត​លើការ​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន​លើ​ការ​អប់រំ​អ្នក​បើក​បរ​អំពីច្បាប់​ចរាចរណ៍​រយៈ​ពេល​ពីរ​ខែកន្លះរួច​មក​ នៅថ្ងៃនេះ​នគរបាល​នឹង​ចាប់​ផ្តើមអនុវត​្ត​ច្បាប់ថ្មី​ដ៏​តឹង​រ៉ឹង ដោយ​ធ្វើការ​ផាក​ពិន័យ និង​ដាក់ទោស​ទណ្ឌ​ដល់​អ្នក​​​​បើក​បរ​យានយន្ត​ដែល​ល្មើស​ច្បាប់។

សេចក្តី​ប្រកាស​​ដែល​ចុះ​ហត្ថលេខា​ដោយ​​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មាន​ខ្លឹម​សារ​ថា “ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​ ​​នគរបាល​ចរាចរ​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ចំពោះ​អ្នក​បើក​បរ​ណា​​​​​​ដែល​មិន​ពាក់​មួក​សុវត្ថិភាព បើក​បរ​លើស​​​​​​​ល្បឿនកំណត់​ បើក​បរ​ក្រោម​ឥទ្ធិពល​​គ្រឿង​ស្រវឹង​ មិន​បើក​បរ​ក្នុងគន្លង​ផ្លូវឱ្យ​បាន​​ត្រឹម​ត្រូវ​ បើក​បរ​ដឹក​លើស​ទម្ងន់ និង​យានយន្ត​ស្ថិត​ក្នុង​លក្ខខណ្ឌ​គ្មាន​សុវត្ថិភាព​ជាដើម”។

លោក រុន​ រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​​សាធារណៈ​នៃនគរបាល​ជាតិ​​បានមាន​ប្រសាសន៍​ថា ថ្ងៃនេះ​នឹង​កត់​សម្គាល់​​ពី​ចំណុច​របត់មួយ​សម្រាប់នគរបាល​ ដោយ​មាន​ការ​ផ្លាស់ប្តូរ​ពី​​ការ​ចេញ​ការ​ព្រមាន​ទៅ​ជា​​ការ​អនុវត្ត​ច្បាប់វិញ​។

លោក​បាន​ថ្លែង​ថា “​ពីមុន យើង​​ច្រើន​តែ​​អប់​រំ​ប្រជាពល​រដ្ឋ ​ចន្លោះពី​​៤០ទៅ​៦០​ភាគរយ​”។ ​លោក​បាន​​កត់​សម្គាល់​ថា ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​បានធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មានការ​ពេញ​ចិត្ត​​។

លោក​បាន​បន្ថែម​ថា “យើង​គិត​ថា ឥឡូវ​នេះ​​យើង​បាន​ធ្វើ​ការ​អប់​រំ​ច្រើន​ណាស់​មក​ហើយ​។ វាដល់ពេល​ដែល​[មនុស្ស​គ្រប់គ្នា]​​គោរព​ច្បាប់ហើយ”។

ឧត្តម​សេនីយ៍​ឯក រុន​រ័ត្ន​វាសនា បាន​បន្ថែម​ថា នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​​​ពិសេស​ចំពោះ​បទ​ល្មើស​បើក​បរ​ដោយ​ស្រវឹង​ និង​​​បើក​បរ​​លើស​​ល្បឿន​​កំណត់​​ ជាយុទ្ធ​សាស្ត្រ​​​ដែល​ត្រូវ​​​​បាន​សាទរ​ដោយ​​លោក អ៊ា ចរិយា​ ប្រធាន​​​​​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

លោក​​ថ្លែង​ថា ”ដោយការ​បើក​បរ​​លើស​​​​​ល្បឿន​កំណត់​​បណ្ដាល​ឲ្យ​មាន​​ការ​ស្លាប់​​​តាម​ដង​ផ្លូវ​៥០ភាគរយ​ និង​ការ​បើក​បរ​ដោយ​ស្រវឹង​​​​បណ្ដាល​ឲ្យ​មាន​​ការ​ស្លាប់​ប្រហែល​១៥​ភាគរយ​នោះ ​ នៅពេល​នគរបាល​​ផ្តោត​​​​លើ​​​កត្តា​​ទាំង​ពីរនេះវា​អាច​​កាត់​បន្ថយ​​ការ​ស្លាប់​រហូត​ដល់​​៦៥​ភាគរយ”។

លោក អ៊ា ចរិយា បាន​កត់​សម្គាល់ថា ការ​អនុវត្ត​ច្បាប់​បាន​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ជាពិសេស​​នៅពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​អន្តរាគមន៍​កែប្រែ​បទប្បញ្ញត្តិ​ដែល​សាធារណជន​មិន​ពេញ​ចិត្ត ដូច​ជា​ការ​តម្រូវ​ឱ្យ​​មាន​ប័ណ្ណ​បើក​បរ​ជាដើម។

លោក​បាន​មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​​​ការងាររបស់​​រដ្ឋាភិបាល​ដែល​​មាន​ភារកិច្ច​​​កែប្រែ​ច្បាប់នេះ​ ផ្អែកលើ​អនុសាសន៍​របស់​លោក​ ហ៊ុន សែន បាន​ប្រាប់​លោក​ថា ពួកគេ​​បាន​ធ្វើ​វិសោធនកម្ម​​៨ចំណុច​ រួមមាន​ការ​ដក​ច្បាប់ដែល​តម្រូវ​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ក្រោម​១២៥cc មាន​ប័ណ្ណ​បើក​បរ​ ហើយ​នឹង​ដាក់ជូន​ការងារ​របស់ខ្លួន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ខែ​នេះ។

មន្ត្រីម្នាក់​នៅ​គណៈកម្មាធិការ​នេះ​​មិន​បាន​ឆ្លើយ​តប​​ឡើយ​ចំពោះ​សំណើសុំអត្ថា​ធិប្បាយ​៕សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស