ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកលើកឡើងពីសេចក្តីព្រួយបារម្ភធំៗអំពីច្បាប់ស្តីពីទូរគមនាគមន៍ថ្មីរបស់ប្រទេសកម្ពុជាដែលផ្តល់អំណាចស៊ើបការណ៍ស្ទើរតែទាំងស្រុង និងដាក់ឲ្យទៅជាឧក្រិដ្ឋកម្មចំពោះការប្រាស្រ័យទាក់ទងតាមអេឡិកត្រូនិកដែលគេចាត់ទុកថាបណ្តាលឲ្យមាន”អសន្តិសុខជាតិ”។
ច្បាប់នេះបានអនុម័តរួចហើយ ទោះបីជាមានពហិការមិនចូលរួមប្រជុំសភារបស់គណបក្សប្រឆាំងក៏ដោយ និងធ្វើឡើងចំពេលដែលរដ្ឋាភិបាលកាន់តែមានប្រតិកម្មនឹងការរិះគន់តាមអ៊ិនធឺណិត។ ឆ្លើយតបនឹងសំណួរទាក់ទងនឹងខែ្សអាត់សំឡេងបែកធ្លាយអំពីសម្តីសាសងរវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីកំណាន់ម្នាក់នោះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនបានបដិសេធថា រដ្ឋាភិបាលកំពុងលួចស្តាប់យកការណ៍លើតំណាងរាស្ត្រគណបក្សប្រឆាំងនោះទេ។
អង្គការសិទ្ធិមនុស្សលីកាដូដែលគ្រោងបញ្ចេញការពិនិត្យស៊ើរើផ្លូវច្បាប់នៃច្បាប់នេះនៅសប្តាហ៍នេះនិយាយថា ច្បាប់នេះគឺទំនងធ្វើឲ្យការឆ្លើយតបដោយធ្ងន់ដៃពេកពីសំណាក់រដ្ឋាភិបាលទៅលើការបញ្ចេញមតិតាមអ៊ិនធឺណិតកាន់តែធ្ងន់ឡើង។
លោក ក្រេក ប្រេដសរ អ្នកប្រឹក្សាផ្នែកច្បាប់នៃអង្គការលីកាដូបាននិយាយក្នុងសារអ៊ីម៉េលថា ” យើងស្ថិតនៅចំកណ្តាលនៃការបង្ក្រាបទូទៅលើការសម្តែងមតិតាមអ៊ិនធឺណិត។ ច្បាប់នេះនឹងបន្ថែមទៅលើនិន្នាការនេះ ហើយអាចបង្កើនចំនួននៃករណីបែបនេះ”។
លោក ក្រេក ប្រេដសរ បានមានប្រសាសន៍សំដៅលើច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលអនុម័តថ្មីៗនេះដែលបណ្តាលឲ្យមានការភ័យខ្លាចការបង្ក្រាបទៅលើការបញ្ចេញមតិដោយសេរីថា “វាជាចំណុចមួយទៀតនៃរបៀបវារៈគ្រប់គ្រងផ្នែកនីតិបញ្ញតិមុននឹងមានការបោះឆ្នោតនៅពេលខាងមុខ ហើយក៏នៅជាមួយច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែរ”។
អ្វីដែលអង្គការលីកាដូព្រួយបារម្ភបំផុត គឺមាត្រាដាក់ឲ្យទៅជាឧក្រិដ្ឋកម្មលើការប្រើសម្ភារៈទូរគមនាគមន៍ណាមួយដែលបណ្តាលឲ្យមានអសន្តិសុខសង្គម ជាទោសទណ្ឌដែលត្រូវជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។
លោក ប្រេដសរ បាននិយាយថា “ដូច្នេះ ការហៅទូរស័ព្ទ ការផ្ញើសារ សារអ៊ីម៉េល វិទ្យុ ឬការផ្សាយទូរទស្សន៍អាចដាក់ឲ្យទៅជាឧក្រិដ្ឋកម្ម ប្រសិនបើគេចាត់ទុកក្រោយពីមានហេតុការណ៍ថានាំឲ្យមានអសន្តិសុខជាតិ។ ច្បាប់នេះគឺស្រពេចស្រពិលដែលវាពិបាកនឹងកំណត់ភាពស្របច្បាប់នៃទង្វើនៅពេលប្រព្រឹត្តអំពើនោះ”។
អ្នកប្រឹក្សាច្បាប់រូបនេះបាននិយាយថា ករណីនៃនិស្សិតវិទ្យាសាស្ត្រនយោបាយដែលចោទប្រកាន់ពីបទញុះញង់ដោយសារតែបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើបដិវត្តព៌ណ គឺគ្រាន់តែជាឧទាហរណ៍ថ្មីៗបំផុតថា ហេតុអ្វីបានជាពលរដ្ឋខ្មែរគួរព្រួយបារម្ភអំពីថាតើរដ្ឋាភិបាលបកស្រាយការគំរាមយ៉ាងម៉េចនោះ។
លោកបាននិយាយថា មាត្រានោះគឺគ្រោះថ្នាក់ច្រើន ដោយសារតែអំណាចដែលច្បាប់ថ្មីផ្តល់ឲ្យរដ្ឋាភិបាលលួចស្តាប់ការប្រាស្រ័យទាក់ទងតាមអេឡិកត្រូនិកដោយគ្មានការត្រួតពិនិត្យមើលប្រកបដោយអត្ថន័យទេ។
ច្បាប់នោះចាត់ទុកថាខុសច្បាប់ចំពោះការលួចស្តាប់ជាសម្ងាត់ ឬថតសំឡេងការប្រាស្រ័យទាក់ទង លើកលែងតែ”មានការយល់ព្រមពីអាជ្ញាធរស្របច្បាប់”។
លោក ប្រេដសរ បានមានប្រសាសន៍ដោយចាត់ទុកច្បាប់នេះ”កង្វះខាតទាំងស្រុងនូវតម្លាភាព គណនេយ្យភាព ឬការការពារសិទ្ធិឯកជនរបស់ពលរដ្ឋ” ថា “មិនមាននិយមន័យថា នរណាគឺជាអាជ្ញាធរស្របច្បាប់ ឬថាតើពួកគេមានសមត្ថកិច្ចប៉ុណ្ណា ដើម្បីយល់ព្រមឲ្យមានការឈ្លបមើលនោះទេ”។
អង្គការលីកាដូក៏ព្រួយបារម្ភដែរអំពីមាត្រាពីរដែលតម្រូវឲ្យក្រុមហ៊ុនទូរគមនាគមន៍ផ្តល់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នូវរាល់ទិន្នន័យសេវារបស់ខ្លួនទាំងអស់ ដោយមិនចាំបាច់មានដីកា ហើយអនុញ្ញាតឲ្យរដ្ឋាភិបាលបញ្ជាប្រតិបត្តិករ ឲ្យចាត់វិធានការចាំបាច់ក្នុងករណីមានប្រធានសក្តិ។
លោក ប្រេដសរ បានមានប្រសាសន៍ថា “រឿងនេះអាចមានន័យថាការគ្រប់គ្រងដូចថ្នាក់ជាតិនៃទូរគមនាគមន៍នៅក្នុងស្ថានការណ៍មួយចំនួនមិនច្បាស់លាស់។ វាអាចដឹងជាមុនថា បញ្ហានេះអាចត្រូវគេប្រើក្នុងបរិបទនៃការបោះឆ្នោតនាពេលខាងមុខ ដើម្បីបិទបណ្តោះអាសន្ននូវបណ្តាញសង្គមស្រដៀងគ្នានឹងព្រឹត្តិការណ៍នៅប្រទេសថៃ”។
លោក ប៉ាត ដឺ ព្រុន អ្នកប្រឹក្សាផ្នែកច្បាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានយល់ស្របថា ច្បាប់ស្តីពីទូរគមនាគមន៍រួមជាមួយនឹងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល និងគម្រោងជួនមានជួនមិនមានចំពោះច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ិនធឺណិតត្រូវគេពិចារណាក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិ។
លោក ប៉ាត ដឺ ព្រុន បានមានប្រសាសន៍ថា “ច្បាប់នីមួយៗតំណាងការប៉ុនប៉ងដោយរដ្ឋាភិបាល ដើម្បីរឹតត្បឹតសេរីភាពជាមូលដ្ឋាន ក្នុងគោលបំណងធ្វើឲ្យចុះខ្សោយដល់ក្រុមទាំងឡាយដែលរដ្ឋាភិបាលគិតថាប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន។ ច្បាស់ណាស់ថា រដ្ឋាភិបាលគិតថា ការក្តោបក្តាប់អំណាចរបស់ខ្លួនគឺរងការគំរាមកំហែង ហើយច្បាប់នេះទៀតសោត គឺជាឧទាហរណ៍មួយទៀតនៃការប៉ុនប៉ង ដើម្បីបង្ក្រាបសំឡេងប្រឆាំង ក្នុងខណៈដែលយើងជិតដល់ពេលបោះឆ្នោត”។
អ្នកប្រឹក្សាផ្នែកច្បាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះបានមានប្រសាសន៍ថា ដោយគ្មានការត្រួតពិនិត្យមើលច្បាស់លាស់ និងខ្លាំងក្លាថា រដ្ឋាភិបាលអាចលួចស្តាប់យកការណ៍លើការប្រាស្រ័យទាក់ទងគ្នាយ៉ាងដូចម្តេ៉ច និងនៅពេលណានោះ “រឿងនេះអាចផ្តល់នូវអំណាចពេញលេញយ៉ាងប្រសិទ្ធភាពដល់ក្រសួងនេះ ដើម្បីស៊ើបការណ៍លើនរណាដែលគេចង់ស៊ើប”។
លោក ខូវ មករា អ្នកនាំពាក្យក្រសួងទូរគមនាគមន៍ បាននិយាយថា មិនមានអ្វីដែលត្រូវខ្លាចច្បាប់នេះទេ។
អ្នកនាំពាក្យក្រសួងទូរគមនាគមន៍រូបនេះបានមានប្រសាសន៍ថា ការកើតមានសកម្មភាពប្រធានសក្តិ និងអត្ថន័យនៃអសន្តិសុខជាតិ គឺត្រូវកំណត់យ៉ាងច្បាស់លាស់នៅក្នុងច្បាប់ដទៃទៀត ប៉ុន្តែថា លោកមិនអាចចាំបានថាច្បាប់មួយណា ឬមានចែងអ្វីទេ។
លោក ខូវ មករា បានមានប្រសាសន៍ថា ទិន្នន័យដែលច្បាប់តម្រូវឲ្យប្រតិបត្តិករប្រគល់ជូនគឺគ្មានគ្រោះថ្នាក់អ្វីទាំងអស់។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ទិន្នន័យគឺគ្រាន់តែជាទិន្នន័យចរាចរណ៍ប៉ុណ្ណោះ គឺមិនមែនមាតិការទេ”។ លោកបាននិយាយបន្ថែមថា ក្នុងពេលដែលច្បាប់មិនបានហាមឃាត់ជាក់លាក់លើការទាមទារមាតិការ ក៍”មិនមានការបញ្ជាក់ច្បាស់លាស់ថា មាតិការនោះត្រូវប្រគល់ឲ្យដែរ”។
លោក មករា បានមានប្រសាសន៍បន្ថែមថា ក្រសួងរបស់លោកមិនបានជាប់ពាក់ព័ន្ធនឹងការលួចស្តាប់យកការណ៍លើការប្រាស្រ័យទាក់ទងគ្នាទេ ហើយថា អាជ្ញាធរស្របច្បាប់ដែលមានអំណាច ដើម្បីយល់ព្រមលើសកម្មភាពបែបហ្នឹង គឺមានក្រសួងមហាផ្ទៃ និងយុត្តិធម៌។
ក្រសួងទាំងពីរមិនអាចផ្តល់នូវសេចក្តីពន្យល់ថា អំណាចនេះនឹងត្រូវប្រើយ៉ាងដូចម្តេ៉ចទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាមេធាវីទេ អរគុណ” ហើយក៏ចុចបិទទូរស័ព្ទ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោកមិនបានដឹងថា អាជ្ញាធរស្របច្បាប់ជានរណាទេ ប៉ុន្តែលោកនឹងព្យាយាមរកអ្នកជំនាញបច្ចេកទេសដែលបានតាក់តែង៕