និស្សិតសាកលវិទ្យាល័យម្នាក់ដែលបានអំពាវនាវឲ្យធ្វើ ” បដិវត្តន៍ពណ៌” តាមរយៈសារក្នុង ហ្វេសប៊ុកកាលពីឆ្នាំមុនត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីម្សិលមិញឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ជាសេចក្តីសម្រេចមួួយដែលក្រុមអ្នករិះគន់បានចាត់ទុកភ្លាមៗថា ជាការប៉ុនប៉ងដើម្បីបំបិទសេរីភាពបញ្ចេញមតិ។
ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះហេង សុខណា បានប្រកាសនៅក្នុងបន្ទប់សវនាការដែលមានមនុស្សចូលរួមយ៉ាងច្រើនមុនម៉ោង៣រសៀលបន្តិចថា “តុលាការបានសម្រេចផ្តន្ទាទោស គង់ រ៉ាយ៉ា ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ”។
គង់ រា៉យ៉ា ត្រូវបានចាប់ខ្លួនដោយនគរបាលមកពីនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ពេលកំពុងដើរទៅថ្នាក់រៀននៅសាកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែសីហា។ក្រោយមក និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយអាយុ២៥ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធការសរសេរនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកពីរសប្តាហ៍មុនមានការចាប់ខ្លួនថា តើមានអ្នកណាម្នាក់ “ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?”។

លោក សម សុគង់ មេធាវីរបស់និស្សិតរូបនេះ បានជំទាស់នឹងសេចក្តីសម្រេចផ្តន្ទាទោសឲ្យកូនក្តីរបស់ខ្លួនជាប់ពន្ធនាគាររយៈពេល១៨ ខែកាលពីម្សិលមិញ ដោយចាត់ទុកថាជាការផ្តន្ទាទោសមិនសមហេតុផលឲ្យយុវជនវ័យក្មេងម្នាក់មានពិរុទ្ធភាពគ្រាន់តែបញ្ចេញមតិយោបល់តាមអីុនធឺណិតប៉ុណ្ណោះនោះ។
លោក សម សុគង់ បានមានប្រសាសន៍ថា “គាត់គិតថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរីភាពបញ្ចេញមតិត្រូវបានគោរព។ ប៉ុន្តែ ពេលគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួន គាត់បែរជាត្រូវបានចោទប្រកាន់ទៅវិញ។ ខ្ញុំគិតថា សេរីភាពបញ្ចេញមតិត្រូវបានរំលោភក្នុងប្រទេសរបស់យើង”។
លោកបានបន្ថែមថា “ការផ្តន្ទាទោសេនះគឺធ្ងន់ធ្ងរ បើផ្អែកតាមលទ្ធភាពនៃការផ្តន្ទាទោសដែលមានចែងនៅក្នុងច្បាប់”។ ការញុះញង់ឲ្យប្រព្រឹត្តបទល្មើសមានទោសជាប់ពន្ធនាគារអតិបរមា២ឆ្នាំ ។
ពេលនិយាយនៅខាងក្រៅបន្ទប់សវនាការ គង់ រ៉ាយ៉ា ដែលនៅតែជម្នះ បានលើកឡើងថា ខ្លួននឹងប្តឹងឧទ្ធរណ៍ ហើយចោទសួរអំពីសុចរិតភាពរបស់តុលាការនៅកម្ពុជា។
និស្សិតរូបនេះបាននិយាយថា “នេះគ្មានអ្វីប្លែកទេសម្រាប់តុលាការនៅកម្ពុជា។ វាតែងតែអ៊ីចឹងហើយ។ វាមិនត្រឹមតែអយុត្តិធម៌ ចំពោះខ្ញុំតែម្នាក់ប៉ុណ្ណោះទេ វាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋខ្មែរទាំងមូល”។
លោក អំ សំអាត ប្រធានគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា សេចក្តីសម្រេចេនះជា “ការគំរាម” របស់រដ្ឋាភិបាល ដែលមានគោលបំណងរារាំងការពិភាក្សាដេញដោលពាក់ព័ន្ធនយោបាយ។
លោកបានថ្លែងថា “វាគឺជាយុត្តិសាស្ត្រ និងជាឧទាហរណ៍ដើម្បីរារាំង ឬគំរាមដល់ការបញ្ចេញមតិរបស់យុវជនផ្សេងទៀត”។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងក៏បានយល់ស្របដូច្នេះដែរ។ លោកស្រីបានមានប្រសាសន៍ថា “វាគឺជាការព្រមានគួរឲ្យរន្ធត់ចំពោះយុវជនដែលប្រើប្រាស់ហ្វេសប៊ុកជាមធ្យោបាយសម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួន”។
មួយខែមុនពេល គង់ រ៉ាយ៉ា អំពាវនាវឲ្យធ្វើ “បដិវត្តន៍ពណ៌” ជាពាក្យដែលត្រូវបានប្រើប្រាស់ដើម្បីសំដៅដល់ការធ្វើបាតុកម្មអហិង្សានោះ ទស្សនៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីប្រធានបទនេះបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសមួយចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសកាលពីខែកក្កដាមានខ្លឹមសារដូច្នេះថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធធានាឲ្យបានថា ‘បដិវត្តន៍ពណ៌’ មិនអាចកើតឡើងនៅក្នុងប្រទេសកម្ពុជាបានឡើយ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ខណៈសេចក្តីសម្រេចផ្តន្ទាទោសឲ្យគង់ រ៉ាយ៉ា ជាប់ពន្ធនាគារធ្វើឡើងតាម “ឆន្ទានុសិទ្ធិរបស់តុលាការ” នោះ លោកសង្ឃឹមថា សាធារណជននឹងយកចិត្តទុកដាក់គោរពតាម។
លោកបានមានប្រសាសន៍ថា “ការស្នើប្រជាពលរដ្ឋឲ្យរួមគ្នាធ្វើបដិវត្តន៍ពណ៌មិនអាចទទួលយកបានទេ។ ដូចដែលសារមួយត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស គឺថា នរណាក៏ដោយកុំព្យាយាមបង្កឲ្យមានបដិវត្តន៍ណាមួយឲ្យសោះនៅកម្ពុជា”។
មិត្តភក្តិមួយចំនួនរបស់ គង់ រ៉ាយ៉ា យល់យ៉ាងច្បាស់អំពីសារនេះ។ ជ្រៃ បូរ៉ា អាយុ២៤ឆ្នាំដែលជានិស្សិតសាកលវិទ្យាល័យខេមរៈដែរនោះបានដាក់ញត្តិជូនស្ថាប័នរដ្ឋាភិបាលផ្សេងៗកាលពីថ្ងៃអាទិត្យអំពាវនាវឲ្យដោះលែង គង់ រ៉ាយ៉ា វិញ។
និស្សិតរូបនេះបាននិយាយថា “ខ្ញុំគិតថា និស្សិតភាគច្រើននៅសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា មានអារម្មណ៍ខ្លាចមិនហ៊ានបង្ហោះ ឬចែករំលែកព័ត៌មានណាមួយដែលទាក់ទិននឹងរដ្ឋាភិបាលឡើយ។ វាហាក់បីដូចជាប្រទេសកុម្មុយនីស្តអ៊ីចឹង ប្រជាពលរដ្ឋគ្មានសិទ្ធិគ្រប់គ្រាន់ទេ”៕ ស៊ុយឈាង