ស្ត្រីពីរនាក់ដែលបានជាប់ពន្ធនាការកាលពីសប្ដាហ៍មុនពីបទបំពានដីការបស់តុលាការពាក់ព័ន្ធវិវាទដីធ្លីមួយដែលកំពុងកើតមាននៅខេត្តកំពង់ស្ពឺ ត្រូវបានដោះលែងកាលពីយប់ថ្ងៃច័ន្ទ ពោលគឺ១ម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកឲ្យដោះលែងពួកគាត់។
មន្ត្រីរដ្ឋាភិបាលបានប្រញាប់ប្រញាល់ចេញមុខការពារបទបញ្ជារបស់នាយករដ្ឋមន្ត្រីថា ជាទស្សនៈមួយដែលតុលាការមានសេរីភាពក្នុងការមិនអើពើ ប៉ុន្តែបណ្ដាអ្នករិះគន់និយាយថា ចំណាត់ការនេះគ្រាន់តែជាការបង្ហាញពីអំណាចដ៏ធំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះដោយធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់ប្រព័ន្ធតុលាការកាន់តែខ្លាំង។
អ្នកស្រី យូ រ៉ន អាយុ៥១ឆ្នាំ និងអ្នកស្រី អុិត រុំ អាយុ៥៥ឆ្នាំដែលតំណាងឲ្យប្រជាពលរដ្ឋជាង១៦០គ្រួសារ គឺជាបុគ្គលសំខាន់នៅក្នុងការតស៊ូប្រឆាំងដើម្បីរក្សាការពារដីប្រមាណ១.០០០ហិកតានៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពួកគាត់ទាំងពីរបានបង្ហាញមុខនៅសាលាដំបូងខេត្តសម្រាប់ការសាកសួរកាលពីថ្ងៃសុក្រពាក់ព័ន្ធពាក្យបណ្ដឹងមួយដាក់ប្ដឹងនៅឆ្នាំ២០១៤ ដោយឈ្មោះ ជា គុំ ដែលអះអាងសិទ្ធិកាន់កាប់ដីនេះដែរ។
ចៅក្រម ទួន ពុទ្ធារ៉ា បានបញ្ជាឲ្យចាប់ខ្លួននិងឃុំឃាំងពួកគាត់ភ្លាមៗ នៅពន្ធនាគារខេត្តពីបទមិនគោរពដីកាមុនៗរបស់តុលាការ។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅម៉ោង ៩ យប់លើសបន្តិចកាលពីថ្ងៃច័ន្ទថា “ជាការគួរឱ្យខកចិត្តខ្លាំងណាស់ដែលតុលាការខេត្តកំពង់ស្ពឺ ចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន។ខ្ញុំបានបញ្ជាទៅអភិបាលខេត្តឲ្យធ្វើការជាមួយតុលាការទាំងយប់ដើម្បីសុំធានាឲ្យនៅក្រៅឃុំ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួយប្រជាជនក្នុងរឿងនេះ។ សង្ឃឹមថា ព្រះរាជអាជ្ញានឹងអនុញ្ញាតឲ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ។ ប្រសិនមិនទុកចិត្ត [ពួកគេ] សុំអស់លោកឃុំកូនខ្ញុំទាំង២នាក់ជំនួសវិញចុះ”។
ទាក់ទិនបញ្ហានេះ មន្ត្រីតុលាការមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
លោក អុឹង សំរឹទ្ធ មន្ត្រីសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះ បានមានប្រសាសន៍ថា ស្ត្រីទាំងនេះត្រូវបានដោះលែងនៅរវាងម៉ោង១០ទៅម៉ោង១១យប់ថ្ងៃច័ន្ទ។ លោកបានថ្លែងថា “គ្រាន់តែក្រោយពីសម្ដេច ហ៊ុន សែន បង្ហោះសារតាមហ្វេសប៊ុកភ្លាម ព្រះរាជអាជ្ញារងបានចាត់វិធានការ ហើយសម្រេចដោះលែងស្ត្រីទាំងពីរនាក់នេះភ្លាម”។
អ្នកស្រី យូ រ៉ន បាននិយាយពីផ្ទះរបស់គាត់កាលពីម្សិលមិញថា អ្នកស្រីសប្បាយចិត្តដែលមានសេរីភាពឡើងវិញ ប៉ុន្តែគាត់មិនគួរជាប់ពន្ធនាគារតាំងពីដំបូងម៉្លេះ។ គាត់បាននិយាយទៀតថា “ខ្ញុំសប្បាយចិត្តដែលសម្ដេចជួយអន្តរាគមន៍ដោះលែងយើង។ យើងមិនគួរត្រូវគេឃុំខ្លួនទេ ពីព្រោះតុលាការឃុបឃិតជាមួយអាជ្ញាធរឲ្យអ្នកជំនួញម្នាក់យកដីធ្លីរបស់យើង ហើយចាប់ខ្លួនយើង”។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីឲ្យដោះលែងស្ត្រីទាំងនេះ ហាក់ដូចជាផ្ទុយគ្នាស្រឡះទៅនឹងអ្វីដែលលោកធ្លាប់លើកឡើងជាសាធារណៈថា លោកគ្មានសមត្ថភាពអន្តរាគមន៍ក្នុងរឿងក្ដីតុលាការ។ ប៉ុន្មានថ្ងៃក្រោយពីបញ្ហាអ្នកទោសនយោបាយត្រូវបានលើកឡើងអំឡុងជំនួបមួយរវាងលោក ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាមា៉ កាលពីខែវិច្ឆិកា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីបានបកស្រាយអំឡុងពេលថ្លែងសុន្ទរកថា អំណាចរបស់លោកមានកម្រិត។
លោកបានលើកឡើងសំដៅដល់អ្នករិះគន់ដែលមិនបញ្ចេញឈ្មោះនៅពេលនោះថា “មានការលើកឡើងថា ខ្ញុំអន្តរាគមន៍ដោះលែងអ្នកទោស។ បើខ្ញុំធ្វើអញ្ចឹងមែន អញ្ចឹងវាដូចអ្វីដែលអ្នកឯងចោទហើយ។ អ្នកឯងចោទថា ខ្ញុំគ្រប់គ្រងតុលាការដែលជាស្ថាប័នមានភាពឯករាជផ្ទាល់ខ្លួន អញ្ចឹងមានន័យថាអ្នកឯងសុំឱ្យខ្ញុំប្រព្រឹត្តល្មើសច្បាប់។ សុំឲ្យខ្ញុំដោះលែងអ្នកទោសនេះ អ្នកទោសនោះ ប៉ុន្តែឲ្យខ្ញុំអាចធ្វើម៉េចកើត ព្រោះតុលាការឯករាជ្យ? យើងប្រព្រឹត្តបទល្មើស តុលាការផ្ដន្ទាទោស។ គ្មានអ្នកណាអាចនៅពីលើច្បាប់បានទេ”។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងកាលពីម្សិលមិញថា សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចដោះលែងស្ត្រីទាំងពីរនាក់ដោយខ្លួនឯង ហើយថា លោក ហ៊ុន សែន មានសិទ្ធិបញ្ចេញមតិទាក់ទិនករណីនេះ។
លោកលើកឡើងថា “តាមពិត វាគ្រាន់តែជាទស្សនៈយល់ឃើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ឬជាការព្រួយបារម្ភប៉ុណ្ណោះ វាមិនមែនជាបទបញ្ជាទេ។ គ្មានច្បាប់ណាចែងថា នាយករដ្ឋមន្ត្រីបញ្ចេញទស្សនៈខុសទេ ព្រោះវាស្រេចលើតុលាការជាអ្នកសម្រេច។ វាមិនមែនជាសិទ្ធិរបស់នាយករដ្ឋមន្ត្រីទេ។ បើនាយករដ្ឋមន្ត្រីបង្គាប់តុលាការ ទើបវាខុសច្បាប់”។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ទស្សនៈរបស់លោក ហ៊ុន សែន មានទម្ងន់ជាងទស្សនៈរបស់ប្រជាពលរដ្ឋធម្មតា។ “តុលាការធ្វើការលឿនដោយសារតែទស្សនៈរបស់នាយករដ្ឋមន្ត្រីបន្ទាន់ជាងទស្សនៈរបស់ប្រជាពលរដ្ឋធម្មតា”។
លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា ទស្សនៈលើកឡើងថា តុលាការអាចបំពានបញ្ជារបស់នាយករដ្ឋមន្ត្រីបាន គឺមិនសមហេតុផលទេ។
លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”មិនចាំបាច់ឆ្ងល់ទេ លោក ហ៊ុន សែន ចង់បានអ្វីបានតាមចិត្ត គ្រប់ពេលដែលគាត់ចង់បានពីតុលាការស្ដាប់បង្គាប់របស់កម្ពុជា ដូចដែលសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំងជាច្រើនធ្លាប់បានដឹង បន្ទាប់ពីត្រូវគេបញ្ជូនចូលតុលាការតាមបទចោទប្រកាន់ដែលគេប្រឌិត។ ទីបំផុត គ្មានចៅក្រមណាម្នាក់នៅកម្ពុជាហ៊ានសាកសួរអំពីបទបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន ឡើយហើយនោះគឺជារឿងពិតផ្នែកនយោបាយ។ អ្វីដែលវាបង្ហាញគឺថា ភាពឯករាជរបស់ប្រព័ន្ធតុលាការកម្ពុជា គឺក្លែងក្លាយ ហើយការស្បថស្បែរបស់លោក ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនផ្សេងទៀតថា ការពារឯករាជភាពរបស់ប្រព័ន្ធតុលាការ គឺជាការបោកបញ្ឆោត”៕ សុខុម