30.7 C
Phnom Penh

នគរបាល​អូស្ត្រាលី​​​ស៊ើប​អង្កេត​ក្រុមហ៊ុន​​ល្បែងមួយ​ពី​ការ​ផ្តល់ប្រាក់​សំណូកដល់ក្រុមហ៊ុន​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រុមហ៊ុន​​​ល្បែង​​​អូស្ត្រាលី ​​​Tabcorp បាន​​​អះអាង​​​ថា ខ្លួន​​​​កំពុង​​​ត្រូវ​​​បាន​​​សើុប​​​អង្កេត​​​ដោយ​​​នគរ​​​បាល​​​អូស្ត្រាលី​​​ជំុវិញ​​​​​​​​​ការ​​ផ្តល់ប្រាក់សំណូក​​​​​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​ដល់​​​ក្រុមហ៊ុន​​​​​​​ពិគ្រោះ​​​យោបល់​​​កម្ពុជា​​​ដែលមាន​​​ទំនាក់​​​ទំនង​​នឹង​​​​ប្អូន​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។

សេចក្តី​​​ថ្លែង​​​ការណ៍របស់​​​ក្រុមហ៊ុន​​​Tabcorp ​​​​​​ដែល​​​បាន​​​ចុះ​​​ផ្សាយ​​​ក្នុង​​​គេហទំព័រ​​​របស់​​​ខ្លួន​​​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​មានសេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​ របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយព័ត៌មាន​ Fairfax កាល​​​ពី​​​ម្សិលមិញ​​​ដែល​​​អះ​អាង​​​ថា ក្រុមហ៊ុន​​​ល្បែង​​​នេះ​​​បាន​​​ផ្តល់​ប្រាក់​ចំនួន​​​​២០០.០០០ដុល្លារ​​​ដល់​ក្រុមហ៊ុន​​​ពិគ្រោះ​​​យោបល់​​​មិន​​​ចេញ​​​ឈ្មោះ​​​មួយ​​​ ខណៈ​​​​​​ស្វែង​​​រក​​​លទ្ធភាព​​​នៃ​​​ការ​​​ទទួលបាន​​​អាជ្ញាប័ណ្ណ​​​បើក​ល្បែង​​​នៅ​​​ទីនេះ​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​មាន​ខ្លឹម​​​សារ​​​ថា “កាល​​​ពី​​​ឆ្នាំ​​​២០០៩ ក្រុមហ៊ុន​​​Tabcorp បាន​​​ស្វែង​​​រក​​​​​​ឱកាស​​​ធ្វើ​​​អាជីវកម្ម​​​ទាក់​​​ទង​​​ទី​​​ផ្សារ​​​ភ្នាល​​​់​​​កីឡា​​​នៅ​​​​​​ប្រទេស​​​កម្ពុជា។នៅ​​​ពេល​​​នោះ​​​ប្រទេស​​​មួយ​​​ចំនួន​​​ក​​​្នុង​​​តំបន់​​​អាស៊ី ​​​កំពុង​​​ពិចារណា​​​ឈប់​​​ដាក់​​​កម្រិត​​​លើ​​​ការ​​​ភ្នាល់​​​​​​កីឡា។ ក្រុមហ៊ុន​​​ Tabcorp ​​សម្រេច​​​មិន​​​ស្វែង​​​រក​​​ឱកាស​​​នេះ​​​ទេ ហើយ​​​អាជីវកម្ម​​​មិនដែល​ដំណើរ​​​ការ​​​ឡើយ”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បន្តថា “ថ្ងៃ​​​នេះ ​​​យើង​​​ទទួល​​​បាន​​​ការ​​​ណែនាំ​​​ពី​​​នគរ​​​បាល​​​សហ​​​ព័ន្ធ​​​អូស្ត្រាលី​​​ [AFP] ថា ពួក​​​គេ​​​បាន​​​ចាប់​​​ផ្តើមការ​​​​ស៊ើុប​​​អង្កេត​​​ ទាក់​​​ទិន​​​​​​​បញ្ហា​​​នេះ​​​។ក្រុមហ៊ុន​​​Tabcorp នឹង​​​សហការយ៉ាង​​​​ពេញ​​​លេញ​​​ជា​​​មួយ​ការ​សើុប​​​អង្កេត​​​នេះ​​​”។

AFP ​​​បាន​​​អះអាង​​​ពី​​​ការ​​​សើុប​​​អង្កេត​​​េនះ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ក្រុម​​​​​​ហ៊ុន​​​នៅ​​​កម្ពុជា​ ដែលតាម​ព័ត៌​​​មាន​​​ថា ​​​មាន​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នោះ​​​ឡើយ​​​។

អ្នកនាំ​​​ពាក្យ​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា ” AFP​​​ អាច​បញ្ជាក់ថ​​​ា ខ្លួន​​​កំពុង​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សូក​​​ប៉ាន់ក្រៅប្រទេស​ ទាក់​​​ទង​​​ទៅ​​​នឹង​​​ក្រុមហ៊ុន​​​អូស្ត្រាលី (Tabcorp)។ ខណៈ​​​ការ​​​សើុប​​​អង្កេត​​​កំពុង​​​បន​​្ត​​​​នោះ​​​ AFP នឹង​​​មិនធ្វើ​​​អត្ថា​​​ធិប្បាយ​​​បន្ថែម​​​ទេ​​​​នៅ​​​ពេល​​​នេះ​​​​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​រាយ​​​ការណ៍​​​ព័ត៌​​​មាន​​​របស់​​​ខ្លួន​​​ Fairfax បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​នៃ​​​ការ​​​ផ្តល់​​​ប្រាក់​​​តាម​​​រយៈ​​​ការ​​​សើុប​​​អង្កេត​​​ របស់​​​ខ្លួន​​​ផ្ទាល់ ​​​ហើយថា សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​របស់ខ្លួនភាគច្រើន​​​បាន​​​​​​មក​​​ពី​​​​​​ប្រភព​​​មិនបញ្ចេញ​​​​​​ឈ្មោះ​​​​​​នៅ​​​ក្នុង​​​ឧស្សា​​​ហ​​​កម្ម​​​ល្បែង​​​នេះ​។ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​នេះ​​​បន្ត​​​ថា ក្រុម​​​ហ៊ុន​​​​​​នេះ​​​បាន​​​ផ្តល់​​​ប្រាក់​​​តាម​​​គណនី​​​ធនាគារ​​​សហរដ្ឋ​​​អាមេរិក​​​ “តាម​​​ការ​​​ណែ​​​នាំ​​​របស់​​​បុគ្គល​​​​​​​ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន” ​​​បើ​​​ទោះបី​​​ជា​​​ ​​​មាន​​​ការ​​​ណែ​​​នាំពី​​​ផ្ទៃ​​​ក្នុង​​​ក្រុមហ៊ុន​​​ថា វា​​ខុស​​​ច្បាប់​​​ក៏ដោយ​​​។

នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន Tabcorp នៅ​​​ពេល ​​​ផ្តល់​​​ប្រាក់នោះ​​​​គឺ​​​លោក Elmer Funke Kupper ដែល​​​ឥឡូវ​​​នេះ​​​ជា​​​ប្រធាន​​​ផ្សារ​​​មូល​​​បត្រ​​​​​​អូស្ត្រាលី​​​ ហើយ​​​ធ្លាប់​​​ធ្វើ​​​ជា​​​នាយក​​​គ្រប់​​​គ្រង​​​ក្រុមហ៊ុនអាស៊ី​​​ប៉ាស៊ីហ្វិក​​​នៅ​​​ធនាគារ​​​ ANZ ។

លោក​​​ ម៉ី វណ្ណ ​​​​​​​​​​​​​​​ដែល​​​ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​​​​ឧស្សាហកម្ម ហិរញ្ញវត្ថុ នៅ​​​ក្រសួង​​​សេដ្ឋ​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ​​​​​​មិន​​​បាន​​​ដឹង​​​ពី​​​ការ​​​ផ្តល់​​​ប្រាក់​​​របស់​​​ក្រុមហ៊ុន Tabcorp ដល់​​​ក្រុមហ៊ុននៅ​កម្ពុជា​​​ទេ។

​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ នាយក​​​ដ្ឋាន​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គេហទំព័រ​​​ល្បែង​​​តាម​​​ប្រព័ន្ធ​​​អីុន​ធឺណិត​​​ គឺ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ​​​ប៉ុន្តែ លោក​​​ ម៉ី វណ្ណ បាន​​​​​​ថ្លែងថា រដ្ឋាភិបាល​​​បាន​​​ចេញ​​​សារាចរ​​​កាល​​​ពី​​​ខែ​​​មករា​​​ អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ទទួល​​​បាន​​​អាជ្ញា​ប័ណ្ណ។

លោក​​​បាន​​​ថ្លែង​​​ថា “ពួកគេ​​​មិន​​​អាច​​​មក​​​បើក​​​​ល្បែង​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ដោយ​​​ផ្ទាល់​​​បាន​​​ទេ។ ម្ចាស់​​​កាស៊ីណូ​​​មាន​​​សិទ្ធិ​​​បើ​​​​​​ក​​​ល្បែង​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិតបាន​។ ដូច្នេះ​​​ហើយ​​​ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​ដទៃ​​​ទៀត​​​ចង់​​​បើក​​​ល្បែង​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ ត្រូវ​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ម្ចាស់​​​​​​កាស៊ីណូ​ទាំង​​​នោះ”។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ក្រុម​​​មន្ត្រី​​​នៅ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស