កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ខ្លាំងៗលើអ្នកកាសែតបរទេសមិនបញ្ចេញឈ្មោះ ព្រោះមើលមិនឃើញការអភិវឌ្ឍនាពេលថ្មីៗរបស់ប្រទេសកម្ពុជា ហើយផ្ទុយទៅវិញចាត់ទុកកម្ពុជាដូច “នរកលោកិយ”។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា របៀបដែលគេចាត់ទុកប្រទេសកម្ពុជាក្នុងសេចក្ដីរាយការណ៍ព័ត៌មានអន្តរជាតិ គឺប្រាស់ចាកពីការពិត។
លោកបានមានប្រសាសន៍ថា “កម្ពុជាមានពីរ ទី១គឺកម្ពុជាពិត និងទី២កម្ពុជាលើទំព័រសារព័ត៌មាន ដែលមនុស្សមួយចំនួនបានទៅបរិហារកេរ្តិ៍ ឬនិយាយអាក្រក់ពីកម្ពុជា វាសឹងតែកម្ពុជា ជាឋាននរកលោកិយ”។
“កម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេស តាមរយៈនៃការសរសេរផ្សាយរបស់មនុស្សមួយចំនួន រាប់ទាំងជនជាតិកម្ពុជាមួយចំនួន គឺកម្ពុជានោះមិនគួរឲ្យចង់រស់នៅ មិនគួរឲ្យចង់មកទស្សនកិច្ចទេ”។

បន្ទាប់មក លោក ហ៊ុន សែន បានសរសើរការពង្រីកអាកាសយានដ្ឋានអន្តរជាតិនៅក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលបានទទួលភ្ញៀវទេសចរបរទេស៤,៧លាននាក់ដែលមកទស្សនកិច្ចប្រទេសនេះកាលពីឆ្នាំមុន។ លោកក៏បានលើកឡើងនូវសមត្ថភាពនៃផ្លូវយន្តហោះក្នុងក្រុងភ្នំពេញដែលអាចឲ្យយន្តហោះធុនធំចុះចតបាន ដូចជាយន្តហោះដែលដឹកប្រធានាធិបតីអាេមរិកលោក បារ៉ាក់ អូបាម៉ា និងលោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមកប្រទេសកម្ពុជាដើម្បីទស្សនកិច្ចជាផ្លូវការជាដើម។
លោកបានមានប្រសាសន៍ថា “ប្រសិនបើប្រទេសកម្ពុជាមិនមានសុវត្ថិភាពទេនោះ យន្តហោះធំៗដែលប្រើដោយមេដឹកនាំនៃប្រទេសផ្សេងទៀតនឹងមិនអាចចុះចតនៅក្រុងភ្នំពេញឡើយ។ “នេះគឺជាកម្ពុជាពិត មិនមែនកម្ពុជាលើសារព័ត៌មានទេ”។
ទោះជាបានទទួលស្គាល់ថា លោកមានកំហុសដោយមិនបានទុកដីនៅជុំវិញអាកាសយានដ្ឋានភ្នំពេញ នៅពេលលោកបានធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ក៏ដោយ ក៏លោក ហ៊ុន សែន បានមានប្រសាសន៍ថា មិនមានផែនការពង្រីកនៅពេលអនាគតទេ ដោយសារមានផលប៉ះពាល់លើសហគមន៍នៅជុំវិញ។
កាលពីពេលនោះ តំបន់នេះឥតមានមនុស្សរស់នៅទេ… ប៉ុន្តែយើងចេះតែទុកឲ្យប្រជាជនរស់នៅរហូត ពេលនេះបើចង់ទៅដោះច្បាស់ជាមានបាតុកម្មននាលនៅហ្នឹង អញ្ចឹងទេសូមប៉ុណ្ណឹងទៅចុះ”។
អ្នកស្រី ច្រាយ នីម តំណាងសហគមន៍ថ្មគោល ដែលបានតវ៉ាយូរមកហើយប្រឆាំងការគំរាមបណ្ដេញចេញក្នុងពេលមានផែនការពង្រីកអាកាសយានដ្ឋាននេះ កាលពីម្សិលមិញបានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រីផ្ដល់ឯកសារផ្លូវការ។
អ្នកស្រី នីម បាននិយាយថា “ប្រសិនបើរដ្ឋាភិបាលមិនសង់ផ្លូវយន្តហោះបន្ថែមទៀតសម្រាប់ការពង្រីកអាកាសយានដ្ឋាននេះទេ ទី១ខ្ញុំចង់សុំសម្ដេចនាយករដ្ឋមន្ត្រីចេញប្លង់រឹងឲ្យយើង ហើយទី២យើងចង់បានសេចក្ដីបង្គាប់ជាផ្លូវការនិងលាយលក្ខណ៍អក្សរ មានហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រាកដថាគេនឹងមិនបណ្ដេញយើងទេនៅពេលអនាគត។
យោងតាមលោក ខែក នរិនដា អ្នកនាំពាក្យនៅក្រុមហ៊ុនកម្ពុជា អ៊ែរផត បានឲ្យដឹងថា ស្ថានីយអ្នកដំណើរថ្មីនៅអាកាសយានដ្ឋានក្រុងភ្នំពេញបានប្រើរយៈពេលប្រហែល២ឆ្នាំដើម្បីសាងសង់ ហើយដាក់ឲ្យដំណើរការពេញលេញរយៈពេលប្រហែល២ខែមកហើយ។
លោកបានមានប្រសាសន៍ថា ការពង្រីកទាំងព្រលានយន្តហោះនៅភ្នំពេញ ទាំងនៅសៀមរាប បានចំណាយអស់ប្រាក់សរុប១០០លានដុល្លារ៕ និត (រាយការណ៍បន្ថែមដោយ George Wright)