ការតតាំងផ្លូវច្បាប់របស់សកម្មជនសិទ្ធិដីធ្លី១៣នាក់មកពីតំបន់បឹងកក់បានបញ្ចប់កាលពីម្សិលមិញ ដោយតុលាការកំពូលបានតម្កល់ការចោទប្រកាន់ពួកគាត់ពីបទប្រឆាំងរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស និងកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុសាធារណៈ។
ចៅក្រម សឹង បញ្ញាវុធ បានប្រាប់តុលាការថា “តុលាការកំពូលបានច្រានចោលបណ្តឹងសាទុក្ខរបស់មេធាវីតំណាងចុងចោទ ហើយបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍”។
ស្ត្រីទាំងនេះត្រូវបានចាប់ខ្លួនក្បែរតំបន់បឹងកក់កាលពីខែឧសភា ឆ្នាំ២០១២ ពេលកងសន្តិសុខព្យាយាមបំបែកពួកគាត់អំឡុងការតវ៉ាជុំវិញការបណ្តេញអ្នកភូមិជិត៣.០០០ គ្រួសារចេញពីតំបន់នេះដើម្បីបើកផ្លូវសម្រាប់ គម្រោងអភិវឌ្ឍន៍របស់សមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សប្រជាជនកម្ពុជា។
ស្ត្រី “បឹងកក់១៣” ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ ប៉ុន្តែ ត្រូវបានដោះលែងវិញ១ខែក្រោយមក បន្ទាប់ពីសាលាឧទ្ធរណ៍បានតម្កល់ការចោទប្រកាន់ ប៉ុន្តែកាត់បន្ថយទោសជាប់ពន្ធនាគារ ខណៈពេលរងសម្ពាធយ៉ាងខ្លាំងទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនោះ។
វីដេអូស្តីពីហេតុការណ៍តវ៉ានេះបានបង្ហាញថា ស្ត្រីទាំងនេះនាំគ្នាច្រៀងបទចម្រៀង តវ៉ាខណៈព័ទ្ធជុំវិញទៅដោយនគរបាល និងកងសន្តិសុខ មុនពេលសន្តិសុខម្នាក់រុញដៃស្ត្រីម្នាក់ ដែលជាហេតុធ្វើឲ្យផ្ទុះការប្រវាយប្រតប់គ្នាទៅវិញទៅមក។
ចៅក្រម បញ្ញាវុធ បានច្រានចោលការអះអាងរបស់ចុងចោទដែលថា ពួកគាត់មិនបានប្រវាយប្រតប់ជាមួយនគរបាល ខណៈព្យាយាមសាងសង់ផ្ទះនៅលើដីមានជម្លោះដោយពន្យល់ថា សាក្សីដែលមេធាវីរបស់សាលារាជធានីហៅមក បានផ្តល់សក្ខីកម្មគាំទ្រសេចក្តីសម្រេចរបស់សាលាដំបូង។
ដោយសំដៅដល់សាក្សីដែលនិយាយថា ស្ត្រីទាំងនេះមានពិរុទ្ធភាពនោះ លោកបានមានប្រសាសន៍ថា “យោងតាមសក្ខីកម្មរបស់ គង់ ស៊ីថា យិន សុង និង ម៉ៅ មូ ចុងចោទទាំង១៣នាក់នេះកំពុងរៀបចំសាងសង់ផ្ទះ ឈើមួយខ្នង ហើយពេលអាជ្ញាធរទៅឃាត់ពួកគាត់ពួកគាត់បានប្រវាយប្រតប់ជាមួយនគរបាល”។
ដោយសង្ឃឹមថា ឈ្មោះរបស់ខ្លួនត្រូវតុលាការកំពូលលុបចោលវិញនោះ ស្ត្រីទាំងនេះ និងអ្នកគាំទ្ររបស់ខ្លួនមានកំហឹងយ៉ាងខ្លាំង ដោយសារសាលដីកាកាលពីម្សិលមិញ។ពេលទទួលបានដំណឹងពីលទ្ធផល អ្នកតវ៉ាមួយក្រុមមានគ្នាប្រហែល៥០នាក់បានស្រែកទាមទាររកយុត្តិធម៌ ខណៈចុងចោទរិះគន់មន្ត្រីតុលាការថា កំពុងការពារអ្នកមានអំណាច។
អ្នកស្រី សុង ស្រីលាភ បាននិយាយពេលចាកចេញពីបន្ទប់សវនាការថា “អ្នកឯងសមតែរលាយសាបសូន្យចំពោះអ្វីដែលអ្នកឯងបានធ្វើ។ [ តុលាការ] ការពារអ្នកពុករលួយដែលមានលុយ”។
ចុងចោទម្នាក់ទៀតឈ្មោះ បូវ សោភា បានលើកឡើងថា ក្រុមអ្នកតវ៉ានឹងស្នើការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី។
អ្នកស្រីបាននិយាយថា ”យើងនឹងដាក់ញត្តិក្នុងពេលឆាប់ៗស្នើសុំការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រដើម្បីលុបឈ្មោះរបស់យើងចេញពីបញ្ជីពិរុទ្ធភាពព្រោះយើងមិនបានធ្វើអ្វីខុសទេ”៕ ស៊ុយឈាង