អ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ដែលសង្ស័យថា ជួញដូរឈើខុសច្បាប់បានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងឈើចំនួនពីរគំនរដែលគ្មានឯកសារ ខណៈត្រូវបានសាក សួរនៅសាលាដំបូងខេត្តក្រចេះ កាលពីម្សិលមិញ ជាករណីដំបូងដែលតុលាការបានសាកសួរឈ្មួញឈើកំពូលម្នាក់ ចាប់តាំងពីរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសពីរខែកន្លងមក។
លោក វុន ប៊ុនថៃ ឈ្មួញឈើដ៏ល្បីឈ្មោះ បំផុតនៅក្នុងតំបន់នេះត្រូវបានកោះហៅជុំវិញគំនរឈើគ្មានឯកសារដែលអាជ្ញាធរបានរកឃើញនៅលើចម្ការចំនួនពីរក្នុងខេត្តនេះ ក្នុងនោះមួយជារបស់ក្រុមហ៊ុន China Dynamic និងមួយទៀតជារបស់ក្រុមហ៊ុន C&V ។
ក្រុមហ៊ុនទាំងពីរនេះ និងលោក ប៊ុនថៃសុទ្ធតែមិនអាចទាក់ទងបានដើម្បីសុំការធ្វើអត្ថាធិប្បាយ។
ប៉ុន្តែ លោក ហាក់ ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះបានលើកឡើងថា ឈ្មួញឈើរូបនេះបានបដិសេធថា មិនបានធ្វើអ្វីខុសឡើយ។
លោកបានមានប្រសាសន៍ថា “ឧកញ៉ា វុន ប៊ុនថៃ បានមកបង្ហាញខ្លួននៅតុលាការក្នុងថ្ងៃនេះសម្រាប់ការសាកសួរ ប៉ុន្តែ គាត់បានបដិសេធថា ឈើដែលរកឃើញនៅលើដីចម្ការរបស់ក្រុមហ៊ុន C&V និងក្រុមហ៊ុន China Dynamic មិនមែនជារបស់គាត់ទេ”។ ឧកញ៉ា គឺជាងារមួយដែលព្រះរាជទានដោយព្រះមហាក្សត្រ និងដែលទទួលបានដោយសារ ការបរិច្ចាគប្រាក់អប្បបរមា ១០០.០០០ ដុល្លារចូលរដ្ឋ។
ព្រះរាជអាជ្ញារងរូបេនះបានលើកឡើងថា លោក ប៊ុនថៃ បានទទួលស្គាល់ថា ខ្លួនជាម្ចាស់រោងអារឈើមួយកន្លែងនៅក្នុងខេត្តនេះ និងទទួលស្គាល់ថា បានទិញឈើជាប្រចាំ ពីក្រុមហ៊ុនគ្រប់គ្រងចម្ការទាំងពីរនេះប៉ុន្តែ មិនបានទិញឈើដែលស្ថិតក្នុងការសើុបអង្កេតទេ។
លោកបានមានប្រសាសន៍ថា ”លោកឧកញ៉ាបានបង្ហាញយើងនូវឯកសារមួយបញ្ជាក់ថា ឈើរបស់គាត់ស្របច្បាប់ ហើយថា គាត់មិនមែនជាអ្នកត្រូវទទួលខុសត្រូវចំពោះឈើដែលរកឃើញទាំងនេះឡើយ”។
តំណាងក្រុមហ៊ុនគ្រប់គ្រងចម្ការទាំងពីរនេះក៏ត្រូវបានកោះហៅមកសាកសួរដែរកាលពីម្សិលមិញ ប៉ុន្តែ មិនបានបង្ហាញខ្លួនឡើយ។ លោក ហាក់ ហ៊ន បានលើកឡើងថា លោកនឹងចេញដីកាកោះហៅពួកគេមកសាកសួរជាលើកទី២ ហើយថានឹងប្រគល់សំណុំរឿងនេះទៅឲ្យចៅក្រមសើុបសួរប្រសិនបើពួកគេមិនបានមកបង្ហាញខ្លួនតាមដីកាកោះលើកទី២នេះ។
លោក ប៊ុនថៃ ជាអ្នកជំនួញលើកដំបូងដែលត្រូវបានសាកសួរដោយតុលាការចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនូវការបង្កើតក្រុមការងារពិសេសមួយទទួលបន្ទុកលុបបំបាត់ស្តុកឈើខុសច្បាប់នៅភាគបូពា៌នៃប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែមករា។
អ្នកភូមិ និងអង្គការសិទ្ធិមនុស្សបានភ្ជាប់អ្នកមានប្រាក់ និងអ្នកមានអំណាចនៅក្នុងប្រទេសទៅនឹងការជួញដូរឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ។ ទោះបីជាក្រុមការងារពិសេសថ្មីនេះបានកំណត់ថា លោក ប៊ុនថៃ និងឧកញ៉ាផ្សេងទៀតជាជនសង្ស័យក៏ដោយក៏អង្គការសិទ្ធិមនុស្សនៅតែមានមន្ទិលថា សកម្មភាពរបស់ក្រុមនេះនឹងមិននាំទៅរកការផ្តន្ទាទោសដ៏មានន័យនោះដែរ ហើយប្រសិនបើពួកគេបានធ្វើដូច្នេះមែនក៏ដោយ វាមានតែធ្វើឲ្យការជួញដូរឈើខុសច្បាប់របស់បុគ្គលមានអំណាចដ៏សំខាន់មួយចំនួនកាន់តែរឹងមាំទៅវិញទេ។
លោក ទ្រី ភាព ឈ្មួញឈើដែលល្បីឈ្មោះ បំផុតខាងរឿងមិនល្អនៅកម្ពុជា ភាគច្រើនរួចផុតពីការឃ្លាំមើលរបស់ក្រុមការងារពិសេសនេះ ហើយនៅតែរក្សាបាននូវកិច្ចព្រមព្រៀងផ្តាច់មុខជាមួយរដ្ឋាភិបាលក្នុងការទទួលបានសិទ្ធិដំបូងគេដើម្បីប្រមូលទិញឈើគ្មានឯកសារដែលអាជ្ញាធររឹបអូសបាន។
នៅក្នុងខេត្តត្បូងឃ្មុំជាខេត្តជាប់ខេត្តក្រចេះ លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញាអមសាលាដំបូងបានលើកឡើងកាលពីម្សិលមិញថា រូបលោកក៏បានកោះហៅលោក ប៊ុន ថៃ មកសាកសួរដែរ ពាក់ព័ន្ធគំនរឈើដាច់ដោយឡែកផ្សេងៗទៀត ជាមួយនឹងឧកញ៉ាម្នាក់ទៀតគឺលោក លឹម ប៊ុណ្ណា ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំទទួលបានឯកសារពីរដ្ឋបាលព្រៃឈើរួចហើយហើយថ្មីៗនេះខ្ញុំបានចេញដីកាកោះហៅចំនួនពីរដើម្បីហៅលោក វុន ប៊ុនថៃ និងលោកឧកញ៉ា លឹម ប៊ុណ្ណា មកសាកសួរ”។ លោកបានបន្ថែមថា លោកមិនចាំថ្ងៃណាត់ជួបរបស់តុលាការទេ។
កាលពីខែមករា អាជ្ញាធរនៅក្នុងខេត្តត្បូង ឃ្មុំបានរកឃើញឈើ៨៤ដុំកប់នៅក្នុងដីដែលលោក ប៊ុនថៃ បានប្រើប្រាស់ជាច្រើនឆ្នាំមកហើយដើម្បីស្តុកឈើ និងកន្លែងកប់ឈើទី២ចម្ងាយ១គីឡូម៉ែត្រពីរោងអារឈើមួយក្នុងចំណោមរោងអារឈើរបស់គាត់។
រដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតឲ្យលោក លឹម ប៊ុណ្ណា កាន់កាប់ឈើបន្សល់ទុកដោយក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ដែលចម្ការរបស់ខ្លួនត្រូវបានដកហូតកាលពីឆ្នាំមុនក្នុងហេតុផលគេមិនបញ្ជាក់ប្រាប់ ហើយក៏កំពុងស្ថិតក្រោមការសើុបអង្កេតរបស់ក្រុមការងារថ្មីនេះដែរនោះ៕ស៊ុយឈាង