យោងតាមការស្ទង់មតិរបស់អ្នកសារព័ត៌មានដែលបានចេញផ្សាយកាលពីម្សិលមិញនៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឲ្យដឹងថា ការភ័យខ្លាចពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល ការផ្ដន្ទាទោសតាមផ្លូវច្បាប់ និងអំពើហិង្សា នៅតែជាឧបសគ្គចំពោះសារព័ត៌មានសេរី និងឯករាជ្យនៅក្នុងប្រទេសកម្ពុជា។
CCIM បានស្ទង់មតិអ្នកសារព័ត៌មានអាជីព១០២នាក់ទូទាំងប្រទេសកាលពីចុងឆ្នាំមុនសម្រាប់របាយការណ៍ដែលមានចំណងជើងថា “បញ្ហាប្រឈមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៥” បង្ហាញថា ៥៨ភាគរយនៃអ្នកផ្ដល់បទសម្ភាសន៍បានលើកឡើងថា ពួកគាត់មិនមានអារម្មណ៍ថា មានសេរីភាពក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងអស់ដោយគ្មានការភ័យខ្លាចពីការជ្រៀតជ្រែក ឬឥទ្ធិពលផ្សេងទៀត គឺកើនឡើងពី៤៧,៣ភាគរយកាលពីឆ្នាំមុន។
អ្នកសារព័ត៌មានអាជីពបានលើកឡើងពីការភ័យខ្លាចទាំងការគំរាមកំហែងផ្លូវច្បាប់ និងការគំរាមកំហែងផ្សេងៗទៀតជាពិសេសពីអាជ្ញាធរមូលដ្ឋានថា ជាហេតុផលចំពោះការចាប់ពិរុទ្ធខ្លួនឯងនូវសេចក្តីរាយការណ៍របស់ខ្លួន ពាក់ព័ន្ធនយោបាយ អំពើពុករលួយ និងសម្បទានដីដែលត្រូវបានចាត់ទុកថា ជាបញ្ហាដ៏រសើបបំផុត។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបាននិយាយពីលទ្ធផលនេះថា “រដ្ឋាភិបាលតែងតែអះអាងថា ខ្លួនឯករាជ្យ ប៉ុន្តែការពិតស្ថាប័នផ្សេងៗចាត់ទុកសេរីភាពទាំងនេះថា ផ្សេងទៅវិញ”។
លោកបានបន្ថែមថា “នៅពេលសរសេរអំពីបញ្ហារសើប និងចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជា អ្នកសារព័ត៌មានភ័យខ្លាចការគំរាមកំហែង នៅពេលរឿងរបស់ខ្លួនត្រូវបាន ចុះផ្សាយ ហេតុដូច្នោះហើយពួកគេចាប់ពិរុទ្ធរឿងរបស់ខ្លួនដើម្បីចៀសវាងឥទ្ធិពលនានា”។
ការសិក្សាបានរកឃើញថា ២៥,៥ភាគរយនៃអ្នកសារព័ត៌មានទាំងអស់រាយការណ៍ថា ត្រូវបានវាយដំលើរូបរាងកាយ ឬយារយីនៅពេលបំពេញការងាររបស់ខ្លួន ចំណែក២៩,៤ភាគរយរាយការណ៍ថា ត្រូវបានគំរាមកំហែងចំពោះការស៊ើបអង្កេតពីការកាប់ឈើខុសច្បាប់ អំពើពុករលួយ និងវិវាទដីធ្លី។
របាយការណ៍ដដែលនេះបន្តថា “អ្នកសារព័ត៌មានម្នាក់រាយការណ៍ថា ត្រូវបានបាញ់ខណៈពេលធ្វើសេចក្តីរាយការណ៍អំពីការកាប់ឈើខុសច្បាប់។ អ្នកសារព័ត៌មានម្នាក់ទៀតរាយការណ៍ថា មានគេគប់គ្រាប់បែកចូលផ្ទះរបស់ខ្លួនបន្ទាប់ពីធ្វើសេចក្ដីរាយការណ៍អំពីការស៊ើបអង្កេតបទព្រហ្មទណ្ឌ”។
លោក ប៉ិច ពិសី ប្រធានកម្មវិធីនៅអង្គការ តម្លាភាពកម្ពុជាបានបន្ថែមថា រដ្ឋាភិបាលបន្តមានការគ្រប់គ្រងនិងឥទ្ធិពលយ៉ាងខ្លាំងទៅលើកាសែត ទូរទស្សន៍ និងវិទ្យុក្នុងប្រទេស”។
លោក ពិសី បានថ្លែងថា “នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនគ្រប់គ្រងដោយរដ្ឋ។ ដូច្នេះអ្នកសារព័ត៌មានអារម្មណ៍ភ័យខ្លាចមិនហា៊ននិយាយប្រឆាំងទេ ដោយសារការបំភិតបំភ័យ ការយារយី ឬការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាដើម”។
លោកបានបន្ថែមថា “ប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយគួរចៀសវាងការមានទំនាក់ទំនងផ្នែកនយោបាយ”។
ការសិក្សារបស់ CCIM ក៏បានកត់សម្គាល់ថា ក្រុមហ៊ុនផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលកាន់កាប់ ឬឧបត្ថម្ភដោយបរទេសទទួលបានចំណាត់ថ្នាក់ខ្ពស់ថា មានភាពឯករាជ្យ ដូចជា សំឡេងប្រជាធិបតេយ្យ កាសែត ខេមបូឌា ដេលី និង កាសែតភ្នំពេញប៉ុស្តិ៍ ។ (សំឡេងប្រជាធិបតេយ្យ ត្រូវបានគ្រប់គ្រងដោយ CCIM )។
ទោះយ៉ាងណា ៤៤ភាគរយនៃអ្នកផ្ដល់បទសម្ភាសន៍បានលើកឡើងថា អ្នកសារព័ត៌មានដូចគ្នាធ្វើការមិនត្រឹមត្រូវតាមវិជ្ជាជីវៈដោយសារតែប្រាក់ខែតិច ការបណ្ដុះបណ្ដាល និងអំពើពុករលួយជាដើម។
បើទោះជារបាយការណ៍របស់ CCIM ផ្អែកទៅលើគំរូតាងតូចក៏ដោយ ក៏ការស្រាវជ្រាវរបស់អង្គការអន្តរជាតិនានាទទួលស្គាល់ថា មានឧបសគ្គចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាដែរ។
ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១៣៩ក្នុងចំណោម១៨០ប្រទេសក្នុងសន្ទស្សន៍ សេរីភាពសារព័ត៌មានពិភពលោកថ្មីបំផុតរបស់អង្គភាពអ្នករាយការណ៍គ្មានព្រំដែន ដែលក៏បានចាត់ទុកប្រទេសកម្ពុជាថា ជាកន្លែងដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់ អ្នកយកព័ត៌មានពាក់ព័ន្ធបរិស្ថានដែរ។
លោក មឿន ឈានណារិទ្ធ បានមានប្រសាសន៍ ថា ឥទ្ធិពលកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមតាមប្រព័ន្ធអីុនធឺណិតនៅក្នុងប្រទេសកម្ពុជា ត្រូវគេរំពឹងថា នឹងធ្វើឲ្យសេរីភាពសារព័ត៌មានប្រសើរឡើងនៅកម្រិតបុគ្គល ប៉ុន្តែចាំបាច់ត្រូវសម្រេចឲ្យបាននូវឯករាជភាពបន្ថែមទៀតសម្រាប់ស្ថាប័នផ្សព្វផ្សាយនៅក្នុងប្រទេស។
លោកបានថ្លែងថា “ឯករាជភាពប្រព័ន្ធផ្សព្វផ្សាយមិនអាចសម្រេចបានភ្លាមៗទេ។ ឆន្ទៈនយោបាយគឺសំខាន់ណាស់ដើម្បីលើកកម្ពស់ការយល់ដឹង និងអប់រំមន្ត្រីសាធារណៈអំពីសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ”៕ សារុន