28 C
Phnom Penh

រដ្ឋាភិបាល​​ស្វាគមន៍​​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចិន​​ក្នុង​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រុម​​​មន្ត្រី​រដ្ឋាភិបាល​​​បាន​​​សាទរ​សេចក្ដី​សម្រេច​របស់​ប្រទេស​ចិន​ក្នុង​ការ​ចាត់​វិធានការ​​​បន្ទាន់​ដើម្បី​​​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​ក្នុង​តំបន់​ ដោយ​បើក​បង្ហូរ​ទឹក​ចូល​ទន្លេមេគង្គ​ពី​ទំនប់​​វារីអគ្គិសនី​ជីងហុង នៅ​ខេត្ត​យូណាន ភាគនិរតី​នៃ​ប្រទេស​ចិន។

លោក លូ កាង អ្នក​នាំពាក្យ​​ក្រសួង​ការ​បរទេស​ចិន​​បាន​ប្រកាស​ផែន​ការ​នេះ​កាលពី​ថ្ងៃ​ពុធ។ យោង​តាម​បណ្ដាញ​ព័ត៌មាន​ចិនឲ្យ​ដឹង​ថា លោក​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “ចាប់​​ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​ថ្ងៃទី​១០ ខែ​មេសា យើង​នឹង​បើក​​បង្ហូរ​ទឹក​នៅ​ស្ថានីយ​វារីអគ្គិសនី​​ជីងហុង​របស់​យើង​ ដើម្បី​សម្រាល​ផល​ប៉ះពាល់​​គ្រោះ​រាំង​ស្ងួត​​នៅ​ប្រទេស​ជាច្រើន​ ក្នុង​នោះ​មាន​​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និង​ប្រទេស​​វៀតណាម​ផង​ដែរ”។

ក្រសួង​ការ​បរទេស​កម្ពុជា​​កាលពី​ម្សិលមិញ​​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​​ថ្លែង​អំណរគុណ​ប្រទេស​ចិន​ និង​បាន​ពន្យល់​ថា មហា​​​អំណាច​អាស៊ី​នេះ​បាន​​បើក​​បង្ហូរ​ទឹក​រួច​ម្ដង​មក​ហើយ​ចំនួន​២.៣០០​លាន​ម៉ែត្រគូប​​ចូល​ទន្លេមេគង្គ​នៅ​ឆ្នាំ​នេះ​ ដើម្បី​ជួយ​តំបន់​ដែល​រងគ្រោះ​រាំង​ស្ងួត។

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​បាន​និយាយ​ថា គ្រោះ​រាំង​ស្ងួត​នៅ​តាម​​តំបន់​ទន្លេ​មេគង្គ​​គឺ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈ​​​ពេល​៥០​ឆ្នាំ​នេះ​ ដោយ​លោក​បាន​លើក​ឡើង​ថា កម្រិត​ទឹក​ទាប​​បាន​បង្ខំ​​ឲ្យ​​​រដ្ឋាភិបាល​លុប​ចោល​ពិធី​បុណ្យ​អំុទូក​ប្រចាំ​ឆ្នាំ​នៅ​ខែ​វិច្ឆិកា។ លោក​បាន​និយាយ​ថា មនុស្ស​រាប់​លាន​នាក់​​ប្រើ​ទឹក​ទន្លេ​មេគង្គ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស