សាលាឧទ្ធរណ៍បានបើកសវនាការកាលពីម្សិលមិញនៅក្នុងរឿងក្ដីរបស់សមាជិកគណបក្សប្រឆាំង១១រូប ដែលត្រូវបានកាត់ឲ្យជាប់ទោសកាលពីខែកក្កដាពីបទកុបកម្មជុំវិញការតវ៉ាលក្ខណៈនយោបាយកាលពីឆ្នាំ២០១៤ ដោយមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបបានរិះគន់សាលាដំបូងរាជធានីអំពីស្ដង់ដារពីរចំពោះការច្រានចោលសំណើរបស់លោកសុំទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារ។
មួយផ្នែកធំនៃនីតិវិធីផ្ដោតលើថាតើតុលាការនឹងដោះស្រាយបណ្ដឹងឧទ្ធរណ៍ទាំងពីរ ដែលប្ដឹងដោយចុងចោទទាំងនេះដូចម្តេច ដែលបណ្ដឹងមួយជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការផ្ដល់សាលក្រមដាក់ទោសចំពេលមានការធ្វើពហិការរបស់មេធាវីការពារភាគច្រើន ហើយបណ្ដឹងឧទ្ធរណ៍ទី២ជំទាស់សាលក្រមដាក់ទោសនេះ។

ចុងចោទតែម្នាក់ប៉ុណ្ណោះនិយាយគឺលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យបណ្ដឹងទី៣ជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានី ដែលរារាំងរូបលោកមិនឲ្យធ្វើដំណើរទៅសហរដ្ឋអាេមរិកដើម្បីព្យាបាលរបួសក្បាល ដែលលោកទទួលរងដោយគ្រោះថ្នាក់ចរាចរណ៍។
លោកបានប្រាប់តុលាការថា “សាលាដំបូងរាជធានីអមនុស្សធម៌ ព្រោះខ្ញុំមានលិខិតពីវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ណាត់ជួបពិនិត្យជំងឺរបស់ខ្ញុំកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែសាលាដំបូងរាជធានីមិនអនុញ្ញាតឲ្យខ្ញុំទៅទេ”។
លោក មាជ សុវណ្ណារ៉ា បានកត់សម្គាល់ថា អ្នកទោសមួយចំនួនមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលត្រូវបានចោទប្រកាន់ ឬកាត់ឲ្យជាប់ទោសជុំវិញបទល្មើសហិង្សាកាលពីពេលថ្មីៗនេះត្រូវបានអនុញ្ញាតឲ្យចេញពីពន្ធនាគារទៅព្យាបាលជំងឺ រួមមានលោក សុខ ប៊ុន ឧកញ៉ាខាងអចលនទ្រព្យដែលត្រូវបានកាត់ឲ្យជាប់ទោសកាលពីខែមុនពីបទវាយអតីតពិធីការិនីទូរទស្សន៍ម្នាក់នៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ និងលោក ថោង សារ៉ាត់ ឧត្ដមសេនីយ៍យោធាមួយរូបដែលសង្ស័យថា ជាមេខ្លោងនៃការធ្វើឃាតឧកញ៉ាម្នាក់កាលពីចុងឆ្នាំ២០១៤។
លោកបានថ្លែងថា “ចុងចោទ ថោង សារ៉ាត់ ដែលរឿងក្ដីរបស់គាត់ទាក់ទងនឹងអំពើមនុស្សឃាត គាត់អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបាន ហើយគាត់អាចគិតអំពីអាជីវកម្មរបស់គាត់ ប៉ុន្តែខ្ញុំវិញមិនត្រូវបានអនុញ្ញាត ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យទេ”។
លោកបានបន្ថែមថា “ប្រសិនបើខ្ញុំមិនអាចទៅព្យាបាលនៅក្រៅប្រទេសបាន ដូច្នេះ ខ្ញុំគ្រាន់តែសុំការអនុញ្ញាតទៅមន្ទីរពេទ្យ SOS ក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ពីព្រោះខ្ញុំនៅឈឺក្បាលនៅឡើយ”។
ក្រុមមន្ត្រីពន្ធនាគារបានអះអាងថា ទាំងលោក ថោង សារ៉ាត់ ដែលត្រូវបានកាត់ឱ្យជាប់ទោសរួចហើយពីបទមានអាវុធខុសច្បាប់ និងលោក សុខ ប៊ុន ត្រូវបានអនុញ្ញាតឲ្យទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេស ខណៈកំពុងអនុវត្តទោសជាប់ពន្ធនាគារ។
លោក អុឹម សុផាន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចថាតើលោក មាជ សុវណ្ណារ៉ា អាចចាកចេញពីប្រទេសទៅព្យាបាលជំងឺបានឬយ៉ាងណា ហើយបានស្នើឲ្យចៅក្រមពិចារណាសំណើនេះឡើងវិញ ដើម្បីឲ្យលោកទទួលបានការព្យាបាលនៅក្នុងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណា លោក ប្លង់ សំណាង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា លោក មាជ សុវណ្ណារ៉ា មិនបានបង្ហាញឲ្យឃើញថា លោកមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលតម្រូវឲ្យមានការព្យាបាលបន្ទាន់ឡើយ។
ចៅក្រមរូបនេះបានប្រកាសថា “សាលាឧទ្ធរណ៍សម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ”។
បន្ទាប់ពីសវនាការ លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា ប្រសិនបើតុលាការរឹងត្អឹងជាមួយសំណើរបស់លោកសុំទៅព្យាបាលជំងឺនោះ គំនិតនេះគឺមិនល្អចំពោះបណ្ដឹងឧទ្ធរណ៍របស់ក្រុមនេះជំទាស់នឹងនីតិវិធី និងសាលក្រមរបស់សាលាដំបូងរាជធានីក្នុងរឿងក្ដីនេះ។
លោក មាជ សុវណ្ណារ៉ា ស្ថិតក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិបីរូបដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ ពីបទដឹកនាំកុបកម្មជុំវិញការតវ៉ាដែលបានប្រែក្លាយជាហិង្សានៅទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ ហើយសកម្មជន៨នាក់ទៀតត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៧ឆ្នាំ។
ចៅក្រម ប្លង់ សំណាង បានមានប្រសាសន៍ថា សវនាការឧទ្ធរណ៍នឹងបន្តបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួចនៅខែក្រោយនេះ៕ សារុន