27 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​អួត​ពី​រូប​ថត​​​និង​ព័ត៌មាន​ឯកជន​​​របស់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ទទួល​​​បាន​ព័ត៌មាន​​បុគ្គល​យ៉ាង​ច្រើន​ទាក់ទិន​នឹង​ស្រី​​កំណាន់​​ ដែល​គេ​ថា​ជា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង ក្នុង​នោះ​មាន​ព័ត៌មាន​លម្អិត​នៃ​លិខិត​ឆ្លង​ដែន​របស់​នាង​​ រូប​ថត​នៃ​ការ​ធ្វើ​ដំណើរ​របស់​នាង​ជាមួយ​លោក កឹម សុខា និង​ភ័ស្តុតាង​ផ្សេង​ទៀត​នៃ​រឿង​ស្នេហា​របស់​ពួកគេ។

ក្នុង​សុន្ទរកថា​នៅ​ពិធី​ចែក​សញ្ញាបត្រ​​​​មួយ​នៅ​​​រាជធានី​​ភ្នំពេញ លោក ហ៊ុន សែន បាន​សំដៅ​លើ​​ស្ត្រី​ម្នាក់​​ គឺ​ ខឹម ចាន់ដារ៉ាទី ​​អាយុ​២៥​ឆ្នាំ ជា​អ្នក​កាត់​សក់ ដែល​បាន​បដិសេធ​​ថា នាង​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក​ កឹម សុខា ដោយ​និយាយ​​​អំពី​​​បញ្ជី​ភ័ស្តុតាង​រូប​ថត​ និង​ភ័ស្តុតាង​ផ្សេង​ទៀត​​ដែល​លោក​ទទួល​បាន​ថា ​​​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​​នៅ​ទីក្រុង​បាងកក​​។ លោក​បាន​បន្ត​បញ្ជាក់​ថា រដ្ឋាភិបាល​​កំពុង​ពិចារណា​​វិធានការ​​លើ​អនុប្រធាន​គណ​​បក្ស​ប្រឆាំង​រូប​នេះ​អំពី​រឿង​​ស្នេហា​លួច​លាក់​​​នៅ​​​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “​ទៅ​ឆ្លើយ​ថា ‘ទេ ខ្ញុំ​មិន​ដែល​មាន​ប៉ាស្ព័រ​ទេ’ ចំណែក​ខាង​ប៉ាស្ព័រ​គេ​ឆ្លើយ​ថា ‘ទេ​ អ្នក​ឯង​​​ធ្វើ​តើ’។ និយាយ​ថា ​’ខ្ញុំ​អត់​ដែល​ជិះ​យន្ត​ហោះ​’ ហ្អាក Bangkok Airway​s មាន​សំបុត្រ​យន្តហោះ​​​​អ្នក​ជិះ។ ហើយ​នៅ​​ព្រលាន​យន្ត​ហោះ​មាន​ថត​​​រូប​អ្នក​ទុក​ តើនៅ​ព្រលាន​យន្តហោះ​បាងកក​ក៏មាន​ទុក​ (រូប)​ នៅ​សណ្ឋាគារ​បាងកក​មាន​ទុក​​​(រូប) ចប់​បាត់​ហើយ​ តើ​មាន​ស្អី​ទៀត”។

លោក​បាន​មាន​ប្រសាសន៍​ថា ”សូម្បី​តែ​ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ ក៏​មាន​រូប​ថត​ [ពួកគេ​] ដើរ​នៅ​ព្រលាន​យន្តហោះ​បាងកក​ដែរ”។

លោក ហ៊ុន​ សែន មិន​បាន​រៀប​រាប់​លម្អិត​​​​ថាតើ លោក​បាន​រូប​ថត​នោះ​​ដោយ​របៀប​ណា ហេតុ​អ្វី​រូប​ថត​​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក ឬ​ថាតើ​​ហេតុ​អ្វី​បាន​​ជា​អាជ្ញាធរ​ថៃ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​តាម​ដាន​គូ​ស្នេហ៍​ដែល​គេ​អះអាង​នេះ​​​​ឡើយ​។

ការ​ថ្លែង​នេះ​គឺ​ជា​ការ​ពង្រីក​​ឲ្យ​កាន់​តែ​ធំ​​ថ្មីបំផុត​ក្នុង​រឿង​អាស្រូវ​​ពាក់​ព័ន្ធ​​នឹង​លោក កឹម សុខា ​​ដែល​បាន​ចាប់​ផ្ដើម​លេច​ឡើង​នៅ​ដើម​ខែ​នេះ ពេល​ដែល​គណនី​ហ្វេសប៊ុក​​​ឈ្មោះ “ម៉ុន ស្រី” បាន​ចាប់​ផ្ដើម​​​ចែក​រំលែក​​ខ្សែអាត់​សំឡេង​សាសង​រឿង​ស្នេហា​ ដែល​ក្នុង​ខ្សែអាត់​សំឡេង​នោះ បុរស​ម្នាក់​ដែល​សំឡេង​ដូច​​អនុប្រធាន​គណបក្ស​ប្រឆាំង​​ត្រូវ​គេ​ឮ​និយាយ​ជាមួយ​ស្រី​ម្នាក់​​អំពី​រឿង​​ស្នេហា​របស់​​ពួកគេ។

​គេ​នៅ​មិន​ទាន់​ច្បាស់​​ថា នរណា​បាន​ថត​ខ្សែអាត់​សំឡេង​នោះ​ ឬ​ថា​តើ​វា​បែក​ធ្លាយ​​ដោយ​របៀប​ណា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​​ការ​ផ្សព្វ​​ផ្សាយ​​របស់​ពួកគេ​​​បាន​​ឈាន​ដល់​​ក្លាយ​ជា​រឿង​ក្ដី​តុលាការ​ភ្លាម​ និង​មាន​​​ការ​ស៊ើប​អង្កេត​​​ដោយ​នគរ​បាល​​លើ​ការ​​ចោទ​ប្រកាន់​ពីបទ​បរិហារកេរ្តិ៍ ដែល​​កញ្ញា​ ចាន់ដារ៉ាទី ​ត្រូវ​ក្រុម​មន្ត្រី​ប្រឆាំង​ភេរវកម្ម​ហៅ​ទៅ​សាកសួរ។

លោក ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក​ កឹម សុខា អាច​ជា​មនុស្ស​បន្ទាប់។ លោក​បាន​មាន​ប្រសាសន៍​ថា “បើ​ទោះ​ជា​យើង​មិន​ទាន់​ចាត់​វិធានការ​ក៏ដោយ ក៏​តុលាការ​​បាន​បញ្ជា​ឲ្យ​​​នគរបាល​ចាត់​វិធាន​ការ​ហើយ”។

លោក​ ហ្វីល រ៉ូបឺតសុន នាយករង​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ចាត់​​ទុក​ការ​បញ្ចេញ​ឲ្យ​ដឹង​របស់​លោក ហ៊ុន សែន ​ដែល​​ថា​​​គូ​ស្នេហ៍​នេះ​ត្រូវ​គេ​តាម​ដាន​និង​ថត​រូប​នោះ​ “គួរ​ឲ្យ​​​អាមា៉ស់​” និង​បាន​និយាយ​ថា វា​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថ្មី​ថា​​​​តើ​ឥស្សរ​ជន​បក្ស​ប្រឆាំង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​​​កម្រិត​​​ណា​​​។

លោក​និយាយ​ថា “លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាកដ​ជាមាន​ពេល​ទំនេរ​ច្រើន​ហើយ​​បើ​គាត់​អាច​បញ្ជា​​ឲ្យ​មាន​ការ​​ឃ្លាំមើល​ល្អិត​ល្អន់​បែប​េនះ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​​អ៊ីចឹង​​នោះ​។ នេះ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​​​​​​ដើម្បី​បម្រើ​ប្រយោជន៍​​ឲ្យ​​លោក ហ៊ុន សែន ដោយ​ផ្ទាល់​”។

លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយក​​នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​​ដែល​មើល​ខុស​ត្រូវ​នាយកដ្ឋាន​​​លិខិត​ឆ្លង​ដែន​ បាន​និយាយ​ថា លោក​មិន​អាច​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ ព្រោះ​លោក​ស្ថិត​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍។ ​​លោក​ ឈួ គឹមនី នាយនគរបាល​​ព្រំដែន​ប្រចាំ​​​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ។

លោក​ Thawatchai Thanapanitsakul ​នាយក​ប្រចាំ​​​ប្រទេស​របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍​បាងកក​ អែ៊រវ៉េ បាន​បដិសេធ​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​មិនបាន​ផ្ដល់​ព័ត៌មាន​អ្នក​ដំណើរ​ណា​មួយ​ទៅ​រដ្ឋាភិបាល​ទេ និង​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​នេះ​​ឡើយ​។

លោក​បាន​និយាយ​ថា “​ខ្ញុំ​មិន​ដឹង​ទេ។ តើ​អ្នក​បាន​ព័ត៌មាន​​នេះ​ពី​​ណា​មក​? យើង​មិន​អាច​ផ្ដល់​ព័ត៌មាន​ [អំពី​] អ្វី​ដូច​នេះ​​​បាន​​ទេ​”។

លោក​បាន​​បន្ថែម​ថា ​លោក ហ៊ុន សែន ប្រហែល​បាន​​​បញ្ជី​អ្នកដំណើរ​​ពី​ក្រុម​មន្ត្រី​​អាកាស​យានដ្ឋាន ប៉ុន្តែ​​មិន​មែន​​បាន​​​ពី​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ដោយ​ផ្ទាល់​​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​ថា ប្រហែល​​រូប​ថត​ដែល​លោក ហ៊ុន សែន និយាយ​សំដៅ​ដល់​នោះ ត្រូវ​គេ​ចែករំលែក​តាម​​​បណ្ដាញ​ទំនាក់​ទំនង​​​សង្គម ហើយ​លោក​បាន​បដិសេធ​ថា រដ្ឋាភិបាល​មិន​បាន​តាម​ដាន​លោក កឹម សុខា ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចារកិច្ច​មិន​​​មែន​ជា​ពាក្យ​ត្រឹម​ត្រូវ​​​ដែល​ត្រូវ​ប្រើ​ក្នុង​ករណី​នេះ​​ទេ ពីព្រោះ​មាន​កាមេរ៉ា​​នៅ​គ្រប់​​​ទីកន្លែង។ សូម្បី​អ្នក​ចុះ​ឈ្មោះ​នៅ​សណ្ឋាគារ​ គ្រប់​សណ្ឋាគារ​​មាន​​​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព​នៅ​ទីនោះ”។

លោក ផៃ ស៊ីផាន បាន​បន្ថែម​ថា លោក ហ៊ុន សែន មាន “សិទ្ធិ​ពិនិត្យ” ព័ត៌មាន​អំពី​រឿង​ស្នេហា​របស់​លោក កឹម សុខា ពីព្រោះ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ និង​ស្ត្រី​ដែល​គេ​អះអាង​ថា ជា​ស្រី​កំណាន់​​របស់​គាត់​ បាន​ធ្វើ​ខុស​​​​ដែល​មាន​ស្នេហា​លួច​លាក់​ ហើយ​បន្ទាប់​មក​បដិសេធ​នោះ​។

លោក​​​ ផៃ ស៊ីផាន​​​ បាន​​​បន្ថែម​​​ថា “លោក​​​នាយករដ្ឋ​​​មន្ត្រី​​​មាន​​​សិទ្ធិ​​​ដឹ​​​ង​​​ពីរឿង​​​នោះ ​លោក​​​​​​មាន​​​សិទ្ធិ​​​ដឹង​​​ ពី​ព្រោះព័ត៌មាន​នេះ​​គេ​ [ស្រី​​​កំណាន់​​​​របស់​​គាត់​​​] បាន​​​បដិសេធ តែ​​​​លោក​​​​មាន​ភ័ស្តុតាង​បង្ហាញ​​​​”។

លោក​​​ ផៃ ស៊ីផាន បាន​​​បន្ត​​​ចោទ​​​ប្រកាន់​​​លោក កឹម សុខា ថា បាន​​​ប្រើ​​​ប្រាស់​​​ស្រី​​​កំណាន់​​​​​​របស់​​ខ្លួន​ “​​​​ជា​​​ទាសករ​​​ផ្លូវ​​​ភេទ​​​” ហើយ​​​បាន​​​បន្ថែម​​​​​​​​ថា វប្បធម៌​​​កម្ពុជា​មិន​​​អនុញ្ញាត​​​ឲ្យ​​​​​​ថ្នាក់​​​ដឹកនាំ​​​នយោបាយ​​​មាន​​​ស្នេហា​​​ក្រៅ​​​ចំណង​អាពាហ៍ពិពាហ៍​​​ទេ។

លោក​​​បាន​​​​​​ថ្លែង​​​ថា វប្បធម៌​​​របស់​​​យើង​​​ខុស​​​​​ពី​​​វប្បធម៌​​​បស្ចិម​ប្រទេស។ អ្នក​​​អាច​​​មាន​​​មិត្ត​​​ប្រុស​​​​​១០នាក់​​​​នៅ​​​ពេល​​​តែ​​​មួយ​​​បាន​​​ ប៉ុន្តែ ​កម្ពុជា​​​​​​​កម្រ​​​​​មាន​​​ណាស់​ ហើយ​​​ជួន​​​កាល​​​ប្តី​​​សម្លាប់​​​ប្រពន្ធ​​​ដោយសារ​​​តែ​​​ការ​​​ប្រចណ្ឌ​​​ ប៉ុន្តែ រឿង​​​នេះ​​​មិន​​​មែន​​​ជា​​​វប្បធម៌​​​បស្ចិម​​​​​​ប្រទេស​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​បន្ថែម​​​ថា “ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​ដោះ​​​ដូរ​​​ការ​​​រួម​​​ភេទ​​​ជា​​​មួយ​​​ស្រីកំណាន់​​​​ដោយ​​​ផ្តល់​ជាលុយ​ ផ្តល់​ជា​​ផ្ទះ? វា​​​​​​ជា​ទាសករ​​​។ ​តើ​​​អ្នក​​​ចង់​​​ក្លាយ​​​ជា​​​ទាសករ​​​ឬ…? តើ​​​អ្នក​​​ចង់​​​ឲ្យ​​​មិត្ត​​ស្រី​របស់​​​ខ្លួន​​​​ទទួល​បាន​​​​ឡាន​​​ វីឡា ឬ​​​ក៏​​​ផ្ទះ​​​ទេ? ​អ្នក​​​មិន​​​ខ្វល់​​​ទេ នេះ​​​​ជា​​​វប្បធម៌​​​ផ្ទាល់​​​​​​ខ្លួន​​​របស់​​​អ្នក​​​។ កម្ពុជាយើង​​​ខ្វល់​​​អំពី​​​រឿង​​​នេះ”។

តំណាង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​មិញ ប៉ុន្តែ នៅ​​​កិច្ច​​​ប្រជុំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ទី​​​ក្រុង​​​ម៉ានីល កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ ​គណ​​​បក្ស​​​បាន​​​ប្រើ​​​យុទ្ធ​​​សាស្ត្រ​​​ “មិន​​​ឆ្លើយ មិន​​​ឆ្លង ​មិន​​​ឈ្លោះ” ​​​​​​​​​​​​​​​ចំពោះ​​​ការ​​​បង្ក​​​​​បញ្ហា​​​នយោ​បាយ​​​។

លោក ហ៊ុន សែន បាន​​​ចំអក​​​រឿង​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​លើក​​​ឡើង​​​ថា គ្មាន​​​អ្វី​​​អាច​​​​​ធ្វើ​​​ឲ្យ​​​បញ្ហា​​​នេះ​​​ស្ងប់​​​ស្ងាត់​​​​​​បាន​​​ទេ ​ព្រោះ​​វា​​​ជា​​​ប្រធាន​​​បទ​​​នៃ​​​ការ​​​ពិភាក្សា​​​ដ៏​​​រាល​​​ដាល​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​សង្គម។

លោក​​​ថ្លែង​​​ថា ” ‘៣​​​មិន’​​​ លើ​បញ្ហា​​​​អាស្រូវ​​​​​​ផ្លូវ​​​ភេទ​​​មិន​​​អាច​​​លាក់​​​បាំង​​​កើត​​​ទេ​​​។ វា​​​អនុវត្ត​បាន​​​​តែ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ប៉ុណ្ណោះ ​​​ មិន​អាច​ប្រើ​​​​​ក្នុង​​​សតវត្សរ៍​​​​ទី​​​២១បាន​​​​ទេ​​​”។

ប៉ុន្តែ​បើ​​​ទោះ​​​ជា​​​រឿង​​​នេះ​​​មាន​​​ភាព​​​រាល​​​ដាល​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះតាម​ប្រព័ន្ធ​អីុន​ធឺ​ណិត​​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ជារឿយៗ​​​​​​​​អួត​​​អាង​​​ពី​​​ការ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ឯកជន​​​ ឬ​​​ក្រៅ​​​ឆាក​​​​​​ច្រើន​ឆ្នាំមកហើយ​ដែរ​​អំពី​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​​ ហើយ​​​ហាក់​​​ដូច​​​ជា​​​រីក​​​រាយ​​​ក្នុង​​​ការ​​​លាត​​​ត្រដាង​​​រឿង​នេះ​នៅ​​​ក្នុង​​​​​​សុន្ទរ​កថា​របស់លោក​ជា​​​​សាធារណៈ។

រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​លោក​​​បាន​​​ចោទ​​​​​​ប្រកាន់​​​លោក កឹម សុខា ថា បាន​​​រួមភេទ​​​ជាមួយ​​​ក្មេង​​​ស្រី​​​មិនទាន់​​​គ្រប់​​​អាយុ​​​ម្នាក់​​​ ហើយ​​​​​​ច្រើន​លើក​ច្រើន​សា​លោក​​​បាន​​​សរសើរ​​​​​​ដល់​​​ការ​​​ថត​​​សំឡេង​​​លក្ខណៈឯកជន​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ដោយ​បង្ហាញ​​ថា ​​​លោក សុន ​ឆ័យ សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​ជាតិ​គឺជា​​​ចារកម្ម​​​ម្នាក់​​​។ កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ លោក​​​បាន​​​និយាយ​​​អំពី​​​ភ្នាក់​​​ងារ​​​សើុប​​​អង្កេត​​​របស់​​​លោក​​​បាន​​​​ស្តាប់ឮភរិយា​​​របស់​​​អ្នក​​​នយោ​បាយ​​​​​​ម្នាក់​​​និយាយ​ដោយ​ចៃដន្យ​​គំរាម​​​ខ្វេះ​​​ភ្នែក​​​របស់​​​លោក​​​។

លោក​​​នាយករដ្ឋ​​​មន្ត្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា ”ខ្ញុំ​​​មាន​​​គ្រប់​​​មធ្យោបាយ​​​ដើម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​។ សូម្បី​​​តែ​​​អ្នក​​​ផោម​​​ ក៏​​​ខ្ញុំ​​​​​​ដឹង​​​ដែរ​​​​​​”៕ និត និង​ សារុន​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស