កាលពីម្សិលមិញ ការប្រវាយប្រតប់គ្នាបានកើតមានឡើងនៅវេទិការបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីអ្នកគាំទ្រគណបក្សរាប់រយនាក់បានរារាំងនិស្សិតរាប់សិបនាក់មិនឲ្យជួបលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដើម្បីជជែកអំពីខ្សែអាត់សំឡេងសាសងស្នេហាដែលគេបញ្ចេញនៅដើមខែនេះ។
ក្រុមនិស្សិតដែលអះអាងថា មិនពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយ បានស្នើសុំឲ្យអនុប្រធានគណបក្សប្រឆាំងរូបនេះបកស្រាយជាសាធារណៈនូវខ្សែអាត់សំឡេងដែលក្នុងខ្សែអាត់សំឡេងនោះបុរសម្នាក់ដែលមានសំឡេងដូចលោក កឹម សុខា និងស្ត្រីក្មេងម្នាក់ត្រូវគេឮពិភាក្សាគ្នាអំពីរឿងស្នេហា ការមានផ្ទៃពោះ និងការបង់ថ្លៃផ្ទះ។
លោក ភួង សុធា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តពោធិ៍សាត់ បាននិយាយថា ក្រុមនិស្សិតបានមកដល់វេទិកាក្នុងស្រុកភ្នំក្រវាញមានទាំងឧគ្ឃោសនសព្ទមួយផង ហើយបានចាប់ផ្តើមស្រែកឲ្យលោក កឹម សុខា ឆ្លើយទៅនឹងការចោទប្រកាន់នោះ។ នៅពេលក្រុមយុវជនគណបក្សសង្គ្រោះជាតិដាក់រាយដើម្បីរារាំងពួកនិស្សិតមិនឲ្យចូល ភាគីទាំងពីរបានចាប់ផ្តើមរុញច្រានគ្នា។
លោក សុធា បាននិយាយថា “កម្លាំងរាជអាវុធហត្ថខេត្តបានមកដល់ ហើយបានបំបែកក្រុមទាំងពីរ និងមិនឲ្យក្រុមនិស្សិតឆ្លងផ្លូវទៅវេទិកានោះទេ ពីព្រោះពួកគេបារម្ភថា អំពើហិង្សាអាចនឹងកើតឡើង”។

ស្រី ចំរើន តំណាងរបស់ក្រុមនេះ ដែលបានដាក់ញត្តិកាលពីសប្តាហ៍មុនទៅរដ្ឋសភាសុំឲ្យមានការកោះហៅលោក កឹម សុខា និងសាកសួរទាក់ទិននឹងខ្សែអាត់សំឡេងបានអះអាងថា យុវជនគណបក្សសង្គ្រោះជាតិមិនត្រឹមតែបានរាំងផ្លូវពួកគេទេ តែថែមទាំងបានដាល់និស្សិតមួយចំនួន និងបានគំរាមសម្លាប់ពួកគេទៀតផង បើពួកគេបន្តបេសកកម្ម របស់ខ្លួននោះ។
លោកបាននិយាយថា “យើងនឹងនៅតែបន្តតាមលោក កឹម សុខា រហូតដល់គាត់ផ្តល់ការពន្យល់ប្រាប់យើងអំពីសំឡេងក្នុងខ្សែអាត់នោះ”។
តំណាងយុវជន និងតំណាងរាស្ត្រមួយរូបរបស់គណបក្សសង្គ្រោះជាតិបានបដិសេធថា មិនមានអំពើហិង្សា ឬការគំរាមណាមួយទេ។
លោក ងឹម ញេ៉ង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននិយាយថា “ខ្ញុំសូមបដិសេធ។ ព័ត៌មាននេះមិនពិតទេ”។
ថ្លែងទៅកាន់អ្នកគាំទ្រប្រហែល៤.០០០នាក់ ទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី ប្រធានគណបក្សដែលបាននិយាយតាមរយៈប្រព័ន្ធស្កាយភ៍ (Skype) មិនបាននិយាយពីរឿងអាស្រូវនេះទេ។ ផ្ទុយទៅវិញអ្នកទាំងពីរបានពិភាក្សាអំពីសេចក្តីសង្ឃឹមរបស់គណបក្សក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ។
លោក សម រង្ស៊ី ដែលមិនបានត្រឡប់មកប្រទេសកម្ពុជាវិញចាប់តាំងពីមានការចេញដីកាចាប់ខ្លួនលោកនៅខែវិច្ឆិកា ជាអ្វីដែលគេនិយាយថា ជារឿងនយោបាយរបស់គណ បក្សកាន់អំណាចនោះ បាននិយាយថា “ខ្ញុំជឿថា ភាគីម្ខាងទៀតភ័យ”។
“ពួកគេភ័យ និងព្រួយ ពីព្រោះពួកគេដឹងថា ពួកគេមិនអាចទប់ស្កាត់ចលនា និងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋកំពុងទាមទារឲ្យមាន [ការដូរ]”។
លោក កឹម សុខា បានអួតពីចំនួនអ្នកគាំទ្រដែលមានចំនួនកាន់តែច្រើនដែលមកចូលរួមដោយសារ “ការស្នេហាជាតិនិងការធ្វើឲ្យមានលក្ខណៈប្រជាធិបតេយ្យរបស់គណបក្ស[ដែលនឹង] កាន់អំណាចក្នុងពេលអនាគត”។
គណបក្សនេះបដិសេធមិនបកស្រាយខ្សែអាត់សំឡេងដែលបានបង្ហោះលើទំព័រហ្វេសប៊ុក និងអះអាងថា ជាការសន្ទនារវាងលោក កឹម សុខា និង ខឹម ចាន់ដារ៉ាទី ដែលឥឡូវគេស្គាល់ជាទូទៅតាមរយៈឈ្មោះហ្វេស ប៊ុក “Mon Srey” របស់នាង។ ក្រោយពីពួកគេលេចមុខភ្លាម ធី សុវណ្ណថា សកម្មជនប្រឆាំងរដ្ឋាភិបាលដ៏លេចធ្លោម្នាក់ បានប្តឹងអំពីបទបរិហារកេរ្តិ៍។ ក្នុងខ្សែអាត់ជាច្រើន ស្ត្រីនោះជជែកអំពីពាក្យចចាមអារ៉ាមដែលថា កញ្ញា សុវណ្ណថា មានស្នេហាជាមួយលោក កឹម សុខា។
កញ្ញា ចាន់ដារ៉ាទី ដែលត្រូវនគរបាលប្រឆាំង ភេរវកម្មសាកសួរទាក់ទិននឹងបណ្តឹងនោះបាននិយាយថា សំឡេងក្នុងខ្សែអាត់មិនមែនជាសំឡេងរបស់នាងទេ ហើយថា ការនិយាយទាក់ទងតែមួយលើកគត់ដែលនាងមានជាមួយលោក កឹម សុខា គឺនៅពេលដែលលោក ទូរស័ព្ទមកហាងកាត់សក់ដែលនាងធ្វើការដើម្បីសួរថា តើជាងកាត់សក់ទំនេរ ឬទេ៕ និត