បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លាតត្រដាងឈ្មោះរដ្ឋមន្ត្រីចំនួនប្រាំបីរូបកាលពីថ្ងៃសុក្រ ដែលពាក់ព័ន្ធនៅក្នុងការរុះរើសគណៈរដ្ឋមន្ត្រីពាក់កណ្ដាលអាណត្តិមិនធ្លាប់មានបណ្ដាអ្នកសង្កេតការណ៍ និងអ្នកនយោបាយគណបក្សប្រឆាំងបានចាត់ទុកចំណាត់ការនេះកាលពីម្សិលមិញថា ជាវិធានការឈ្លាសវៃផ្នែកទំនាក់ទំនងសាធារណៈ ប៉ុន្តែនៅតែមានមន្ទិលចំពោះប្រសិទ្ធភាពចុងក្រោយនៃការរុះរើនេះ។
លោក ហ៊ុន សែន បានដាក់សំណើរុះរើគណៈរដ្ឋមន្ត្រីជូនទៅរដ្ឋសភាកាលពីថ្ងៃពុធ ហើយមានប្រសាសន៍ថា ការបោះឆ្នោតនៅរដ្ឋសភាដែលសំឡេងភាគច្រើនគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមេសា។
រដ្ឋមន្ត្រីដែលត្រូវចូលនិវត្ត ឬផ្លាស់ប្ដូរមុខងារទាំងនោះមានដូចជា រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងសាធារណការ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងក្រសួងធម្មការ។ រដ្ឋលេខាធិការថ្មីៗចំនួន១១រូបក៏ត្រូវបានដាក់បញ្ចូលបន្ថែមដែរទៅក្នុងអង្គនីតិប្រតិបត្តិដែលបានរងការរិះគន់ជាយូរមកហើយចំពោះការផ្ដល់អាទិភាពលើបក្សពួកជាជាងប្រសិទ្ធភាពការងារ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ការរុះរើនេះធ្វើឡើងក្នុងគោលបំណងកែលម្អសេវាសាធារណៈ ហើយថា រដ្ឋមន្ត្រីមួយចំនួនមិនបានគោរពតាមការព្រមានរបស់លោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះឲ្យសម្អាតក្រសួងរបស់ខ្លួនឡើយ។
លោកបានថ្លែងថា “ការរុះរើនេះគឺដើម្បីពង្រឹងសាមគ្គីភាព និងផ្ដល់សេវាល្អប្រសើរជូនប្រជាពលរដ្ឋពីសំណាក់ក្រសួងនីមួយៗដែលមានការផ្លាស់ប្ដូរ” ហើយក៏ដើម្បីកាត់បន្ថយបក្ខពួកនិយមដែរ។ “ដោយសារតែបក្ខពួកនិយម រដ្ឋមន្ត្រីមួយចំនួនមិនអាចធ្វើឲ្យប្រសើរឡើងបាន”។
ទោះជាយ៉ាងណា លោកបានអះអាងថា ចំណាត់ការនេះមិនមែនជាការដាក់ទណ្ឌកម្មទេ ថ្វីបើលោក ហ៊ុន សែន បានបញ្ចេញឈ្មោះរដ្ឋមន្ត្រីពីររូបគឺលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មថា “ស្ទក់” ពេកនៅប៉ុន្មានសប្ដាហ៍មុនការរុះរើនេះក្តី។
លោកថ្លែងថា ”ការរុះរើមិនមែនជាការដាក់ទណ្ឌកម្មទេ វាជាការរៀបចំឡើងវិញ” ហើយការរុះរើនេះនឹងក្លាយជាសារដាស់តឿនដល់រដ្ឋមន្ត្រីទាំងអស់។ “ការរុះរើនេះដើម្បីឲ្យមានអភិបាលកិច្ចល្អ ហើយជាការសំពងមន្ត្រីដើម្បីដាស់តឿនពួកគេកុំឲ្យមើលងាយការ”។
ពេលសាកសួរអំពីការរុះរើនេះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានឆ្លើយថា “មានមនុស្សចាស់គំរឹលប្រើការលែងកើតដែលមានប្រវត្តិគួរឲ្យខ្លាចជាច្រើននៅឡើយ” ក្នុងជួររដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា ការចូលរួមបោះឆ្នោតនឹងជា “ការខ្ជះខ្ជាយពេលវេលា” ប៉ុន្តែថា លោកនឹងទុករឿងនេះឲ្យមន្ត្រីផ្សេងទៀតនៅក្នុងបក្សជាអ្នកសម្រេចថា តើត្រូវធ្វើពហិការសម័យប្រជុំនេះ ឬក៏អត់។ “រដ្ឋាភិបាលនេះគ្រាន់តែចង់បង្ហាញនូវប្រព័ន្ធឯកបក្សដែលស្ថិតក្រោមការត្រួតត្រាដោយមនុស្សតែម្នាក់ប៉ុណ្ណោះ”។
ប៉ុន្តែខណៈអ្នកវិភាគ និងអ្នកជំនាញភាគច្រើនលើកឡើងថា ការរុះរើនេះនឹងមានប្រសិទ្ធភាពតិចតួចនៅក្នុងរដ្ឋការដែលពោរពេញដោយអំណាចប្រមូលផ្ដុំ លោក សុន ឆ័យ តំណាងរាស្ត្រ និងជាអ្នកធ្វើគោលនយោបាយជាន់ខ្ពស់ក្នុងគណបក្សសង្គ្រោះជាតិ មានសុទិដ្ឋិនិយមជាងនេះ។
លោកបានបញ្ចេញឈ្មោះ លោក ស៊ុន ចាន់ថុល ដែលនឹងផ្លាស់ពីក្រសួងពាណិជ្ជកម្មទៅក្រសួងសាធារណការធ្វើជាឧទាហរណ៍ថា ”មានការផ្លាស់ប្ដូរវិជ្ជមានខ្លះ យើងត្រូវមើលការផ្លាស់ប្ដូរវិជ្ជមាននេះ លើកនេះបុគ្គលគ្រាន់បើត្រូវបានតែងតាំងឲ្យកាន់ក្រសួងសំខាន់ៗ។ ខ្ញុំគិតថា លោក ស៊ុន ចាន់ថុល ត្រូវបានទទួលស្គាល់ជារដ្ឋមន្ត្រីល្អ។ ការតែងតាំងគាត់ឲ្យកាន់ក្រសួងសំខាន់ ខ្ញុំគិតថា នេះនឹងធ្វើឲ្យមានការផ្លាស់ប្ដូរល្អខ្លះសម្រាប់សុវត្ថិភាពផ្លូវថ្នល់ និងការអភិវឌ្ឍផ្លូវថ្នល់”។
តំណាងរាស្ត្ររូបនេះក៏បានលើកឡើងដែរថា ការតែងតាំងរដ្ឋមន្ត្រីថ្មីថ្មោងពីររូប គឺលោក ប៉ាន សូរស័ក្ដិ ឲ្យកាន់ក្រសួងពាណិជ្ជកម្ម និងលោក វេង សាខុន ឲ្យកាន់ក្រសួងកសិកម្ម គឺជាសញ្ញាល្អ។ សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ គឺជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចំណែកឯលោក វេង សាខុន គឺជារដ្ឋលេខាធិការក្រសួងធនធានទឹក។
លោកថ្លែងថា “រាល់ការផ្លាស់ប្ដូរនឹងមានភាពវិជ្ជមាន” ហើយថា ការសម្រេចរបស់លោក ហ៊ុន សែន នៅតែជំរុញដោយហេតុផលនយោបាយ នៅពេលការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខិតជិតចូលមកដល់។
លោកបានបន្តថា “រដ្ឋាភិបាលត្រូវត្រៀមមុខមាត់ថ្មី ជាពិសេសក្រសួងមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជន។ បើរដ្ឋមន្ត្រីថ្មីទាំងនេះធ្វើការងារបានល្អ នាយករដ្ឋមន្ត្រីសង្ឃឹមថា គាត់នឹងអាចទាក់ទាញសន្លឹកឆ្នោតបានបន្ថែមទៀត ហើយគាត់នឹងគ្រប់គ្រងប្រទេសកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីការបោះឆ្នោតអាណត្តិក្រោយ”។
លោក សំ អុិន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ថា លោកក៏ចង់ឃើញការផ្លាស់ប្ដូរនៅក្នុងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ដែរ ប៉ុន្តែសង្ឃឹមថា ការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីនេះនឹងក្លាយជាសាររំឭកដាស់តឿន។ លោកលើកឡើងថា “កំណែទម្រង់នេះក៏ជាការល្អដែរដើម្បីព្រមានក្រសួងផ្សេងៗទៀតឲ្យខិតខំធ្វើការងារដើម្បីជាតិ និងប្រជាពលរដ្ឋ ជាពិសេសសេវាសាធារណៈ”។
លោកបន្ថែមថា លោកមានសុទិដ្ឋិនិយមចំពោះលោក ស៊ុន ចាន់ថុល ដែលនឹងកាន់ក្រសួងសាធារណការ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលនឹងផ្លាស់មកកាន់ក្រសួងរៀបចំដែនដី។ ”ខ្លួនខ្ញុំផ្ទាល់សង្កេតឃើញថា លោក ជា សុផារ៉ា ជាបុគ្គលដែលធ្វើការងារបានយ៉ាងល្អទាក់ទិនការគ្រប់គ្រងរបស់គាត់ ហើយការដឹកនាំរបស់គាត់ល្អដោយសារតែគាត់មានបទពិសោធន៍ធ្លាប់ធ្វើជាអភិបាលរាជធានីភ្នំពេញ”។
ទោះជាយ៉ាងណា លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា បញ្ហាមិនស្ថិតនៅត្រង់ថា អ្នកណាគ្រប់គ្រងក្រសួងទាំងនេះឡើយ ពីព្រោះលោក ហ៊ុន សែន នឹងនៅតែជាអ្នកសម្រេចដដែល។
លោកបានលើកឡើងថា “ប្រព័ន្ធបញ្ហាដីធ្លីមិនស្ថិតនៅត្រង់ថា រដ្ឋមន្ត្រីរូបណាអាចដោះស្រាយបញ្ហានេះបានទេ វាជាបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ។ ខ្ញុំគិតថា បើនាយករដ្ឋមន្ត្រីឬរដ្ឋាភិបាលទាំងមូលប្ដេជ្ញា នឹងអាចដោះស្រាយបញ្ហានេះបាន។ ពេលខ្លះរដ្ឋមន្ត្រីគ្មានអំណាចពិតប្រាកដទេ”។
ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា មិនចាំបាច់ឆ្ងល់ឡើយ គណបក្សកាន់អំណាចនឹងប្រើប្រាស់ការរុះរើគណៈរដ្ឋមន្ត្រីនេះធ្វើជាភ័ស្តុតាងបង្ហាញពីរដ្ឋការដែលមានគំនិតធ្វើកំណែទម្រង់។ ”គេមានការឃោសនាមួយចំនួនថា គេនឹងបង្កើនប្រសិទ្ធភាពការងារជាមួយរដ្ឋមន្ត្រីថ្មី ប៉ុន្តែខ្ញុំគិតថា សាធារណជននឹងមិនទទួលស្គាល់នេះថាជាកំណែទម្រង់ពិតប្រាកដទេ ពីព្រោះពួកគាត់មិនឃើញមានការផ្លាស់ប្ដូរច្បាស់លាស់អ្វីឡើយ”។
លោកបន្តថា មូលហេតុសំខាន់សម្រាប់សំណើនេះគឺដើម្បីធ្វើឲ្យប្រាកដថា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា រួមទាំងអភិបាលខេត្តចូលនិវត្តន៍មួយចំនួនផង មានមុខតំណែងសុខស្រួលនៅក្នុងជួររដ្ឋាភិបាល។
លោកបានធ្វើការកត់សម្គាល់ថា ”ដូច្នេះគេគ្រាន់តែបង្កើនចំនួនរដ្ឋលេខាធិការដើម្បីឲ្យមើលទៅគណបក្សប្រជាជនកាន់តែមានស្ថិរភាពផ្នែកនយោបាយសម្រាប់គណបក្ស និងរដ្ឋាភិបាលរបស់ខ្លួន វាជាផលប្រយោជន៍នយោបាយ មិនមែនសម្រាប់សាធារណជនទេ។ គេគ្រាន់តែផ្លាស់ប្ដូររដ្ឋមន្ត្រី ហើយបង្កើនចំនួនដើម្បីឲ្យប្រាកដថា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនសប្បាយចិត្តចំពោះការផ្លាស់ប្ដូរនេះ”។
លោក អំ សំអាត ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ បានសម្ដែងការសោកស្ដាយដែលលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការត្រូវបានផ្លាស់ឲ្យទៅកាន់ក្រសួងទូរគមនាគមន៍ និងលោក អ៊ុក រា៉ប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មដែលត្រូវបានផ្លាស់ឲ្យទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោកបានលើកឡើងទៀតថា ”សម្ដេចនាយករដ្ឋមន្ត្រីរិះគន់ពួកគាត់ថា ‘ស្ទក់’ ប៉ុន្តែពួកគាត់គ្រាន់តែផ្លាស់ទៅកាន់ក្រសួងផ្សេងប៉ុណ្ណោះ ដូច្នេះវាហាក់ដូចជាគ្មានការផ្លាស់ប្ដូរទេ ខ្ញុំគិតថា ការរុះរើគណៈរដ្ឋមន្ត្រីហាក់ដូចដើម្បីធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់បក្សប៉ុណ្ណោះ ប៉ុន្តែវាមិនអាចធ្វើកំណែទម្រង់របៀបធ្វើការងាររបស់ក្រសួងនេះទេ។ ជាមួយឡានខូច ទោះបីយើងរកតៃកុងថ្មីឲ្យបើក ក៏វានៅតែមិនទៅមុខដដែល។ ដូច្នេះវាដូចបញ្ហានេះអ៊ីចឹង ទោះបីរដ្ឋាភិបាលផ្លាស់ប្ដូររដ្ឋមន្ត្រីថ្មីក៏ដោយ ក៏ប្រតិបត្តិការនៅតែដដែល”៕ សុខុម