29.3 C
Phnom Penh

នាយកប្រតិបត្តិ​ផ្សារ​មូលបត្រ​អូស្ត្រាលីលាលែង​ពី​តួនាទី​ជុំវិញ​ការ​សូកប៉ាន់​ក្រុម​ហ៊ុន​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​​​ប្រតិបត្តិ​​​ផ្សារ​​​មូល​​​បត្រ​​​អូស្ត្រាលី​​​បាន​​​លា​​​លែង​​​ពី​​​តួនាទី​​​កាល​​​ពីម្សិលមិញ ​​​បន្ទាប់ ​​​​​​​​​ ពី​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​ការ​​​សូក​​​ប៉ាន់​​​ក្នុង​​​ទឹក​​​ប្រាក់​​​២០០.០០០​​​ដុល្លារ​​​ដោយ​ក្រុម​​​ហ៊ុន​​​ល្បែង​​​​​​មួយ​​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ពិគ្រោះ​​​យោបល់​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្អូន​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។

នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី​​​បាន​​​ប្រកាស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ខ្លួន​​​បាន​​​បើក​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ក្រុមហ៊ុន​​​Tabcorp ពាក់​​​ព័ន្ធ​​​ការ​​​បង់​​​ប្រាក់​​​នេះ​​​បន្ទាប់ពី​​​មាន​​​សេចក្តី​​​រាយការណ៍​​​ព័ត៌​​​​​​មានរបស់ប្រព័ន្ធផ្សព្វផ្សាយ​​​​ Fairfax ដែល​​​អះ​​​អាង​​​ថា ទឹក​​​ប្រាក់​​​នេះ​​​ត្រូវ​​​បាន​​​បង់​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ពិគ្រោះ​​​យោបល់​​​កម្ពុជា​​​មិន​​​ចេញ​​​ឈ្មោះមួយ​ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្អូន​​​ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ប្អូនស្រី​​​របស់​​​លោក ​​​ហ៊ុន សែន ​​​នៅ​​​ក្នុង​​​ការ​​​ដេញ​​​ថ្លៃ​​​មួយ​​​ដែល​​​ទី​​​បំផុត​​​បាន​​​បោះបង់ចោល​​​ដើម្បី​​​​បើក​​​ប្រតិ​​​បត្តិ​​​ការ​​​ល្បែង​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​នៅ​​​ទី​​​នេះ​​​។

លោក Elmer Funke Kupper​​​ នាយក​​​ប្រតិបត្តិ​​​​​​ ផ្សារ​​​មូល​​​បត្រ​​​អូស្ត្រាលី​​​គឺជា​​​នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​ Tabcorp​​​ ពេល​​​ក្រុមហ៊ុននៅ​​​​កម្ពុជា​​​ទទួល​​​បាន​​​ទឹក​​​ប្រាក់​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​។ ​​​នៅ​​​ក្នុង​​​សេចក្តី​​​រាយការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិល មិញ ផ្សារ​​​មូលបត្រ​​​អូស្ត្រាលី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លាលែង​​​របស់​​​លោក Kupper ​​​ធ្វើ​​​ឡើង​​​ភ្លាម​​​ៗ​​​។

សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​នេះ​​​បន្ត​​​ថា​​​”ក្រុម​​​ប្រឹក្សា​​​ផ្សារ​​​មូលបត្រ​​​អូស្ត្រាលី​​​ទទួល​​​ស្គាល់​​​​​ថា លោក Elmer  ចង់​​ផ្តោត​ពេញ​​​លេញ​​​ទៅ​​​លើ​​​ការ​​​សើុប​​​អង្កេត​ពីបញ្ហារបស់​​​​​​​​​ក្រុម​​​ហ៊ុន​​​ Tabcorp ហើយ​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ជ្រៀត​​​ជ្រែក​​​ចូល​​​ទៅ​​​ក្នុង​​​តួនាទី​​​សំខាន់​​​នៃ​​​ការ​​​ដឹក​​​នាំ​​​​​ផ្សារ​​​មូល​​​បត្រ​​​អូស្ត្រាលី​​​​”។

ក្រុមហ៊ុន ​​​Tabcorp​​​ បាន​​​ប្រកាស​​​កាល​​​ពី ​​​ម្សិលមិញថា លោក Kupper ក៏​​​បាន​​​លាលែង​​​ពី​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​ក្រុមហ៊ុន​​​ល្បែង​​​នេះ​​​ដែរ ​​​”រហូត​​​ដល់​​​​​មាន​​​ការ​​​បញ្ចប់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី​​​”។

នៅ​​​ក្នុង​​​បទ​​​សម្ភាសន៍ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​ Fairfax ​​​កាល​​​ពី ម្សិលមិញ ​​​លោក Kupper ​​​មិន​​​បាន​​​បញ្ជាក់ ឬ​បដិសេធ​​​ការ​​​​​​​​​​បង់​​​ប្រាក់​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​ ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​ទេ​​​។

លោក​​​ត្រូវ​​​បាន​​​គេ​​​ដកស្រង់​​​សម្តី​​​ដែល​​​និយាយ​​​ថា “ឈ្មោះ​​​របស់​​​ខ្ញុំ​​​មិន​​​ត្រូវ​​​បាន​​​​​​គេ​លើក​​​ឡើង​​​ទេ។ ​​​គេ​បាន​ប្រាប់​ខ្ញុំ​​​​​​ថា ខ្ញុំ​​​ត្រូវ​​​គេ​​​សើុប​​​អង្កេត​​​​​។ ការ​​​ងារ​​របស់​​​ខ្ញុំ​​​គឺ​ត្រូវ​​​គ្រប់​​​គ្រង​​​​​​ស្ថាន​​​ការ​​​ណ៍។ ខ្ញុំ​​​មិនបានធ្វើ​​​​រឿង​នេះទេ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​អ្វីខុស​​​​​​ច្បាប់ឡើយ​​​”។

ច្បាប់​​​អូស្ត្រាលី​​​​​ហាម​​​ឃាត់​​​ការ​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ទៅ​​​ឲ្យ​​​មន្ត្រី​​​បរទេស​​​ ឬ​​​តំណាង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​អាជីវកម្ម។

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​កម្ពុជា​​​​​​​ និង​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ឧស្សាហ​​​កម្ម​​​ ហិរញ្ញវត្ថុ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​ ដែល​​​​​​ដាក់កម្រិត​លើ​​​​ក្រុមហ៊ុន​​​ល្បែង​​​ក្នុង​​​ប្រទេស​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ដឹង​អំពី​​​​ករណី​​​នេះ​​​ទេ​​​ ហើយ​​​អាជ្ញាធរ​​​​​​អូស្ត្រាលី​​​​​​​​​ក៏មិន​​​​​​បាន​ទាក​​​់​​​ទងមក​​​ដែរ​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​សើុប​​​អង្កេត​​​របស់ខ្លួន​៕​សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស