41.3 C
Phnom Penh

​ជន​ជាតិ​ភាគតិច​ចារ៉ាយ​​​ត្រូវ​​​បាន​​​សម្លាប់​​​ចោល​​​​ដោយ​សារ​ខ្វះ​កន្លែង​ដាក់​អ្នក​ទោស​ថ្មី ឬ​កន្លែង​សម្រាប់​សន្តិសុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ខ្មែរ​ក្រហម​ម្នាក់​ទទួល​បន្ទុក​កត់​ត្រា​ការ​សាកសួរ​នៅ​មណ្ឌល​សន្តិសុខ​អូរកន្សែង ​​​ក្នុង​ខេត្ត​រតនគិរី​បាន​ផ្តល់សក្ខីកម្ម​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​កាលពី​ម្សិលមិញ ដោយ​ប្រាប់​​តុលា​ការ​ពី​វិធីដែល​មន្ត្រី​របប​នោះ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពន្ធនាគារ​ “ដោះស្រាយ​” ការ​ខ្វះ​កន្លែង​​​នៅ​មណ្ឌលនេះ​​​ ដោយ​ការ​សម្លាប់​អ្នក​ទោស​ជាច្រើន​នាក់​។

សាក្សី​រូប​នេះ​ដែល​តុលាការ​មិន​​បញ្ចេញ​ឈ្មោះ​ដើម្បី​ធានា​សុវត្ថិភាព​របស់​គាត់​ បាន​ផ្ដល់​សក្ខីកម្ម​តាម​រយៈ​វីដេអូ​ខន់​​​ហ្វឺរិន​ពី​ផ្ទះ​របស់​គាត់​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមាន​​​ជ័យ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​​​ទីតាំង​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម។

គាត់​បាន​ប្រាប់​​អង្គ​ជំនុំជម្រះ​ថា ដោយ​បាន​ចូល​រួម​ជាមួយ​ចលនា​កុម្មុយនីស្ត​ក្នុង​ឆ្នាំ​១៩៧០ ជា​ទាហាន​ម្នាក់​ គាត់​​​​បាន​​ធ្វើ​ជាអ្នក​​​គ្រប់​​​គ្រង​​​ម៉ាស៊ីនផ្សាយ​​​​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​​​​​ ក្នុង​ឆ្នាំ​១៩៧៧ គាត់​បាន​​ក្លាយ​ជា​កម្មា​​​ភិបាល​ម្នាក់​ក្នុង​ចំណោម​កម្មាភិបាល​ពីរ​នាក់​ឈរ​ជើង​នៅ​​អូរកន្សែង ដោយ​ធ្វើ​ការ​តាម​បញ្ជា​របស់​​ ឆោម សែ។

គាត់​បាន​ផ្ដល់​សក្ខីកម្មថា ជួន​កាល​អំឡុង​រដូវ​វស្សា​ក្នុង​ឆ្នាំ​១៩៧៧ ឬ​១៩៧៨ បុរស​ ស្ត្រី និង​កុមារ​ជនជាតិ​​ភាគ​តិច​ចារ៉ាយ​ជាង​១០០​នាក់​ត្រូវ​​បាន​បញ្ជូន​ទៅ​អូរកន្សែង ខណៈ​ដែល​ពន្ធនាគារ​នេះ​មិន​មាន​កន្លែង​គ្រប់គ្រាន់​ដើម្បី​ដាក់​អ្នក​ទោស​ថ្មី ឬ​សន្តិសុខ​​ដើម្បី​​ឃ្លាំមើល​ពួកគេ។

បញ្ហា​នេះ​​ត្រូវ​បាន​​រាយការណ៍​ទៅ​ តា សារឿន មេបញ្ជាការ​កង​ពល​ធំ​៨០១ ដែល​​មើល​ការ​ខុស​ត្រូវ​អូរ​កន្សែង​​នៅ​អង្គប្រជុំ​ដែល​​ចូល​រួម​ដោយ​សាក្សី​រូប​នេះ​។

សាក្សី​រូប​នេះ​បាន​និយាយ​ថា “​បន្ទាប់ពី​ឮ​ព័ត៌មាន​នេះ​ គាត់​បាន​សរុប​របាយការណ៍​ ហើយ​បាន​និយាយ​ថា ​’សូម​ដោះស្រាយទៅ’ ហើយ​យើង​យល់​ថា ឃ្លា​ថា​​ ‘ដោះស្រាយ’ មាន​ន័យ​ថា ‘សម្លាប់​ចោល​'”។

​បើ​ទោះ​ជា​សង្កត់​ធ្ងន់​ថា គាត់​មិន​ជាប់​ពាក់​ ព័ន្ធ​នឹង​ការ​សម្លាប់​នៅ​មណ្ឌល​នេះ​ក៏ដោយ ក៏​​​គាត់​បាន​និយាយ​ក្រោយ​មកថា គាត់​បាន​ជួប​​រណ្ដៅ​គ្រាប់​ដែល​ពេញដោយ​​សាកសព​​ត្រូវ​​គេ​សម្លាប់​ថ្មីៗ​មានក្លិន​ស្អុយ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​គាត់​ជឿ​ថា បញ្ជា​របស់​មេបញ្ជាការ​កង​ពល​​​ត្រូវ​បាន​អនុវត្ត​ហើយ​។

រឿង​េនះ​​ទំនង​ជា​បញ្ជាក់ពី​ការ​ផ្តល់​​​សក្ខីកម្ម​ដោយ​អតីត​អ្នក​ទោស​ពីរ​នាក់​កាលពី​ដើម​ខែ​នេះ ដែល​បាន​និយាយ​ពី​ការ​បាត់​ខ្លួន​ជន​ជាតិ​ភាគតិច​ចារ៉ាយ និង​ការ​រក​ឃើញ​រណ្ដៅ​​ជា​បន្ត​បន្ទាប់​ដែល​ធុំក្លិន​សាក​សព​ស្អុយ​រលួយ​។

សាក្សី​រូប​នេះ​ក៏​បាន​ពន្យល់​​ថា អ្នក​ទោស​រហូត​ដល់​២០០​នាក់​​ ភាគ​ច្រើន​ជា​​ទាហាន​ខ្មែរ​ក្រហម ប៉ុន្តែ​ក៏ជា​​សមាជិកក្រុម​​​ចម្ការ​កៅស៊ូ​ក្បែរ​​ដែរនោះ ត្រូវ​បាន​​​ទុក​នៅ​អូរ​កន្សែង ​​​​​​ដើម្បី​”រៀន​សូត្រ​ឡើង​វិញ​”។

គាត់​បាន​ពន្យល់​ថា តួនាទី​របស់​គាត់​គឺ​ត្រូវ​កត់​ត្រា​របាយការណ៍​ដែល​ពួកគេ​បាន​ធ្វើ ខណៈ​ពេល​ពួកគេ​ត្រូវ​បាន​សាកសួរ​ដោយ​ ឆោម សែ។ គាត់​បាន​និយាយ​ថា អ្នក​ដែល​មិន​ព្រម​ឆ្លើយ​សំណួរ ត្រូវបាន​យក​ខ្សែ​​​ភ្លើងឆក់​ ឬ​វាយ​នឹង​ដំបង​ជាដើម។

គាត់​បាន​និយាយ​ថា “​អ្នក​ទោស​ពីរ​បី​នាក់​បាន​និយាយ​ថា ពួកគេ​ជា​គិញ​​វៀតណាម ប៉ុន្តែ​ភាគ​ច្រើន​បាន​និយាយ​ថា ពួកគេ​ជា​ ភ្នាក់​​​ងារ​ CIA ឬ​ KGB”៕ សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស