អតីតមន្ត្រីខ្មែរក្រហមម្នាក់ទទួលបន្ទុកកត់ត្រាការសាកសួរនៅមណ្ឌលសន្តិសុខអូរកន្សែង ក្នុងខេត្តរតនគិរីបានផ្តល់សក្ខីកម្មដល់សាលាក្ដីខ្មែរក្រហមកាលពីម្សិលមិញ ដោយប្រាប់តុលាការពីវិធីដែលមន្ត្រីរបបនោះបានបញ្ជាឲ្យមន្ត្រីពន្ធនាគារ “ដោះស្រាយ” ការខ្វះកន្លែងនៅមណ្ឌលនេះ ដោយការសម្លាប់អ្នកទោសជាច្រើននាក់។
សាក្សីរូបនេះដែលតុលាការមិនបញ្ចេញឈ្មោះដើម្បីធានាសុវត្ថិភាពរបស់គាត់ បានផ្ដល់សក្ខីកម្មតាមរយៈវីដេអូខន់ហ្វឺរិនពីផ្ទះរបស់គាត់ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ជាទីតាំងមួយក្នុងចំណោមទីតាំងចុងក្រោយរបស់ខ្មែរក្រហម។
គាត់បានប្រាប់អង្គជំនុំជម្រះថា ដោយបានចូលរួមជាមួយចលនាកុម្មុយនីស្តក្នុងឆ្នាំ១៩៧០ ជាទាហានម្នាក់ គាត់បានធ្វើជាអ្នកគ្រប់គ្រងម៉ាស៊ីនផ្សាយក្នុងឆ្នាំ១៩៧៥ ហើយ ក្នុងឆ្នាំ១៩៧៧ គាត់បានក្លាយជាកម្មាភិបាលម្នាក់ក្នុងចំណោមកម្មាភិបាលពីរនាក់ឈរជើងនៅអូរកន្សែង ដោយធ្វើការតាមបញ្ជារបស់ ឆោម សែ។
គាត់បានផ្ដល់សក្ខីកម្មថា ជួនកាលអំឡុងរដូវវស្សាក្នុងឆ្នាំ១៩៧៧ ឬ១៩៧៨ បុរស ស្ត្រី និងកុមារជនជាតិភាគតិចចារ៉ាយជាង១០០នាក់ត្រូវបានបញ្ជូនទៅអូរកន្សែង ខណៈដែលពន្ធនាគារនេះមិនមានកន្លែងគ្រប់គ្រាន់ដើម្បីដាក់អ្នកទោសថ្មី ឬសន្តិសុខដើម្បីឃ្លាំមើលពួកគេ។
បញ្ហានេះត្រូវបានរាយការណ៍ទៅ តា សារឿន មេបញ្ជាការកងពលធំ៨០១ ដែលមើលការខុសត្រូវអូរកន្សែងនៅអង្គប្រជុំដែលចូលរួមដោយសាក្សីរូបនេះ។
សាក្សីរូបនេះបាននិយាយថា “បន្ទាប់ពីឮព័ត៌មាននេះ គាត់បានសរុបរបាយការណ៍ ហើយបាននិយាយថា ’សូមដោះស្រាយទៅ’ ហើយយើងយល់ថា ឃ្លាថា ‘ដោះស្រាយ’ មានន័យថា ‘សម្លាប់ចោល'”។
បើទោះជាសង្កត់ធ្ងន់ថា គាត់មិនជាប់ពាក់ ព័ន្ធនឹងការសម្លាប់នៅមណ្ឌលនេះក៏ដោយ ក៏គាត់បាននិយាយក្រោយមកថា គាត់បានជួបរណ្ដៅគ្រាប់ដែលពេញដោយសាកសពត្រូវគេសម្លាប់ថ្មីៗមានក្លិនស្អុយយ៉ាងខ្លាំង ធ្វើឲ្យគាត់ជឿថា បញ្ជារបស់មេបញ្ជាការកងពលត្រូវបានអនុវត្តហើយ។
រឿងេនះទំនងជាបញ្ជាក់ពីការផ្តល់សក្ខីកម្មដោយអតីតអ្នកទោសពីរនាក់កាលពីដើមខែនេះ ដែលបាននិយាយពីការបាត់ខ្លួនជនជាតិភាគតិចចារ៉ាយ និងការរកឃើញរណ្ដៅជាបន្តបន្ទាប់ដែលធុំក្លិនសាកសពស្អុយរលួយ។
សាក្សីរូបនេះក៏បានពន្យល់ថា អ្នកទោសរហូតដល់២០០នាក់ ភាគច្រើនជាទាហានខ្មែរក្រហម ប៉ុន្តែក៏ជាសមាជិកក្រុមចម្ការកៅស៊ូក្បែរដែរនោះ ត្រូវបានទុកនៅអូរកន្សែង ដើម្បី”រៀនសូត្រឡើងវិញ”។
គាត់បានពន្យល់ថា តួនាទីរបស់គាត់គឺត្រូវកត់ត្រារបាយការណ៍ដែលពួកគេបានធ្វើ ខណៈពេលពួកគេត្រូវបានសាកសួរដោយ ឆោម សែ។ គាត់បាននិយាយថា អ្នកដែលមិនព្រមឆ្លើយសំណួរ ត្រូវបានយកខ្សែភ្លើងឆក់ ឬវាយនឹងដំបងជាដើម។
គាត់បាននិយាយថា “អ្នកទោសពីរបីនាក់បាននិយាយថា ពួកគេជាគិញវៀតណាម ប៉ុន្តែភាគច្រើនបាននិយាយថា ពួកគេជា ភ្នាក់ងារ CIA ឬ KGB”៕ សារុន