ប័ណ្ណសារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូស​​​​​​បញ្ជាក់​​​ថា មិន​ត្រូវ​ការ​ “មន្ត្រី​​​​​​មុខ​ថ្មី​” នៅ​ក្នុង​​ជួរ​គណៈរដ្ឋមន្ត្រី​

By

March 22, 2016

កាលពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​វាយ​បក​​​​ទៅ​​​លើ​​​អ្នក​ដែល​​​​​រិះ​គន់​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​កាលពី​ពេល​ថ្មីៗ​​​នេះ​​​​​​​ចំពោះ​​​​​​ការ​​​​​​​​គ្មាន​​​​​​​​​សេចក្តី​​​​​​ក្លាហាន​​​គ្រប់គ្រាន់​ ហើយ​​​បាន​​​​​​​ចោទ​ក្រុម​​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​​ថា “​មុខ​​​ដដែលៗ” ខ្លួន​​​​​​​​ឯង។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ក្រសួង​ចំនួន​ប្រាំបី​នឹង​​ប្ដូរ​ដៃ​គ្នា​ ប៉ុន្តែ​ខណៈ​ចំណាត់​ការ​នេះ​ត្រូវ​បាន​ចាត់​ទុក​​ជា​វិធី​មួយ​​ដើម្បីធ្វើ​​​​​​ឲ្យ​​​​​​​ស្ថាប័ន​រដ្ឋ​ដែល​គ្មាន​ប្រសិទ្ធភាព​​​​​​ក្លាយ​​​ជា​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ឡើង​​​​​​​​​​​​វិញ​​​ អ្នក​សង្កេត​ការណ៍​ និង​ឥស្សរជនគណ​​​​បក្ស​​​​ប្រឆាំង​មួយ​ចំនួន​បញ្ជាក់​​​​ថា មន្ត្រី​ជាច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​គ្រាន់​តែប្ដូរ​កន្លែង​​​គ្នា​  ហើយ​​​​​​រក្សា​តំណែង​រដ្ឋមន្ត្រី​​​​​​ដដែល​ប៉ុណ្ណោះ​។

​នៅ​ឯ​​​សន្និសីទ​ស្ដីពី​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​​​​​កាល​​​ពី​​​​​​ម្សិល​​​មិញ លោក ហ៊ុន សែន ​បាន​រិះគន់​ឥរិយាបថ​នេះ​ថាខ្វះ​ការ​គិត​គូរ​វែង​ឆ្ងាយ​។ ​​​លោក​មាន​ប្រសាសន៍​​ថា “ខ្ញុំ​សុំ​​ផ្ញើ​​សារ​​​ទៅ​​​អ្នក​​​​ធ្វើ​​អត្ថា​ធិប្បាយ​​​​​ខ្លះ​ដែល​និយាយ​​ថា​​​មុខ​ដដែលៗ។ ខ្ញុំ​គ្រាន់​តែ​​ផ្តាំ​​​​​ទៅ​អ្នក​ អ្នក​​ក៏​មុខ​ដដែលៗ​​​ដែរ​អា​អ្នក​និយាយ​​ណុង។ ម៉េច​ក៏​ចាំ​បាច់​​ថា​គេ​មុខ​​ដដែលៗ​? ឱ្យ​គ្នា​​​​យក​មុខ​​ទៅ​​​​​ទុក​​នៅ​​​​​ឯណា ​បើ​មុខ​​វា​នៅ​​ហ្នឹង ​​ហើ​​យ​លោក​​​ឯង​​អា​​អ្នក​និយាយ​​ហ្នឹង​ អាខ្លះ​​ប្រឆាំង​ មេបក្ស​​​​ប្រឆាំង​​​ស្អី​ហ្នឹង​​ វា​​ក៏​មុខ​​​ដដែល​ហ្នឹង ​វា​​​និយាយ​​​ហ្អាស អ្នក​​​ធ្វើ​អត្ថា​​ធិប្បាយ​ហ្នឹង​​ក៏​មុខ​​ដដែល​ ​វា​និយាយ​​ដដែល​ ​វា​តែ​​ប៉ុណ្ណឹង ​ឱ្យ​គ្នា​​​យក​មុខ​​​ទៅ​ណា​​​​វេះ ​មាន​តែ​កាត់​ក​​​ប្តូរ​​​មុខ”។

លោកបន្ត​អះអាង​ថា ការ​​ជំនួស​រដ្ឋមន្ត្រី​ជា​ប្រចាំ​​មិន​សំខាន់​ដូច​ការ​ធានាថា មន្ត្រី​ដែល​​​​​​​​មាន​​​​​​​​​​ស្រាប់​ដឹងពី​​​​​​​​​របៀប​​​​​​បញ្ចូល​គំនិត​ថ្មីៗ​ និង​កំណែទម្រង់​​​​​​ទេ​​​​។ លោក​​​​​​​​​បាន​លើក​​​​​​ឡើង​​​ថា ​ប្រទេស​កម្ពុជា សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​​រឹង​មាំ​ក្នុង​រយៈ​ពេល​ជាង​​​​​​១០​ឆ្នាំ​​មក​នេះ​ក្រោម​​​ការ​​​​ដឹកនាំ​របស់​មន្ត្រី​ដដែល​ជាច្រើន​​​​​​​រូប​​​​​​ដែល​បន្ត​​​​​​​ដឹក​​នាំ​​​​រដ្ឋាភិបាល​សព្វថ្ងៃ។

​លោក​​​​​​​​​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​​​​ថា “បើ​សិន​​​មនុស្ស​មិន​កែ​ប្រែ​ទេ សួរ​ថាតើ​មាន​​​​កំណើន​​សេដ្ឋ​កិច្ច​​​​នេះ​អត់? ពេល​ខ្លះ​មនុស្ស​ចាស់ ​ប៉ុន្តែ​​​​គំនិត​​ពួក​គេ​​​​​​ថ្មី។ ទោះ​បីពួក​គេ​​​​​​វ័យ ៨០ ឆ្នាំ​​​ក៏​​ដោយ​​ ក៏​ពួកគេ​នៅ​តែ​​​ជា​​​យុវជន​​​ដែរ។ តើ​កំណើន​​នេះ​​​សម្រេច​បាន​​​ដោយ​​មនុស្ស​​​ថ្មី ឬ​មនុស្ស​​ចាស់ដែល​មាន​គំនិត​​​​ថ្មី​?”។

លោក អ៊ូ វីរៈ អ្នក​​​​វិភាគ​នយោបាយ​​​ដែល​បាន​​​​​រិះគន់​ការ​រុះរើ​តំណែង ”​​​មន្ត្រីមុខ​ដដែលៗ” កាលពី​សប្ដាហ៍​មុន​​ បាន​ចោទ​សួរ​ហេតុផល​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ លោក​លើក​ឡើង​​​​ថា “ខ្ញុំ​គិត​ថា បើ​គាត់​ពិត​ជា​មិន​ខ្វល់​ចំពោះ​​​មុខ​ដដែល​ៗ ប៉ុន្តែ​ខ្វល់​ចំពោះ​សមត្ថភាព​ធ្វើ​ការ និង​ផ្លាស់ប្ដូរ​​របៀប​​​ធ្វើការ​​​​​​មែន​នោះ​ ហេតុ​អី​ក៏​​​គាត់​រុះរើ​គណៈរដ្ឋមន្ត្រី​​? ​ឧទាហរណ៍ ​ពាក់​​​​​​​​ព័ន្ធ​​​​​​​​​​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ហេតុអី​​​​​​មិន​ទុកឲ្យ​​​​គាត់​​​នៅ​​​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ហើយ​​គ្រាន់​​​​​​​​តែ​​​សុំ​​ឲ្យ​គាត់​ផ្លាស់​ប្ដូរ​របៀប​ធ្វើ​ការ​ទៅ​​?”។

លោក ហ៊ុន សែន បាន​​​លើក​​​​​​ឡើង​​​​​​​​ការ​​​គំរាម​រុះរើ​​​លើក​​​​​​​​​ដំបូង​​​កាលពី​ខែ​មុន ​ដែល​​​​​​​​​​លោក​​​​បាន​​​​​​​​​​​​ឆ្លៀត​​​​​​ឱកាស​​​​​​​​​ក្នុង​​​​​​ពិធី​​​​​​​​​ថ្លែង​សុន្ទរក​ថា​​​​សាធារណៈ​ដើម្បី​រិះគន់​លោក អ៊ុក រ៉ាបុ៊ន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​លោក​ ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ដោយចាត់​​​​​​​​​​​​ទុក​​​​​​​​​​ក្រសួង​របស់​​លោក​​​​​ទាំង​​​ពីរ​​​​ថា “​ស្ទក់​ខ្លាំង” ហើយ​​​​​​​ បាន​​​​ផ្ដល់​ចំណាត់​ថ្នាក់​ F (ធ្លាក់​​​) សម្រាប់​លទ្ធផល​​​​​​ការ​ងារ​អន់​។

លោក​បាន​​មាន​ប្រសាសន៍នៅ​ពេល​នោះ​​​​

ថា “​ថ្ងៃ​នេះ​ ពេល​ខ្ញុំ​កំពុងទទួល​ទាន​​​​បាយ​​​ថ្ងៃ​​ត្រង់ ​​​​ខ្ញុំ​បាន​ដាក់​ចំណាត់​ថ្នាក់​ក្រសួង​ពី A B C ដល់ ​​F ហើយ F គឺ​សម្រាប់​​​​​​ក្រសួង​សាធារណ​ការ​ ព្រម​​​​​​​​​ទាំង​​​​​​លោក អ៊ុក ​រ៉ាប៊ុន។ ​ក្រសួង​កសិ​កម្ម​ឈាន​​ដល់​ចំណាត់​ថ្នាក់ F គឺ​ស្ទក់​ខ្លាំង​”។

ប៉ុន្តែ​​​ថ្វីបើ​រដ្ឋមន្ត្រី​ទាំង​ពីរ​ទទួល​បាន​ចំណាត់​​​​ថ្នាក់​ធ្លាក់​ក្ដី ក៏​ពេល​នេះ​លោក អ៊ុក​ រ៉ាប៊ុន ​ទទួល​បាន​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​​​​​​ទៅ​​​ហើយ ចំណែកឯ​លោក ត្រាំ អុីវតឹក នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ទូរ​គ​មនាគមន៍។

​កាលពី​ម្សិលមិញ លោក ហ៊ុន សែន ក៏​​​​បាន​​​​​​​​​បង្ហើប​​​ឲ្យ​​​​​​ដឹង​​​​​​​​​​​​​ដែរ​ថា លោក​​បាន​​តាម​ដាន​យ៉ាង​​​​យក​ចិត្ត​ទុកដាក់​ចំពោះ​​​​​​​យុទ្ធ​​​នាការ​​​​​​ឃោស​​នា​​​​​​​​​​​​​​​​​​​​​​បោះ​​ឆ្នោត​ដ៏​​​​​​​ក្ដៅ​គគុក​​​​​​​​​​ក្នុង​​​ការ​​​ប្រជែង​​​យក​​​តំណែង​ប្រធានា​​​​​​ធិបតី​សហរដ្ឋ​អាមេរិក​​នៅ​ឆ្នាំ​នេះ​ ដោយ​គូស​​​​​បញ្ជាក់​ថា យុទ្ធនាការ​នេះ​មិន​​​ធម្មតា​​​​ឡើយ​​​​​​​​​ដោយ​​​​​សារ​ការ​ដាក់​បញ្ចូល​មហា​​សេដ្ឋី​អចល​​ន​ទ្រព្យ ដូណាល់ ត្រាំ ដែល​កម្ម​វិធី​​នយោបាយ​​សេដ្ឋកិច្ច​​​​​ប្រជា​​​​​​និយមរបស់​​​លោក និង​ការ​ប្រឆាំង​របស់​លោក​ចំពោះ​​​​​​​​​អន្តោ​​​ប្រវេសន៍​​​ទាំង​ក្រុមៗ មាន​ប្រជាប្រិ​យ​ភាព​​នឹកស្មាន​មិន​​​​​​ដល់​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​​សាធារណ​រដ្ឋ​ជាច្រើន​។

លោក​​​​​​​​លើក​​​ឡើង​​​​​ថា “​បើ​លោក ត្រាំ​ ឈ្នះ​​​​ឆ្នោត​នៅ​អាមេរិក មិន​​​ដឹង​ថា​​​សភាព​​​​​​​​​ការណ៍​​​ទៅ​ជាយ៉ាង​​​ម៉េច​​​​ទេ។ ឥឡូវ​​​​​​សូម្បី​​​​​​​​​ក្នុង​គណបក្ស​​​​សាធារណរដ្ឋ​​ចេញ​​​​ទប់ស្កាត់​​​កុំ​​​ឲ្យ​​​​​​​​​​លោក ត្រាំ ឈ្នះ​​ឆ្នោត​។ ណុង​​​​​​​​​របៀប​​​​​​ថ្មី​របស់​លោក ត្រាំ នៅ​អាមេរិក”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​​ធ្វើ​ការ​កត់​សម្គាល់​​​​ថា បេក្ខភាព​​របស់​លោក ដូណាល់ ត្រាំ បាន​នាំឲ្យ​ការ​តវ៉ា​ខាង​នយោបាយកើន​​​​​​ឡើង​​​​​​​នៅ​សហរដ្ឋអាមេរិក​។ ”​​​ឃោសនា​បោះ​ឆ្នោត​លើក​​​​​​​​​នេះ​​​​​​​​មាន​បញ្ហា​ អា​បិទ​ផ្លូវក៏​​​មាន ​​​អានិយាយ​​​​​​អាក្រក់ៗក៏​​​មាន​​។ អាណុង​​​​​​ផ្លាស់​ប្ដូរ​ថ្មី​ផោះ​គេ”៕ ​​សុខុម​​​