យោងតាមលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានឲ្យដឹងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានដាក់ពាក្យបណ្តឹងសាជាថ្មីនៅក្នុងប្រទេសបារាំងប្តឹងរូបលោកទាក់ទិននឹងការបង្ហោះសារតាមទំព័រហ្វេសប៊ុកមួយដែលលើកឡើងម្តងទៀតអំពីការអះអាងដែលថា លោក ហោ ណាំហុង គ្រប់គ្រងមន្ទីរឃុំឃាំងមួយនៅសម័យខ្មែរក្រហម។
បណ្តឹងនេះធ្វើឡើង ជាង៧ឆ្នាំបន្ទាប់ពីលោក ហោ ណាំហុង បានឈ្នះរឿងក្តីមួយនៅក្នុងតុលាការក្រុងបារីសជុំវិញការអះអាងស្ទើរតែដូចគ្នា តែសេចក្តីសម្រេចដាក់បន្ទុកលើលោក សម រង្ស៊ី នេះ ក្រោយមកត្រូវតុលាការជាន់ខ្ពស់នៅប្រទេសបារាំងដកវិញ។
ដីកាកោះច្បាប់ចម្លងមួយច្បាប់របស់តុលាការដែលផ្តល់ដោយលោក សម រង្ស៊ី បានបង្គាប់ឲ្យលោកចូលរួមសវនាការមួយនៅថ្ងៃទី៧ ខែមីនា ទាក់ទិននឹងសំណុំរឿងនេះ។
ដីកាកោះច្បាប់ចម្លងនេះមានខ្លឹមសារដូច្នេះថា “អ្នកតម្រូវឲ្យរាយការណ៍ទៅកាន់សាលាក្តីដោយផ្ទាល់ ឬតារមរយៈតំណាងផ្លូវច្បាប់។ ប្រសិនបើអ្នកមិនបានបង្ហាញខ្លួនទេនោះសវនាការនឹងបន្តដោយគ្មានវត្តមានរបស់អ្នក”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានលើកឡើងថា មេធាវីតំណាងរូបលោក និងមេធាវីតំណាងលោក ហោ ណាំហុង បានចូលរួមសវនាការនេះ ហើយថា សវនាការមួយទៀតគ្រោងនឹងធ្វើឡើងនៅខែឧសភា។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈអីុម៉េលមួយថា “បណ្តឹងថ្មីនេះជាប់ពាក់ព័ន្ធនឹងការបង្ហោះសារតាមទំព័រហ្វេសប៊ុករបស់ខ្ញុំកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ផ្នែក ថ្មីនេះ គឺសារទូរលេខពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា”។
លោក ការ សាវុធ មេធាវីតំណាងរបស់លោក ហោ ណាំហុង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ចៅក្រមបារាំងដែលដោះស្រាយសំណុំរឿងនេះបានលើកឡើងថា ខ្លួនមិនអាចផ្តល់ព័ត៌មានលម្អិតបានទេភ្លាមៗនេះ។
សារដែលកំពុងមានបញ្ហានេះ បង្ហោះបន្ទាប់ពីលោក ហោ ណាំហុង អំពាវនាវឲ្យលោក សម រង្ស៊ី ធ្វើការសូមអភ័យទោសចំពោះការអះអាងដែលធ្វើឲ្យលោក ហោ ណាំហុង បានដាក់ពាក្យបណ្តឹងកាលពីឆ្នាំ២០០៨នៅកម្ពុជា។ សាលក្រមផ្តន្ទាទោសនៅក្នុងសំណុំរឿងនោះមិនមានការអនុវត្តទេ រហូតដល់ខែវិច្ឆិកាឆ្នាំមុន ជាពេលដែលសាលាដំបូងរាជធានីបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ដែលឥឡូវកំពុងរស់នៅក្នុងលក្ខណៈនិរទេសខ្លួនដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
លោក សម រង្ស៊ី បានសរសេរនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកនោះថា “គឺលោក ហោ ណាំហុង ទេដែលជាអ្នកគួរសូមអភ័យទោសដល់ព្រលឹង និងគ្រួសារជនរងគ្រោះដែលខ្មែរក្រហមបានសម្លាប់ចោលនៅមន្ទីរឃុំឃាំងបឹងត្របែក នាចុងទសវត្សរ៍ឆ្នាំ១៩៧០ ព្រោះគាត់ជាមន្ត្រីមន្ទីរឃុំឃាំង និងជាអ្នករាយការណ៍ប្រាប់អ្នកធ្វើទារុណកម្ម និងពេជ្ឈឃាត”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានបន្តដកស្រង់សារទូរលេខពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញដែលបញ្ចេញជាសាធារណៈដោយគេហទំព័រ វីគីលិក (Wikileaks) ជាក្រុមប្រឆាំងភាពសម្ងាត់កាលពីឆ្នាំ២០១១។
សម្រង់ចេញពីសារទូរលេខនេះមានខ្លឹមសារដូច្នេះថា “លោក ហោ ណាំហុង បានវិល ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីខ្មែរក្រហមបានវាយដណ្តើមយកអំណាចមកគ្រប់គ្រង ប៉ុន្តែ គាត់មិនត្រូវបានសម្លាប់ទេ ព្រោះគាត់ជាមិត្តរួមថ្នាក់របស់អៀង សារី ។គាត់បានក្លាយជាប្រធានមន្ទីរឃុំឃាំងបឹងត្របែក ហើយគាត់ និងភរិយាបានចូលដៃនៅក្នុងការសម្លាប់អ្នកទោសជាច្រើននាក់”។
មិនយូរប៉ុន្មានបន្ទាប់ពីលោក សម រង្ស៊ី បានដកស្រង់សារទូរលេខយកទៅបង្ហោះរួច លោក ហោ ណាំហុង បានបង្ហោះការឆ្លើយឆ្លងគ្នារវាងលោកជាមួយលោកស្រី ហុីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលនោះ ដោយចោទសួរអំពីសុចរិតភាពនៃសេចក្តីថ្លែងការណ៍នៅក្នុងសារទូរលេខនេះដែលលោកចាត់ទុកថា ជា “ដីកាបញ្ជូនរឿងទៅជំនុំជម្រះពាក់ព័ន្ធការបរិហារកេរ្តិ៍”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Aisha Down)